ភ្នំពេញៈ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​ ៣០ ​កញ្ញា​នេះ បាន​ប្រកាស​ប្រាប់​ពី​លក្ខខណ្ឌ​គួរ​យល់ដឹង​អំពី «​ទីតាំង​កន្លែង​ឈប់សម្រាក និង​ផ្តល់​សេវាកម្ម​» លើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-ព្រះសីហនុ ខណៈ​ផ្លូវ​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ នឹង​បើក​ឱ្យ​ប្រើប្រាស់​សាកល្បង​ដោយ​ឥត​គិត​ថ្លៃ ចាប់ពី​ថ្ងៃទី​ ១ ​ខែ​តុលា​ឆ្នាំ​ ២០២២ ​តទៅ​។

​ក្រសួង​បានឱ្យដឹងថា លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ មាន​កន្លែង​ឈប់សម្រាក និង​ផ្តល់​សេវាកម្ម ចំនួន​៤​ទីតាំង នៅតាម​បណ្តោយ​ផ្លូវ ដែល​ទីតាំង​នីមួយៗ​មាន​ចំណត​យានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហា​រដ្ឋា​ន និង​កន្លែង​ផ្តល់​សេវាកម្ម​ផ្សេងៗ​។​

ទីតាំង​ឈប់​សម្រាក​ទាំង ៤ នោះ​រួមមាន​ទីតាំង​កំពង់ស្ពឺ (​គ​.​ម ៤០) ទីតាំង​កំពង់ស្ពឺ​ខាងលិច (​គ​.​ម ៦៣) ​ទីតាំង​កំពង់​សិលា (​គ​.​ម ១០៩)​ និង​ទីតាំង​ព្រៃនប់​ខាងលិច (​គ​.​ម ១៥៦)​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ នឹង​បើក​ឱ្យ​ប្រើប្រាស់​សាកល្បង​ដោយ​ឥត​គិត​ថ្លៃ ចាប់ពី​ថ្ងៃទី​ ០១ ដល់​ថ្ងៃទី​ ៣១ ខែ​តុលា ឆ្នាំ​ ២០២២​។​

ជាមួយ​គ្នា​នេះ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ក្រើនរំឭក​សូម​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លូវ «​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយ​ការទទួល​ខុសត្រូវ​»៕