
រូបថត ក្រសួងប្រៃសណីយ៍
កែបៈ មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នក ពាក់ព័ន្ធបានចុះទៅពិនិត្យទីតាំងចំនួន ៣ នៅក្នុងខេត្តកែបរួមមានតំបន់សហគមន៍ទេសចរណ៍កោះទន្សោយ ឧទ្យានជាតិកែប និង តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងគោលដៅទេសចរណ៍អាទិភាពផ្សេងទៀត ដើម្បីសិក្សាស្វែងយល់ និងកំណត់ទីតាំង សម្រាប់ដំឡើងអង់តែនទូរសព្ទនៅទីតាំងចំនួន ៣។ នេះបើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រសួងនេះបានឱ្យដឹងនៅថ្ងៃទី ៣០ ខែកញ្ញាថា លោក ជា មានិត រដ្ឋលេខាធិការ និង ឯកឧត្តម លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ ២០២២ បានដឹកនាំសម្របសម្រួលក្រុមការងារអន្តរក្រសួងជាមួយនឹងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្តល់សេវាបង្គោលអង់តែន និងប្រតិបត្តិករផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍ ចុះសិក្សា និងកំណត់ទីតាំងសាងសង់ស្ថានីយអង់តែន នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍នៃតំបន់ទាំង ៣ នេះ។
ការចុះទៅនេះគឺអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្របតាមយន្ដការរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទាំង ៥ តំបន់កាលពីខែឧសភា ឆ្នាំ ២០២១ កន្លងមក៕