
មណ្ឌលគិរីៈ អភិបាលខេត្តស្ដីទីខេត្តមណ្ឌលគិរី លោក នួន សារ៉ន បានឱ្យដឹងថា គណៈកម្មការជំនាញនៃខេត្តទាំងពីរមណ្ឌលគិរី និងដាក់ឡាក់ ប្រទេសវៀតណាម បានរកឃើញអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ចំនួន ៦៩៧ អដ្ឋិធាតុ និងបានបញ្ជូនទៅប្រទេសកំណើតវិញរួចហើយ។
លោកអភិបាលខេត្តស្តីទីខេត្តមណ្ឌលគិរី បានឱ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មការជំនាញខេត្តមណ្ឌលគិរី កម្ពុជា និងខេត្តដាក់ឡាក់ ប្រទេសវៀតណាម ពីការអនុវត្តការងារ ជីកគាស់រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមលើទឹកដីខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី ២៩ ខែកញ្ញា។
បើតាមមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីដែលបានដកស្រង់សម្តីលោក លោក នួន សារ៉ន បានឱ្យដឹងថា គណៈកម្មការជំនាញនៃខេត្តទាំងពីរមណ្ឌលគិរី-ដាក់ឡាក់ បានរកឃើញអដ្ឋិធាតុចំនួន ៦៩៧ អដ្ឋិធាតុ និងបានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់មាតុប្រទេសវិញរួចរាល់ហើយ។
លោកអភិបាលខេត្តស្តីទី បានសំណូមពរដល់គណៈកម្មការជំនាញនៃខេត្តដាក់ឡាក់ ឱ្យបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយអាជ្ញាធរដែនដីកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធ ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជន ទំនៀមទម្លាប់បងប្អូនជនជាតិដើមភាគតិច និងជាពិសេសគឺច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
លោកថ្លែងថា៖«អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការ និងជួយសម្របសម្រួលដល់ក្រុមការងារជំនាញខេត្តដាក់ឡាក់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារក្នុងការស្វែងរក ជីកគាស់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមទៅកាន់មាតុប្រទេសវិញ»។
លោកស្រី ហឺយីម កាដត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ និងជាប្រធានគណៈកម្មការជំនាញខេត្តដាក់ឡាក់ បានថ្លែងនូវការកោតសរសើរ ចំពោះការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ខេត្តមណ្ឌលគិរី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការ ការគាំទ្រយ៉ាងល្អប្រសើរ និងបានសម្របសម្រួលដល់គណៈកម្មការជំនាញខេត្តដាក់ឡាក់ ក្នុងការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅលើទឹកដីខេត្តមណ្ឌលគិរី៕