The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល តម្រូវឱ្យ​គ្រប់​មន្ទីរចូលរួម​គ្រប់​វេទិកា ដើម្បី​ដោះស្រាយ​និង​បំភ្លឺ​បញ្ហា​ជូន​ពលរដ្ឋ​

ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល តម្រូវឱ្យ​គ្រប់​មន្ទីរចូលរួម​គ្រប់​វេទិកា ដើម្បី​ដោះស្រាយ​និង​បំភ្លឺ​បញ្ហា​ជូន​ពលរដ្ឋ​

Content image - Phnom Penh Post
មន្ត្រីពីមន្ទីរ និងអង្គភាពពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃទី ៣០ កញ្ញា។ រូបថត រដ្ឋបាលខេត្តកណ្តាល

ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល តម្រូវឱ្យ​គ្រប់​មន្ទីរចូលរួម​គ្រប់​វេទិកា ដើម្បី​ដោះស្រាយ​និង​បំភ្លឺ​បញ្ហា​ជូន​ពលរដ្ឋ​

កណ្តាលៈ លោក ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្ដាល បាន​តម្រូវឱ្យ​គ្រប់​បណ្ដា​មន្ទីរ​ជុំវិញ​ខេត្ត ត្រូវតែទៅ​ចូលរួម​គ្រប់​វេទិកា​ទាំងអស់ នៅតាម​មូលដ្ឋាន ដើម្បី​ចូលរួម​ស្រាយ​បំភ្លឺ​លើ​បញ្ហា​ដែល​លើកឡើង ក្នុង​វេទិកា​ពី​សំណាក់​ប្រជាពលរដ្ឋ ឱ្យបាន​កាន់តែ​ច្បាស់លាស់ និង​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក ម៉ៅ ភិ​រុណ បាន​ថ្លែង​ជំរុញ​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ស្ដីពី ការងារ​ត្រៀម​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​៤ អាណត្តិ​ទី​៣ ឆ្នាំ​ ២០២២ នៅតាម​បណ្តា ក្រុង​-​ស្រុក​ទាំង​ ១១ នៅ​ព្រឹក​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២២​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​ណែនាំ​ដល់​ក្រុមការងារ រៀបចំ​វេទិកា ត្រូវ​ត្រៀម​របៀបវារៈ​ឱ្យបាន​គ្រប់​ជ្រុ​យ​ជ្រោយ ត្រូវ​សង្ខេប​របាយការណ៍​ដែល​ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ខ្លី ដើម្បី​ទុកពេល​វេលា​ដល់​ប្រជាពលរដ្ឋ​ឡើង​សំណូមពរ លើកឡើង​ពី​បញ្ហា​ប្រឈម​បាន​ច្រើន ជាពិសេស​ត្រូវ​ចេះ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ឱ្យ​ឡើង​មានមតិ​យោបល់ លើកឡើង​អំពី​បញ្ហា​ប្រឈម​នានា​ឱ្យបាន​ច្រើន ហើយ​ត្រូវ​ស្រង់​យក​បញ្ហា​ទាំងអស់នោះ យកមក​ពិភាក្សា​ដោះស្រាយ​ឱ្យបាន​ភ្លាមៗ​។​

​ក្នុងករណី​លើសពី​ដែន​សមត្ថកិច្ច​របស់ខ្លួន ត្រូវ​បន្ត​យកមក​ពិនិត្យ​ពិភាក្សា​ដោះស្រាយ​នៅ​ថ្នាក់​ខេត្ត ឬ ថ្នាក់ជាតិ​បន្តទៀត​មិនត្រូវ​ទុកចោល​ឡើយ​។​

​បន្ថែម​ពីលើ​នេះ លោក ម៉ៅ ភិ​រុណ ក៏បាន​ជំរុញ ដល់​អភិបាលរង​ខេត្ត និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ទាំងអស់​ដែល​ត្រូវ​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​តាម​បណ្ដា​ក្រុង​-​ស្រុក​ដែល​បាន​បែងចែក ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់ ត្រូវមាន​របាយការណ៍ និង​កត់ត្រា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឱ្យអស់ ត្រូវ​ឡើង​ឆ្លើយបំភ្លឺ​រាល់​សំណូមពរ ដែល​លើកឡើង​ក្នុង​វេទិកា​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​ជូន​ពួកគាត់​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។​

​បើតាម​រដ្ឋបាល​ខេត្តកណ្តាល ក្រុមប្រឹក្សា​ខេត្តកណ្ដាល នឹង​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៤ អាណត្តិ​ទី​៣ ឆ្នាំ​ ២០២២ នៅតាម​បណ្ដា​ក្រុង​-​ស្រុក​ទាំង​ ១១ គឺ​ចាប់ពី​ថ្ងៃទី​ ៤ ខែតុលា ឆ្នាំ​ ២០២២ រហូតដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ដោយ​ក្នុង​មួយ​វេទិកា​តម្រូវឱ្យមាន ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងតិចណាស់ ៥០០​ នាក់ ហើយ​ប្រជាពលរដ្ឋ​អាច​លើកឡើង​រាល់​បញ្ហា​ប្រឈម​និង​សំណូមពរ​នានា​បាន​ទាំងអស់​ដោយ​សេរី ប្រកបដោយ​តម្លាភាព មិនមាន​ការបង្ខិតបង្ខំ ឬ​គំរាមកំហែង​អ្វី​ឡើយ​៕

អត្ថបទគួរចាប់អារម្មណ៍