មនុស្ស​វ័យចាស់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ស្នើសុំ​ឱ្យ​ក្រសួង​សង្គមកិច្ច​ជួយ​បំពេញ​តម្រូវការ ៣ ​ចំណុច​ដូចជា ការផ្ដល់ប្រាក់​ឧបត្ថម្ភ ការផ្ដល់​ប័ណ្ណ​សមធម៌ និង​ផ្ដល់ប្រាក់​មូលនិធិ ជួយ​គាំទ្រ​សមាគម​មនុស្ស​ចាស់​នៅតាម​មូលដ្ឋាន​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មនុស្ស​ចាស់​កម្ពុជា​ចុះ​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២២ ស្ដីពី​ការ​ប្រារព្ធ និង​អបអរ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​ ១ ខែតុលា ឆ្នាំ​ ២០២២ ​នេះ ស្របតាម​គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​ចាស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ២០១៧-២០៣០​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា ទិវា​មនុស្ស​ចាស់​គឺ​ប្រារព្វ​ឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​កិច្ច​គាំពារ​ដ៏មាន​ប្រសិទ្ធភាព សំដៅ​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​ចាស់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ក្នុង​ទិវា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​លិខិត​អបអរ​ទិវា​មនុស្ស​ចាស់ ហើយក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​គណៈកម្មាធិការ​ជាតិ​ ដើម្បី​មនុស្ស​ចាស់ បង្កើន​ការយក​ចិត្តទុកដាក់ និង​គាំទ្រ​មធ្យោបាយ​ ដើម្បី​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​ចាស់​។

ជុំវិញ​រឿងនេះ លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សេវា​សង្គម​បាន​ប្រាប់​ថា​ការស្នើសុំ​ទាំង​ ៣ ​ចំណុច ដែលជា​តម្រូវការ​របស់​មនុស្ស​ចាស់ គឺ​ខាង​ក្រសួង​កំពុង​អនុវត្ត​ជា​បណ្ដើរៗ​ហើយ​។ ក្នុងនោះ​មនុស្ស​ចាស់​បាន​ស្នើសុំ​ប្រាក់ឧបត្ថម្ភ ការផ្ដល់​ប័ណ្ណ​សមធម៌ និង​ការផ្ដល់​មូនិធិ​គាំទ្រ​សមាគម​មនុស្ស​ចាស់​។

លោក តូច ចាន់នី ថា​៖ «​ឥឡូវនេះ ប្រាក់​ឧបត្ថម្ភ​មនុស្ស​ចាស់ គឺ​យើង​កំពុង​ធ្វើ​បណ្ដើរៗ ចឹង​មនុស្ស​វ័យចាស់​ចាប់ពី ៦០ ​ឆ្នាំទៅ ដែល​មាន​ជីវភាព​ក្រីក្រ គឺ​យើង​បាន​ផ្ដល់​ប័ណ្ណ​ក្រីក្រ​ជូន​គាត់​ហើយ​។ តាមតែ​ខ្ញុំ​ដឹង មនុស្ស​ចាស់​ជាង ៣០ ​ម៉ឺន​នាក់ ដែល​បាន​ទទួល​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ហើយ​យើង​កំពុង​ធ្វើ​បន្តៗ​ទៀត​»​។

លោក​បន្ថែម​ថា កន្លង​មកនេះ សមាគម​មនុស្ស​ចាស់​តាម​ឃុំ​-​សង្កាត់ មាន​ជាង ៤ ​ពាន់​ឃុំ​សង្កាត់ ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់ប្រាក់​ឧបត្ថម្ភ និង​ការគាំទ្រ​រួចហើយ​។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា គឺ​លោក ទុំ វីរ៉ា បាន​ប្រាប់ថា គោលបំណង​ក្នុង​ការ​ប្រារព្ធ​ទិវា​មនុស្ស​ចាស់​នេះ គឺ​ដើម្បី​បង្ហាញ​ពី​បញ្ហា​ប្រឈម តម្រូវការ​របស់​មនុស្ស​ចាស់ និង​ឱ្យ​ពិភពលោក​បាន​ដឹង​ពី​គុណតម្លៃ ដែល​មនុស្ស​ចាស់​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​សង្គម​។

