
ស្ទឹងត្រែងៈ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែងបានប្រកាសជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានត្រៀមលក្ខណៈឆ្លើយតបគ្រោះទឹកជំនន់ក្នុងមូលដ្ឋាន និងប្រាប់ដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ក្នុងមូលដ្ឋានខ្លួនរស់នៅ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែងថ្ងៃទី ៣០ ខែកញ្ញានេះបានឱ្យដឹងថា ស្ថានភាពការហក់ឡើងយ៉ាងលឿននៃកម្ពស់ទឹកទន្លេមេគង្គ ទន្លេកុង និងទន្លេសាន ក្នុងរយៈពេល ២ ថ្ងៃនេះ អាចឈានទៅបង្កឱ្យមានគ្រោះទឹកជំនន់ ប៉ះពាល់ ដល់មូលដ្ឋានមួយចំនួននៅក្នុងឃុំ សង្កាត់ និងក្រុង ស្រុក។
ដើម្បីធានាការត្រៀមលក្ខណៈ ដើម្បីឆ្លើយតប អន្តរាគមន៍បានជាមុន និងបញ្ចៀសបានការប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះមហន្តរាយទឹកជំនន់នេះ សូមអាជ្ញាធរ មូលដ្ឋានគ្រប់ថ្នាក់ ផ្នែកមានសមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងតំបន់ងាយរងគ្រោះ មេត្តាត្រៀមឱ្យបានរួចរាល់ នូវមធ្យោបាយ ធនធាន ទីតាំងមានសុវត្ថិភាព និងផែនការជាក់ស្តែង ក្នុងកិច្ចប្រតិបត្តិការដោះស្រាយ អន្តរាគមន៍ សង្គ្រោះបន្ទាន់ ជូនគ្រួសារប្រជាជនដែលរងផលប៉ះពាល់។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែងបានលើកឡើងទៀតថា ទន្ទឹមនេះ សូមប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រកបមុខរបរតាមដងទន្លេ និងទីតាំងមូលដ្ឋាន ងាយរងគ្រោះ មានការប្រុងប្រយ័ត្នខ្ពស់ តាមដានជាប់អំពីស្ថានភាពទឹកជំនន់ ភ្ជាប់ជាប់ការជូនដំណឹង របស់អាជ្ញាធរមូលដ្ឋាន មានកិច្ចសហការល្អ និងផ្តល់ព័ត៌មាន ទំនាក់ទំនងបន្ទាន់ទៅអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងគោលដៅរួមគ្នាបង្ការឆ្លើយតប និងកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ ព្រមទាំងការពារសុវត្ថិភាព អាយុជីវិតប្រជាជន ការខូចខាត បាត់បង់ទ្រព្យសម្បត្តិឯកជន និងសាធារណៈឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។
គណៈកម្មាធិការនេះបញ្ជាក់ថា៖«ក្នុងករណីចាំបាច់ សូមធ្វើការជម្លៀសទៅកាន់ទីទួលផុតពីទឹកជំនន់ និងមានសុវត្ថិភាព ដែលនៅជិតលំនៅឋានរបស់ខ្លួន ពិសេសទីទួលដែលអាជ្ញាធរមូលដ្ឋានបានត្រៀមបម្រុងទុកសម្រាប់អន្តរាគមន៍»។
ការប្រកាសរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែងនេះធ្វើឡើងដោយយោងតាមសេចក្តីជូនដំណឹងលេខ ១២១ សជណ.ធទី2 ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ៕