ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការយកចិត្តទុកដាក់​តា​ម​គ្រប់​មធ្យោបាយ​ដើម្បី​លើកស្ទួយ​សុខុមាលភាព​មនុស្ស​វ័យ​ចាស់​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​។​

​តាមរយៈ​សារលិខិត​ក្នុង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ថ្ងៃទី​ ១ ខែតុលា លោក​ថ្លែងថា ប្រទេស​កម្ពុ​ជាមាន​ប្រពៃណី ទំនៀមទម្លាប់​ដ៏​ល្អ កេរ​មរតក​សម្បត្តិ​វប្បធម៌​ដែល​សម្បូណ៌​បែប ​និង​សមិទ្ធផល​ទាំងឡាយ ហើយ​ត្រូវបាន​រក្សា​គង់វង្ស រហូតមកដល់​សព្វថ្ងៃ​នេះ​។

​លោក ហ៊ុន សែន បន្តថា មរតក​ទាំងអស់នេះ​កើតចេញពី​ស្នាដៃ គុណូបការៈ និង​ការអប់រំ​ប្រៀនប្រដៅ​ប្រកបដោយ​គតិបណ្ឌិត​នៃ​បុព្វបុរស និង​ចាស់ព្រឹទ្ធាចារ្យ​របស់​ប្រទេស​កម្ពុជា ដែល​អាចជា​ក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជន បុព្វ​ជិត គ្រហស្ថ អ្នក​អក្សរសាស្ត្រ ភាសា​វិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និង​អ្នកវិទ្យាសាស្ត្រ​ជាដើម​។

​លោក​ថ្លែងថា​៖ «​ក្នុងការ​ប្រតិបត្តិ​ក្នុងសង្គម​យើង ប្រជាជន​មិន​ត្រឹម​តែមាន​ទម្លាប់​គោរព​ព្រឹទ្ធាចារ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​ការគោរព​និង​ការដឹងគុណ​មនុស្ស​ចាស់​នេះ ក្លាយទៅជា​គោល​នៃ​គុណធម៌​ដែល​បង្កើតបានជា​វប្បធម៌​និង​ជា​ប្រពៃណី​ដ៏​ល្អ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ក្នុង​ការបន្ត​បុព្វហេតុ​ការពារ​និង​កសាង​ប្រទេសជាតិ របស់ខ្លួន​ទៀតផង​»​។

​លោក ហ៊ុន សែន អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់ និង​គាំទ្រ​តាម​គ្រប់​មធ្យោបាយ​នៅពេល​ចុះ​បំពេញការងារ​តាម​មូលដ្ឋាន ដោយ​ឆ្លៀត​សួរសុខទុក្ខ និង​ជួយឧបត្ថម្ភ ដល់​ជន​ចាស់ជរា ជាពិសេស​ជន​ចាស់ជរា​ពិការ​ដែលមាន​ការលំបាក​នៅតាម​សហគមន៍​។​

​លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ [​ចំពោះ​] ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ សូម​បង្កើន​ការយកចិត្តទុកដាក់​និង​គាំទ្រ តាម​គ្រប់​មធ្យោបាយ​ដើម្បី​លើកស្ទួយ​សុខុមាលភាព​មនុស្ស​វ័យ​ចាស់​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​»​។​

​លោក​ក៏បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​គ្រប់​អង្គការ​នានា​ជួយ​បង្កលក្ខណៈ​ងាយស្រួល ដល់​សមាគម​មនុស្ស​ចាស់​កម្ពុជា​ដែលមាន​ស្រាប់ និង​ជួយ​គាំទ្រ​បន្ត​ដល់​ការ​អន្តរា​គម​ជំរុញ​សកម្មភាព​បង្កើត ជួយ​ពង្រឹង និង​ពង្រីក​សមាគម​មនុស្ស​ចាស់​នៅតាម​សហគមន៍​មូលដ្ឋាន​។

​លោកនាយក​រដ្ឋមន្ត្រី​អំពាវនាវ​ដល់​កាកបាទក្រហមកម្ពុជា មូលនិធិ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍ ដៃគូ​អភិវឌ្ឍ សប្បុរសជន អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​នានា​បន្ត​បង្កើន​សកម្មភាព​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ជំនួយ​មនុស្សធម៌ ទាំង​ស្បៀង សម្ភារ ថវិកា បច្ចេកទេស​សម្រាប់​ផ្តល់​សេវា​សុខុមាលភាព​របស់​មនុស្ស​វ័យចាស់ ដែល​បាននិងកំពុង​ជួបប្រទះ ការលំបាក ទាំង​ផ្នែក​ជីវភាព និង​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ជាពិសេស​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ ១៩៕​