អាជ្ញាធរ​កម្ពុជាបាន​អះអាង​ពី​ការត្រៀម​បណ្តេញ​ជនជាតិ​ចិន​ជាង​ ២០ ​នាក់ ដែល​ត្រូវបាន​ជួយ​សង្គ្រោះ​ពី​ករណី​លិច​ទូក​នៅ​ខេត្ត​ព្រះសីហនុ ចេញពី​ប្រទេស​កម្ពុជា​។ ការ​អះអាង​យ៉ាង​ដូច្នេះ គឺ​បន្ទាប់ពី​អាជ្ញាធរ​បាន​សាកសួរ​ជនជាតិ​ចិន​ទាំងនោះ និង​រកឃើញ​ថា ជា​ករណី​ឆ្លងដែន​ខុស​ច្បាប់ មាន​បំណង​ចូលមក​បម្រើ​ការងារ​ឆបោក​ និង​ជួញដូរ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​។

លោក កែវ វណ្ណថន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឱ្យ​ដឹង​ថា​៖ «​ជនជាតិ​ចិន​ទាំងនោះ ត្រូវបាន​រកឃើញ​ថា​ឆ្លងដែន​ខុសច្បាប់ ចឹង​គាត់​មក​រក​ការងារ​ធ្វើ ចឹង​យើង​កំពុង​រៀបចំ​នីតិវិធី​សុំ​ប្រកាស​ពី​ក្រសួង​មហាផ្ទៃ បណ្តេញ​ពួកគាត់​ចេញពី​ប្រទេស​កម្ពុជា​»​។

ករណី​លិច​ទូក​ជនជាតិ​ចិន​ចំនួន​ ៤១ ​នាក់​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ២២ ​ខែ​កញ្ញា ត្រូវបាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ជួយ​សង្គ្រោះ​បាន​ចំនួន​ ២៤ ​នាក់ ដោយ​មាន​ស្លាប់​ចំនួន​ ៣ ​នាក់ ខណៈ​ដែល​ ១៧ ​នាក់​ផ្សេង​ទៀត ត្រូវបាន​អណ្តែត​ដល់​ប្រទេស​វៀតណាម ដោយ​អាជ្ញាធរ​វៀតណាម​ជួយ​សង្គ្រោះ​បាន​ចំនួន​ ១៧ ​នាក់ ស្លាប់​ ៨ ​នាក់​។

លោក កែវ វណ្ណថន អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជាក់​បន្ថែម​ថា​៖ «​ការ​រកឃើញ​ជនជាតិ​ចិន​នៅលើ​ទឹកដី​វៀតណាម ជា​រឿង​របស់​វៀតណាម ខាង​យើង​ [​កម្ពុជា​] សង្គ្រោះ​បាន​នេះ ២១ ​នាក់ ដែល​នៅ​មាន​ជីវិត​នេះ យើង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​។ ឯ​ខាង​វៀតណាម ទាក់ទង​ជាមួយ​ភាគី​ចិន​យ៉ាងណា​នោះ ជា​រឿង​របស់​វៀតណាម​»​។

ជុំវិញ​ករណី​លិច​ទូក​ជនជាតិ​ចិន​នេះ លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​ថា​៖ «​ករណី​នេះ​បាន​ផុត​សមត្ថកិច្ច​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ហើយ​។ ដោយឡែក​អ្នក​ដែល​នៅរស់​ត្រូវបាន​បញ្ជូន​ផុត​ទៅ​ភ្នំពេញ​បាត់​ហើយ ចឹង​ផុត​សមត្ថភាព​របស់​ខេត្ត​ព្រះសីហនុ​ហើយ​»​។

យ៉ាងណា កាលពី​ជំហាន​នៃ​ការជួយ​សង្គ្រោះ​ជនជាតិ​បាន​ចំនួន​ ១៨ ​នាក់ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ទាំងអស់​ដើម្បី​សាកសួរ​ពី​ការ​ឆ្លងដែន ថា​តើ​ស្រប​ទៅតាម​ច្បាប់​ ឬ​ខុស​ច្បាប់​។ លោក ឡុង ឌី ម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា​៖ «​យើង​ឃើញ​ថា​ជា​ការ​ឆ្លងដែន​ខុសច្បាប់​ហើយ ហើយ​អាច​ថា​មាន​ក្នុង​ចំណោម​ ២៣ ​នាក់​ដែល​យើង​សង្គ្រោះ​បាន​ហ្នឹង ចឹង​ក្នុង​នោះ​យើង​អាច​សន្និដ្ឋាន​បាន​ក្រៅ​ផ្លូវការ គឺ​អាច​មាន​ជា​ឧក្រិដ្ឋជន​ខ្លះ​ផង ថែមទាំង​ជនរងគ្រោះ​ដែល​រង​ការ​ឆបោក​នៃ​ការ​ជួញដូរ​មនុស្ស​នេះដែរ​»​។

ជាមួយ​គ្នា​នេះ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ឱ្យ​ដឹង​បន្ថែម​ដែរ​ថា​៖ «​ក្នុង​ចំណោម​ហ្នឹង ការ​សន្និដ្ឋាន គឺជា​ការ​ជួញដូរ​មនុស្ស​ខុស​ច្បាប់ រត់​ពន្ធ​មនុស្ស ដើម្បី​មករក​ការងារ​ធ្វើ​»​។ បើតាម​លោក ខៀវ សុភ័គ គឺ​ជន​ដែល​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ជួយ​សង្គ្រោះ គឺ​កម្ពុជា​មិន​អាច​ទទួល​ឱ្យ​ស្នាក់នៅ​បាន​ឡើយ ព្រោះ​មិនមាន​លិខិត​ស្នាម​បញ្ជាក់​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​ ២២ ​កញ្ញា មាន​ករណី​លិច​ទូក​ជនជាតិ​ចិន​មួយ​គ្រឿង នៅ​តំបន់​កោះតាង​ក្នុង​ខេត្ត​ព្រះសីហនុ​។ ទូក​មួយ​គ្រឿង​មាន​ជនជាតិ​ចិន​សរុប​ចំនួន​ ៤១ ​នាក់ បាន​ឆ្លង​ដែន​ពី​ប្រទេស​ចិន​ចូលមក​ខេត្ត​ព្រះសីហនុ​ប្រទេស​កម្ពុជា​។ ជនជាតិ​ចិន​ចំនួន​ ២៤ ​នាក់​ត្រូវបាន​រកឃើញ​ក្នុង​ដែន​កម្ពុជា ខណៈ​ជនជាតិ​ចិន​ ១៧ ​នាក់​ផ្សេង​ទៀត ត្រូវបាន​រកឃើញ​ក្នុង​ភូមិសាស្ត្រ​កោះត្រល់ ប្រទេស​វៀតណាម​៕