របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញថា ១១%​​ នៃ​កុមារ​ដែល​ប្រើ​អ៊ីនធឺណិត ម​អាយុ​ចន្លោះ​ពី​ ១២-១៧ ​ឆ្នាំ ត្រូវបាន​រាយការណ៍​ថា ជួបប្រទះ​ដោយសារ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​តាមរយៈ​អន​ឡាញ​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២២ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បង្ហាញ​ពី​ការផ្សព្វផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ ស្ដីពី​ការបញ្ឈប់​គ្រោះថ្នាក់​នៅ​កម្ពុជា ដោយ​បង្ហាញ​ភ័ស្តុតាង​អំពី​ការកេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវភេទ​កុមារ​តាមរយៈ​អន​ឡាញ​។​

​ជុំវិញ​រឿងនេះ លោកស្រី ស៊ន សា​បោ​ន អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​លើកឡើងថា ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាមរយៈ​អន​ឡាញ គឺជា​បញ្ហា​សកល​ដែល​កើតឡើង​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា និង​បាន​ក្លាយជា​ក្ដីបារម្ភ​មួយទៀត ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ មាន​អាណាព្យាបាល​កុមារ សង្គម​ស៊ីវិល និង​អាជ្ញាធរ ចាំបាច់​ធ្វើការ​រួមគ្នា​ដើម្បី​ទប់ស្កាត់ និង​ការពារ​កុមារ​ពី​ការរំលោភបំពាន​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​លោកស្រី ស៊ន សា​បោ​ន​ថា​៖ «​កុមារ​រងគ្រោះ​ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ បាន​បន្សល់​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ កុមារ​រងគ្រោះ​ភាគច្រើន មាន​អារម្មណ៍​ពិបាក​ទុកចិត្ត​អ្នកដទៃ អស់សង្ឃឹម ពិបាកចិត្ត ឯកា ច្របូកច្របល់ ខកចិត្ត ស្ដីបន្ទោស​ខ្លួនឯង និង​ឆាប់​ភ័យខ្លាច​ជាដើម​»​។

​រីឯ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែងថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​បោះជំហាន​ទៅមុខ ក្នុងការ​ចូលរួមចំណែក​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​ការលើកកម្ពស់​កិច្ចការពារ​កុមារ និង​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​។​

​លោកស្រី ខៀវ បូរី​ថ្លែងថា​៖ «​ការចំណាយ​ពេល​តាម​ប្រព័ន្ធ​អន​ឡាញ នាំមក​នូវ​ហានិភ័យ និង​ការគំរាមកំហែង​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ដែល​មិនអាច​ទទួលយកបាន ដោយ​ចៀស​មិន​ផុត ក្នុងនោះ​ក៏មាន​ហានិភ័យ និង​ការគំរាមកំហែង មួយចំនួន​ដែល​កុមារ​បាននិងកំពុង​ជួបប្រទះ​នៅក្នុង​កន្លែង​ដទៃទៀត​ផងដែរ ហើយ​ហានិភ័យ និង​ការគំរាមកំហែង​មួយចំនួន​មាន​លក្ខណៈ​ដោយឡែក​ចំពោះតែ​បរិបទ​អន​ឡាញ​ប៉ុណ្ណោះ​»​។​

​ទាក់ទង​រឿងនេះ ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា គឺ​លោកស្រី ហ្វ៊ូ​រូ ហ្វ៊ូ​យ៉ូ​ហ្សា​ត បាន​លើកឡើងថា ការរកឃើញ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ទំហំ​នៃ​ហានិភ័យ​ដែល​កុមារ​ប្រឈមមុខ​នៅលើ​អន​ឡាញ នៅក្នុង​ប្រភព​ឌីជីថល​ដែល​ចេះតែ​កើនឡើង ដោយ​១១%​នៃ​កុមារ​ដែល​ប្រើ​អ៊ីនធឺណិត មាន​អាយុ​ចន្លោះ​ពី ​១២-១៧​ ឆ្នាំ ត្រូវបាន​រាយការណ៍​ថា ជួបប្រទះ​ដោយសារ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​តាមរយៈ​អន​ឡាញ​។​

​សូមបញ្ជាក់ថា ១៦% ​នៃ​កុមារ ត្រូវបាន​ទទួលរង​ការបញ្ចេញមតិ​ទាក់ទង​នឹង​ផ្លូវភេទ​របស់​ពួកគេ ដែល​កើត​ឡើងជា​ចម្បង នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Social Media) ១៦%​ ទៀត​នៃ​កុមារ​ត្រូវបាន​ផ្ញើ​សារ​រូបភាព​ផ្លូវភេទ និង​ ៩% នៃ​កុមារ​ទទួលបាន​ការស្នើ​សុំ​ចែករំលែក​រូបភាព​ផ្លូវភេទ​របស់​កុមារ​ទាំងនោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​៕