កំពង់ស្ពឺៈ មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​រោងចក្រ លីវតាន នៅ​ចំណុច​ភូមិ​ព្រៃកេះ ឃុំ​ព្រៃវិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ នៅ​វេលា​ម៉ោង ៤ និង ២០ នាទី ព្រឹក​ថ្ងៃទី ៣០ កញ្ញា​នេះ បណ្តាល​ឱ្យ​ឆេះ​ខូចខាត​អគារ ១ ខ្នង ទំហំ ៩៥ ម x៥៤ ម ធ្វើ​អំពី​ដែក​ប្រក់​សង្គ័សី។​

​ក្រៅពីនេះ​ក៏បាន​បណ្តាលឱ្យ​ឆេះ​ម៉ាស៊ីនដេរ​ចំនួន ៣០០ គ្រឿង និង​ឆេះ​សម្ភារ​ជាច្រើន​ទៀត ដែល​មិនទាន់​ដឹង​ពី​ចំនួន​ច្បាស់លាស់ ខណៈ​សមត្ថកិច្ច កំពុង​បន្ត​សាកសួរ​ម្ចាស់​រោងចក្រ​នេះ និង​កំពុង​ធ្វើការ​ស៊ើបអង្កេត​អំពី​មូលហេតុ​នៃ​ការឆេះ​នេះ។​

​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គ្រោះ​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​រួម ៦២ នាក់ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១១ គ្រឿង ក្នុង​នោះ​មាន​កម្លាំង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ចំនួន ៩ នាក់ រថយន្ត​ចំនួន ២ គ្រឿង កម្លាំង​កងពល​តូចលេខ ៧០ ចំនួន ១៧ នាក់ រថយន្ត​ចំនួន ៥ គ្រឿង។​

​ក្រៅពីនេះ មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ១៨ នាក់ រថយន្ត​ចំនួន ១ គ្រឿង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ ៦ នាក់ រថយន្ត​ចំនួន ១ គ្រឿង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំងកក់ ខេត្តតាកែវ ចំនួន ៦ នាក់​រថយន្ត​ចំនួន ១ គ្រឿង​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ខេត្ត​តាកែវ ៦ នាក់​រថយន្ត​ចំនួន ១ គ្រឿង៕​