​ព្រះសីហនុៈ លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា នឹង​បន្ត​បោសសម្អាត​កន្លែង​ល្បែង​ខុសច្បាប់​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ផ្សេងៗ​ទៀត​ឱ្យអស់​ខណៈ​រយៈពេល ៨​ ថ្ងៃ​កន្លងមកនេះ មាន​ទីតាំង​ល្បែង​ខុសច្បាប់​ជាច្រើន​បាន​យល់ព្រម​ឈប់​ដោយ​ខ្លួនឯង​។

​លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ បានលើកឡើង​បែបនេះ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ស្តីពី បង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​នេះ​។

​លោក​ថ្លែងថា​៖«​ទីតាំងនៅ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក តាមពិត​អាជ្ញាធរ​មូលដ្ឋាន​បាន​បោសសម្អាត​ច្រើន​ហើយ បើ​នៅ​សេសសល់ គឺ​តិចតួច​។ អាជ្ញាធរ​បែងចែក​ភារកិច្ច​របស់​ក្រសួងមហាផ្ទៃ បន្ត​បោសសម្អាត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ក៏​ដូច​បណ្តា​ខេត្ត​ផ្សេងៗ​ទៀតផង​ដែរ​»​។​

​លោក​បញ្ជាក់ទៀតថា​៖ «​ចំពោះ​ទីតាំង​ផ្សេងទៀត​ដែលមាន​ការសង្ស័យ​មាន​ការបើក​ល្បែង​ខុសច្បាប់ ស្ថិតនៅលើ​អាជ្ញា​បណ្ណ​របស់​ក្រសួង​ហិរញ្ញវត្ថុ យើង​នឹង​ទុកពេល​ពិនិត្យ​ជា​ក្រោយ សំដៅ​ពិនិត្យ​លើ​អាជ្ញាប័ណ្ណ​ដែលមាន​ប្រសិទ្ធភាព ឬ​អស់​សុពលភាព​អាជ្ញាប័ណ្ណ យើង​អត់​ទាន់​ចុះ​ត្រួតពិនិត្យ​ទុកពេល​ក្រោយ​»​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក សុខ ផល បាន​រំឭក​ពីបទ​បញ្ជា​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ការចុះអនុវត្ត​កិច្ចការ​បញ្ឈប់​សកម្មភាព​ល្បែងស៊ីសង​អត់​មានច្បាប់ និងស្វែងរក​បទល្មើស​បើសិនជា​មាននៅ​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ​នេះ​មានដូចជា បទល្មើស​ជួញដូរ​មនុស្ស បទល្មើស​សម្អាត​ប្រាក់ ល្បែងស៊ីសង​ខុសច្បាប់​ជាដើម​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ក្រោយ​ទទួលបាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រុមការងារ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រះសីហនុ ចុះបង្ក្រាប​ទីតាំង​ល្បែង​ខុសច្បាប់​ចំនួន ៥​ កន្លែង​ នៅក្នុង​ក្រុងព្រះសីហនុ និងបាន​រកឃើញ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ផងដែរ​៕