សៀមរាបៈ ក្រុម​គ្រូពេទ្យ​ព្យាបាល​នៅ​ផ្នែក​សង្គ្រោះ​ទារក​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី ៧ ខេត្តសៀមរាប ឬ​គន្ធបុប្ផា​ទី ៣ ​បាន​ព្យាបាល​ដោយ​ជោគជ័យ​ចំពោះ​ទារិកា​អាយុ ៦ ​ថ្ងៃ មកពី​ស្រុក​បវេល ខេត្ត​បាត់ដំបង ដែលមាន​ជំងឺ​តេតាណូស​ធ្ងន់ធ្ងរ ដោយ​សម្រាក​ពេទ្យ​រយៈពេល​ជាង ​២ ​ខែ​។

ហ្វេសប៊ុក Dr. Beat Richner បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​ ៣០ ខែ​កញ្ញា ថា ទារិកា​រូបនេះ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​ ៧ ខេត្ត​សៀមរាប ដោយសារ​ជំងឺ​តេតាណូស​ធ្ងន់ធ្ងរ​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​ទារិកា​នេះ​បាន​ព្យាបាល​ដោយ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​រយៈពេល ៥០ ​ថ្ងៃ (MV ៣៦ ​ថ្ងៃ និង​ CPAP ១៤ ​ថ្ងៃ​) ថ្នាំ​សណ្តំ​បំបាត់​កន្ត្រាក់​សាច់ដុំ ៥០ ​ថ្ងៃ ព្រមទាំង​បាន​ទទួល​ការព្យាបាល​ដោយ​ចលនា​រយៈពេល ១៧ ​ថ្ងៃ​។ ទារិកា​នេះ​បាន​សម្រាក​ពេទ្យ​សរុប ចំនួន ៦៥ ​ថ្ងៃ និង​បាន​ត្រលប់​ទៅផ្ទះ​វិញ​នៅ​ថ្ងៃ​ ៥ កក្កដា​»​។

ប្រភព​ដដែល​បញ្ជាក់ថា នា​ថ្ងៃទី ២៨ កញ្ញា ទារិកា​អាយុ​ ៣ ​ខែ​កន្លះ ទម្ងន់ ៤,៦ ​គីឡូក្រាម បាន​ត្រលប់​មកវិញ​តាម​ការណាត់ជួប​របស់​គ្រូពេទ្យ និង​មាន​សុខភាព​ល្អ​៕