សៀមរាបៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កម្ពុជាកំពុងស្នើដាក់ប្រាសាទកោះកេរចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ខណៈលោកជំរុញឱ្យមានការថែទាំប្រាសាទនានា ដើម្បីទាក់ទាញភ្ញៀវទេសចរបង្កើតការងារធ្វើ បង្កើតប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។

លោកថ្លែងថា គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO ទាមទារនូវការគ្រប់លក្ខណសម្បត្តិ។ បើមិនដូច្នេះទេ គណៈកម្មការនេះមិនទទួលឱ្យចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ ឬទទួលហើយ ក៏ត្រូវបានបណ្តេញចេញវិញ ដែលនេះជាការខាតបង់។

លោកថ្លែងថា៖ «យើងបានដាក់ប្រាសាទអង្គរ បន្ទាប់ទៅដាក់ប្រាសាទព្រះវិហារ បន្ទាប់ទៅដាក់ប្រាសាទសម្បូរព្រៃគុក។ ឥឡូវយើងកំពុងតែដាក់ប្រាសាទកោះកេរទៀត។ យើងដាក់ជាបន្តបន្ទាប់។ នេះជាការយកចិត្តទុកដាក់»។

លោក ហ៊ុន សែន ថ្លែងថា ដូនតាខ្មែរបានកសាងប្រាសាទច្រើនណាស់ សម្រាប់ឱ្យអ្នកជំនាន់ក្រោយថែទាំ។ ប្រសិនបើខ្វះការយកចិត្តទុកដាក់ថែទាំ វាគឺជាការបំផ្លិចបំផ្លាញមរតកដូនតា ដោយលោកប្រើពាក្យថា «សុំកុំកាប់មេមាន់ ដើម្បីគ្រាន់តែឆ្ងាញ់ ១ ពេល» ប៉ុន្តែត្រូវរក្សាទុកមេមាន់នោះ ដើម្បីទទួលបាននូវកូនរបស់វាតពូជតពង្ស។

លោកបញ្ជាក់ថា៖ «យើងប្រើប្រាស់នូវបេតិកភណ្ឌដែលមាន ទាក់ទាញភ្ញៀវទេសចរ បង្កើតការងារធ្វើ បង្កើតប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋរបស់យើង។ វាប្រសើរជាងយើងបំផ្លាញវាចោល»៕