
រូបថត អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានរកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ៩៥៥ កញ្ចប់ ដែលដាក់លក់ក្នុងភូមិសាស្ត្រ ខេត្តតាកែវ ដែលបន្លំម៉ាក បំពានទៅនឹងកម្មសិទ្ធិបញ្ញា របស់ម្ចាស់ដើម។
អគ្គនាយកដ្ឋានបន្តថា នៅថ្ងៃទី ២៩ កញ្ញាម្សិលមិញនេះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបផលិតផលរំលោភសិទ្ធិផ្ដាច់មុខ របស់ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្ត្រ ខេត្តតាកែវ។
ក្នុងប្រតិបត្តិការនេះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួន ២ កេសធំ ស្មើនឹង ៩៥៥ កញ្ចប់ ដែលបានដាក់តាំងលក់ នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះលក់ទំនិញ។
ក្រោយពីមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដករួចហើយ ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំង ដែលបានដាក់តាំងលក់ផលិតផលបារីនេះ ក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
ការចុះដកហូតនេះ ត្រូវបានធ្វើឡើង ក្រោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចរាចរបារីក្លែងក្លាយ ក្លែងបន្លំម៉ាក នៅកម្ពុជា កាលពីថ្ងៃទី ៨ ខែកញ្ញា។
យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ៨ កញ្ញា ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប. តែងតែទទួលបានពាក្យបណ្ដឹង ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ ក្លែងបន្លំម៉ាក ដែលប្រព្រឹត្តដោយ បុគ្គលមួយចំនួន ដែលបាន និងកំពុងធ្វើចរាចរចែកចាយនៅកម្ពុជា។
លោក ផាន អូន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានលើកឡើងថា ការចុះដកហូតបារីនៅខេត្តតាកែវខាងលើ គឺជាករណីបន្លំម៉ាក ដែលបំពានទៅនឹងកម្មសិទ្ធិបញ្ញា របស់ម្ចាស់ដើម។
លោកថ្លែងដូច្នេះថា៖ «ម្ចាស់ដើមគេជឿជាក់ ហើយគេដាក់បណ្តឹង។ ដូច្នេះ! យើងត្រូវចាត់វិធានការរឹបអូស ដកហូតនៅកន្លែងលក់ដូរណាដែលមានកំណត់ជាគោលដៅជាក់លាក់ ពីម្ចាស់ម៉ាកផលិតផល»។ លោកបន្តថា ការចែកចាយលក់ផលិតផលក្លែងក្លាយ និងក្លែងបន្លំម៉ាក នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត វិនិយោគិន និងបាត់ចំណូលពន្ធរបស់រដ្ឋ។
ដើម្បីចូលរួមទប់ស្កាត់អំពើល្មើសច្បាប់ពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ក្លែងក្លាយ ក្លែងបន្លំម៉ាក ដែលបន្តកើតមាន អគ្គនាយកដ្ឋាន ក.ប.ប អំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ អ្នកចែកចាយផលិតផលថ្នាំជក់ មេត្តាអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ដែលកំពុងមានជាធរមាន។ ក្នុងករណីរកឃើញជនណា ដែលល្មើសនឹងច្បាប់ ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនមានការលើកលែង៕