បាត់ដំបងៈ រដ្ឋបាល​ខេត្ត​បាត់ដំបង​ប្រកាស​ណែនាំ​ដល់​មន្ទីរ​អង្គភាព និង​ប្រជាពលរដ្ឋ ចូលរួម​ចំណែក​ថែរក្សា​សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និង​បរិស្ថាន ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ឱ្យ​បាន​ល្អប្រសើរ​ក្នុង​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប ឆ្នាំ​ ២០២២ ក្នុង​ក្រុង​បាត់ដំបង ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​ ៩ និង​ថ្ងៃទី​ ១០ ខែ​តុលា ខាង​មុខ​នេះ​។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួល​បាន​នៅ​ថ្ងៃទី ៣០ ខែ​កញ្ញា​បាន​ឱ្យដឹង​ថា រដ្ឋបាល​ខេត្ត​បាត់ដំបង​ណែនាំ​ដល់ មន្ទីរ អង្គភាព គ្រឹះស្ថាន​សាធារណៈ​នានា​របស់​រដ្ឋ រដ្ឋបាល​ក្រុង​បាត់ដំបង​ត្រូវ​រៀបចំ​តុបតែង​លម្អ​ភ្លើង ចង​ទង់ជាតិ ទង់​សាសនា ទង់​ព្រះមហាក្សត្រ និង​សម្អាត​អនាម័យ​បរិស្ថាន​នៅតាម​បរិវេណ​មន្ទីរ អង្គភាព ស្ថាប័ន​រៀងៗ​ខ្លួន​ឱ្យបាន​ស្អាត​ជាប្រចាំ​។

ដោយឡែក​ម្ចាស់​ស្តង់​លក់​ទំនិញ ម្ចាស់​ទីតាំង​ប្រគំ​តន្ត្រី និង​អ្នក​លក់ដូរ​ទាំងអស់​ត្រូវ​មាន​ធុងសំរាម ឬ​ថង់​សម្រាប់​ទុក​ដាក់​សំរាម​ផ្ទាល់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​។ រីឯ​បងប្អូន​ប្រជាពលរដ្ឋ កីឡាករ​អុំទូក និង​អ្នក​មក​លេង​កម្សាន្ត​ទាំងអស់ ត្រូវ​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​នៅក្នុង​ធុងសំរាម ឬ​ថង់​ដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។

រដ្ឋបាល​ខេត្ត សង្ឃឹម​ថា មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង ស្រុក ម្ចាស់​ស្តង់​លក់​ទំនិញ ម្ចាស់​ទីតាំង​ប្រគំ​តន្ត្រី អ្នក​លក់ដូរ កីឡាករ​អុំទូក និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹង​ចូលរួម​សហការ អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