ភ្នំពេញៈ កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​នៃ​បណ្ដាញ​សុវត្ថិភាព និង​សុខភាព​ការងារ​អាស៊ាន​លើក​ទី​២៣ សន្និសីទ​អាស៊ាន​អូ​ស្ហ​ណេ​ត​លើក​ទី​៩ និង​ពិធី​ផ្ដល់​ពានរង្វាន់​អាស៊ាន​លើក​ទី​៤ ដោយមាន​ការចូលរួម​ពី​តំណាង ASEAN-OSHNET នៃ​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ទាំង​ ១០ អគ្គលេខាធិការ​អាស៊ាន និង​អគ្គលេខាធិការ ASEAN-OSHNET ប្រចាំ​ប្រទេស​ថៃ បាន​ឯកភាពគ្នា លើ​គម្រោង​ដែល​កំពុង​រៀបចំ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព និង​សុខភាព​ការងារ​។

​កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​ប្រទេស​មី​យ៉ាន់​ម៉ា ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ចាប់ពី​ថ្ងៃទី ​២៩-៣០​ កញ្ញា​នេះ មាន​គោលបំណង​ចែករំលែក បទពិសោធ ព័ត៌មាន សមិទ្ធផល​សម្រេចបាន និង​បញ្ហា​ប្រឈម​នានា​ក្នុងការ​អនុវត្ត​ការងារ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ​នាពេល​កន្លងមក នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន​។

​លោក ឡេង តុង ទីប្រឹក្សា​អម​ក្រសួង និង​ជា​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ ចូលរួម​កិច្ចប្រជុំ​នេះ​។​

​អង្គប្រជុំ​នេះ បានសម្រេច​ឯកភាព​លើ​គម្រោង​សកម្មភាព​ដែល​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ ASEAN-OSHNET កំពុង​រៀបចំ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព និង​សុខភាព​ការងារ​។​

​បើតាម​ក្រសួង​ការងារ ចំពោះ​ប្រទេស​កម្ពុជា នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​សិក្ខាសាលា និង​ចងក្រង​ឯកសារ​ស្ដីពី​ការអនុវត្ត​ល្អ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ នៅ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​កន្លែងធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ១៧-១៨ ខែតុលា ឆ្នាំ ​២០២២ នៅ​ខេត្តសៀមរាប និង​កិច្ចប្រជុំ​អធិការ​ការងារ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​ ០៧ ខែធ្នូ ឆ្នាំ​ ២០២២​។

​ក្នុងនោះដែរ ប្រទេស​កម្ពុជា​ បានទទួល​ពានរង្វាន់​អាស៊ាន​អូ​ស្ហ​ណេ​ត (ASEAN-OSHNET Awards) ចំនួន ២​ សហគ្រាស រោងចក្រ គឺ​ក្រុមហ៊ុន​អូ​លីវ​អឹ​ប​ភឺ​រៀល Olive Apparel (Cambodia) Co.,Ltd និង​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​ម៉ា​វែ​ល Marvel Garment C., Ltd៕​