លោក​លើកឡើង​ពី​តម្រូវការ​របស់​មនុស្ស​ចាស់​ដែល​ស្នើ​កន្លងមក ហើយ​ជាក់ស្ដែង​នៅក្នុង​ ៣ ​ចំណុច​នោះ រាជរដ្ឋាភិបាល​អាច​នឹង​ធ្វើ​ទៅ​បាន​តាម​អ្វី​ដែលជា​បទពិសោធ​នៃ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​រូបភាព​ទាំង​ជា​បច្ចេកទេស និង​ទាំង​ធនធាន​។

លោក ទុំ វីរ៉ា ​ថា​៖ «​ជារួម អ្វី​ទាំង​អស់​ហ្នឹង រាជរដ្ឋាភិបាល​គួរតែ​ផ្ដល់ជូន ឬក៏​ពិចារណា ហើយ​យ៉ាង​ហោចណាស់​ចំណុច​ទាំងអស់​នោះ ក៏​គួរតែ​អាច​ផ្ដល់ជូន​ណាមួយ ក្នុង​ចំណោម​បី​ចំណុច ពីព្រោះ​ចំណុច​ទាំង​ ៣ ​នេះ សុទ្ធតែ​ជា​តម្រូវការ​សំខាន់ៗ​របស់​មនុស្ស​ចាស់​»​។

លោក​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា​រាជរដ្ឋាភិបាល​នឹង​មាន​ជាការ​ឆ្លើយតប នៅក្នុង​កម្រិត​ណាមួយ ទោះបី​ជា​តិច ឬ​ច្រើន ឬមួយ​ក៏​មិន​បាន​ក្ដី ឬ​បាន​ក្ដី នៅក្នុង​ទម្រង់​មួយ​ដែល​មនុស្ស​ចាស់ គាត់​អាច​យល់​ផងដែរ ជៀស​ជាង​ខ្លឹមសារ​ដែល​បាន​ចែកចាយ​ជា​សាធារណៈ​ទៅ គឺ​វា​មិនមាន​ការឆ្លើយតប ជាពិសេស​ស្ថាប័ន​ដែល​ទទួលខុសត្រូវ​នីមួយៗ​»​។

កន្លងមក មាន​តំណាង​សមាគម​មនុស្ស​ចាស់​ចំនួន​ជិត ២០០ ​នាក់ មកពី ២៥ ​រាជធានី​-​ខេត្ត បាន​មក​ជួបជុំ​គ្នា​នៅក្នុង​វេទិកា​មនុស្ស​វ័យចាស់​ថ្នាក់ជាតិ​លើក​ទី​ ២ ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃទី​ ១៣-១៤ ខែកញ្ញា ឆ្នាំ​ ២០២២ នៅក្នុង​ខេត្ត​បាត់ដំបង ដោយ​ស្នើសុំ​ ៣ ចំណុច ដែល​ចំណុច​ទី​ ១​ នោះ​គឺ​៖ ការផ្ដល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​មនុស្ស​ចាស់​គ្រប់ៗ​គ្នា ទី​ ២៖ ការផ្ដល់​ប័ណ្ណ​សមធម៌​សម្រាប់​មនុស្ស​ចាស់​ទូទៅ និង​ទី​ ៣៖ ផ្ដល់​មូលនិធិ​ឃុំ​-​សង្កាត់ ដើម្បី​ជួយ​គាំទ្រ​ដល់​សមាគម​មនុស្ស​ចាស់​តាម​មូលដ្ឋាន​។

សូមបញ្ជាក់​ថា នៅ​ដើមឆ្នាំ ២០២១ របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​បាន​ឱ្យ​ដឹងថា​មនុស្ស​វ័យចាស់​ប្រមាណ ៥៥% បាន​រង​ផលប៉ះពាល់​ផ្នែក​ប្រាក់​ចំណូល ដោយសារ​មិនទាន់​បំពេញ​តម្រូវការ​មូលដ្ឋាន​របស់​ពួកគាត់​ក្នុង​ការ​រស់នៅ​។ ចំណែក​នៅសល់ ៤៥% ​ទៀត ទទួល​បាន​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល ក្នុង​អំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩៕