មណ្ឌលគិរីៈ រដ្ឋបាលខេត្ត​មណ្ឌលគិរី​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី​នៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ខេត្ត​ដាក់​ឡាក់ ខេត្ត​ដាក់​ណុង និង​ខេត្ត​ប៊ិញភឿក ប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី ​១ ខែតុលា​តទៅ​។

លិខិត​របស់​លោក​ថង សាវុន ចុះ​ថ្ងៃទី ៣០ ខែ​កញ្ញា ដែល​បាន​ជម្រាបជូន លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​ទ្វេភាគី​ឡាប៉ាខេ លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​ខេ​ភាគី​ដាក់​ដាំ និង លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​ណាលៀ​បាន​ឱ្យ​ដឹងថា ចំពោះ​ការអនុញ្ញាត​ឱ្យ​មាន​ដំណើរការ​បើក​ច្រកទ្វារ​ឡើងវិញ​នេះ ក៏ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​។

រដ្ឋបាលខេត្ត​នេះ​បាន​ឱ្យ​ដឹង​ទៀតថា ចំពោះ​អ្នក​ដំណើរ​ចូល​មិន​តម្រូវ​ឱ្យ​ធ្វើតេស្ត PCR ៧២ ​ម៉ោង មុន​ចូលមក​កម្ពុជា និង​មិន​តម្រូវ​ឱ្យ​ធ្វើតេស្ត រហ័ស​នៅ​ព្រំដែន ពេលមក​ដល់​កម្ពុជា​នោះទេ​។ ដើម្បី​ជា​ការលើក​ទឹកចិត្ត​ចំពោះ​អ្នកដំណើរ​ចូល គួរ​គប្បី​ធ្វើតេស្ត​រហ័ស ដោយ​ខ្លួនឯង និង​ភ្ជាប់​មក​ជាមួយ​កាត​វ៉ាក់សាំង ដើម្បី​បង្ហាញ​ជូន​អាជ្ញាធរ​ច្រកទ្វារ​។ ចំពោះ​អ្នក​ដំណើរ​ចេញ​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ភាគី​វៀតណាម និង​ត្រូវដាក់​ជាប់​ជាមួយ​នូវ​កាត​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ ​១៩ ផងដែរ​។

លោក​អភិបាលខេត្ត​មណ្ឌលគិរី​បញ្ជាក់​ក្នុង​លិខិត​ថា​៖ «​ចំពោះ​អ្នក​ដំណើរ​ដែល​មិនបាន​ចាក់ នៅពេល​ចូល​មក​កម្ពុជា ត្រូវធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ ​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ ដោយឡែក សម្រាប់​អ្នក​ដំណើរ​ចេញ ត្រូវ​អនុវត្ត​ការធ្វើ​ចត្តាឡីស័ក តាម​ការណែនាំ និង​ការកំណត់​របស់​ភាគី​វៀតណាម ផងដែរ​»​។

លោក​ ថង សាវុន បញ្ជាក់​បន្ថែមថា ដើម្បី​ឱ្យ​ដំណើរការ​នៃ​ការបើក​ច្រកទ្វារ​ឡើងវិញ​មាន​ភាពរលូន និង​ជា​ការជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ​ចេញ-ចូល របស់​ប្រជាពលរដ្ឋ និង​ការធ្វើ​ចរាចរ​ទំនិញ​ឆ្លងកាត់​ព្រំដែន​ទៅវិញ​ទៅមក រដ្ឋបាលខេត្ត សូម​ស្នើ​លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​ទាំង ​៣ ​ជួបប្រជុំ​ធ្វើ​ការងារ​ជាមួយ​ច្រកទ្វារ​ភាគី​វៀតណាម ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស បាន​ជ្រាប និង​សហការ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការគ្រប់គ្រង និង​សម្របសម្រួល​សកម្មភាព​នៅតាម​បណ្តា​ច្រកទ្វារ​ព្រំដែន ទ្វេភាគី​ទាំងអស់ ដើម្បី​ធានា​បាន​នូវ​ការធ្វើ​ដំណើរ និង​ការដោះដូរ​ទំនិញ​ឆ្លងកាត់​ព្រំដែន​មាន​ភាពល្អប្រសើរ ៕