The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាមឃាត់​ការកសាង​វត្ត​បន្ថែម​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាមឃាត់​ការកសាង​វត្ត​បន្ថែម​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត SPM

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាមឃាត់​ការកសាង​វត្ត​បន្ថែម​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​សៀមរាបៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាមឃាត់​ដាច់ខាត​ការកសាង​វត្ត​បន្ថែម​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប ព្រោះ​វា​នឹងធ្វើ​ឱ្យមាន​ការពិបាក​គ្រប់គ្រង​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​អំពាវនាវ និង​ហាម​ហ្មង ដាក់​ជា​បទបញ្ជា​ហាម​។ ទាំង [​អាជ្ញាធរ​ជាតិ​] អប្សរា ទាំង​អាជ្ញាធរ​ខេត្តសៀមរាប​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ វិចិត្រសិល្បៈ ក៏ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី ទទួលខុសត្រូវ​ចំពោះមុខ​រាជរដ្ឋាភិបាល​ហាមឃាត់​ការកសាង​វត្ត​បន្ថែម​។ វត្ត​ព្រះពុទ្ធ​ក្តី វិហារ​អ៊ិ​ស្លាម​ក្តី ឬ​វិហារ​គ្រឹះ​ក្តី ឬ​ផ្នែក​ជំនឿ​ស្អី​ផ្សេងៗ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវ​ហាម​ដាច់ខាត​ហ្មង​»​។​

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ចាប់ឆ្នោត​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​រស់នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ចំនួន​ជិត ៣ ០០០ គ្រួសារ នា​ថ្ងៃទី​១ ខែតុលា​។​

​លោក​បញ្ជាក់ថា លោក​អនុញ្ញាតឱ្យ​មានតែ​ចំនួន​៣៥​វត្ត​ប៉ុណ្ណោះ​ដែល​កំពុងមាន​វត្តមាន​បច្ចុប្បន្ន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ តែ​លោក​មិន​អនុញ្ញាតឱ្យ​មានការ​កប់​សព និង​ពង្រីក​ចំនួន​ចេតិយ​បន្ថែម​ក្នុង​វត្ត​ទាំងនោះ​នោះទេ លើកលែង​ករណី​ព្រះចៅអធិការ ឬ​គ្រូសូត្រឆ្វេង និង​គ្រូសូត្រស្តាំ​ដែល​សាង​ផ្នួស​នៅក្នុង​វត្ត​ដោយសារ​អស់ព្រះជន្ម​។

​លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​សុំ​សំណូមពរ ក្នុង​៣៥​វត្ត​នេះ កុំ​បង្កើន​ចំនួន​ចេតិយ លើកលែងតែ​ព្រះចៅអធិការ គ្រូសូត្រឆ្វេង គ្រូសូត្រស្តាំ​លោក​អស់ព្រះជន្ម​នៅ​ទី​ហ្នឹង ហើយ​កុំ​យក​អ្នក​ខាងក្រៅ​ទៅ​កប់​ផ្នូរខ្មោច បង្កើត​ម៉ុង​នៅក្នុង​ទី​អារាម​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ចំនួន​វត្ត​ទាំង​៣៥ ដែល​កំពុងមាន​វត្តមាន​បច្ចុប្បន្ន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នឹងមិន​ត្រូវបាន​រើរុះ​នោះទេ​៕​

អត្ថបទគួរចាប់អារម្មណ៍