
កញ្ញា សេង ច័ន្ទធារី ដែលត្រូវបានតុលាការកំពូលតម្កល់ទោសឱ្យជាប់ពន្ធនាគារ ៦ ឆ្នាំ។ រូបថត ហ្វេសប៊ុក
តុលាការកំពូលនៅថ្ងៃសុក្រ ទី ៣០ កញ្ញា ឆ្នាំ ២០២២ បានសម្រេចតម្កល់ទោសកញ្ញា សេង ច័ន្ទធារី ពលរដ្ឋខ្មែរ-អាមេរិកាំងឱ្យជាប់ពន្ធនាគារ ៦ ឆ្នាំ ដើម្បីឱ្យតុលាការចាត់ការតាមនីតិវិធី និងរក្សាសណ្តាប់ធ្នាប់សង្គម។ នេះបើតាមការអះអាងរបស់លោក ជូង ជូងី មេធាវីការពារក្តីកញ្ញា សេង ច័ន្ទធារី ដែលបានចូលស្តាប់ការសម្រេចរបស់តុលាការកំពូលនៅថ្ងៃសុក្រនេះ។
លោក ជូង ជូងី ចាត់ទុកការសម្រេចរបស់តុលាការកំពូលពេលនេះ ថាជារឿងមិនយុត្តិធម៌។ លោកមេធាវី ជូង ជូងី លើកឡើងថា៖ «ខ្ញុំយល់ឃើញថាមិនយុត្តិធម៌ សម្រាប់កញ្ញា សេង ច័ន្ទធារី ទេ»។
ទោះបីជាការសម្រេចរបស់តុលាការកំពូលនៅតែតម្កល់ទោសដដែល តែលោក ជូង ជូងី បញ្ជាក់ថា លោកនឹងទៅជួបកូនក្តីរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីប្រាប់ពីការសម្រេចរបស់តុលាការកំពូល និងពិភាក្សាជាបន្តជាមួយកូនក្តី ដើម្បីស្វែងរកការការពារសិទ្ធិជាបន្តទៀត។
សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៤ មិថុនា បានកាត់ទោសឱ្យកញ្ញា សេង ច័ន្ទធារី ជាប់ពន្ធនាគារព្រៃសចំនួន ៦ ឆ្នាំពីបទរួមគំនិតក្បត់ក្នុងសំណុំរឿងមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ របស់លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ។ ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញត្រូវបានប្តឹងជំទាស់ដោយមេធាវីលោក ជូង ជូងី ហើយសំណុំរឿងក៏បញ្ជូនបន្តទៅសាលាឧទ្ធរណ៍។
ក៏ប៉ុន្តែការសម្រេចរបស់សាលាឧទ្ធរណ៍ក៏មិនខុសអ្វីពីសាលាដំបូងរាជធានីភ្នំពេញ គឺតម្កល់ទោសកញ្ញា សេង ច័ន្ទធារី ឱ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ។ ភាពមិនសុខចិត្តរបស់មេធាវី និងជនជាប់ចោទបានរុញរឿងនេះដល់តុលាការកំពូលបើកសវនាការនៅថ្ងៃទី ៣០ កញ្ញា តែសេចក្តីសម្រេចចុងក្រោយគឺ តុលាការកំពូលបន្តតម្កល់ទោស ដើម្បីបន្តនីតិវិធីតុលាការទៅមុខទៀត៕