សៀមរាបៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជំហរ​មិន​គាំទ្រ​ការធ្វើប្រជាមតិ​របស់​រុស្ស៊ី​ ដើម្បី​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន​បញ្ចូល​ទៅ​ប្រទេស​រុស្ស៊ី​។​

​លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​ខ្ញុំ​ធ្លាប់​បានប្រកាស​ហើយ ថា​យើង​អត់​គាំទ្រ​ទេ ហើយ​យើង​ប្រឆាំង​ជាមួយនឹង​ការបង្កើត​រដ្ឋ ផ្តាច់​រដ្ឋ ផ្តាច់​ទឹកដី ហើយនឹង​ការប្រើប្រាស់​កម្លាំង ឬ​គំរាម​ប្រើប្រាស់​កម្លាំង​»​។​

​លោកថ្លែង​ដូច្នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ចាប់ឆ្នោត​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​រស់នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ចំនួន​ជិត ៣ ០០០ ​គ្រួសារ នា​ថ្ងៃទី​ ១ ខែតុលា​។

​លោក ហ៊ុន សែន បន្ថែមថា ប្រសិនបើ​សេចក្តីសម្រេច​ដែល​ព្រាង​ដោយ​អាមេរិក និង​អាល់​បា​នី ដាក់​ឆ្លងទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មិនបាន​ទេនោះ គឺ​វា​ច្បាស់​ជា​ដាក់​ឆ្លង​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​

​លោក​បញ្ជាក់ថា​៖ «​បើ​ទៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ត្រូវតែ​កម្ពុជា​អត់​មាន​ជម្រើស​ណា​ផ្សេង ព្រោះ​យើង​គិត​មើល បើ​គេ​សុខៗ ស្រាប់តែ​លើកទ័ព​មក​ដាក់​ខេត្តសៀមរាប រួច​ធ្វើ​ប្រជាមតិ ដើម្បី​ថា​សៀមរាប​ផ្តាច់ខ្លួន​ទៅជា​រដ្ឋ​ឯករាជ្យ​មួយ តើ​យើង​ទទួលយកបាន​អត់​? យើង​ពិតជា​ទទួល​មិន​បានទេ​អាហ្នឹង​»​។

​លោក ហ៊ុន សែន បានលើកឡើង​ករណី​ដូចគ្នា​ថា សូម្បីតែ​នៅ​អឺរ៉ុប កូ​សូ​វ៉ូ (Kosovo) ដែល​បង្កើតឡើង​ដោយ​ណា​តូ និង​ខាង​អឺរ៉ុប ក៏​មកដល់​ម៉ោង​នេះ កម្ពុជា​មិន​ទទួលស្គាល់​ផងដែរ​៕​