កំពង់ចាមៈ ខេត្ត​កំពង់ចាម​នឹង​រៀបចំ​ការ​ប្រណាំងទូក ង ទ្រង់ទ្រាយ​ធំ និង​តាំងពិព័រណ៍​ភូមិ​មួយ​ផលិតផល​មួយ ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ចេញ​ព្រះវស្សា ឬ​ពិធីបុណ្យ អុំទូក អកអំបុក សំពះ​ព្រះខែ​នាពេល​ខាងមុខនេះ​។

បើតាម​របាយការណ៍​បណ្តោះអាសន្ន​មាន​ទូក ង ចំនួន​ប្រមាណ​ ៤០ ​ទូក​គ្រោង​នឹង​ចូលរួម​ប្រណាំង នៅ​ថ្ងៃទី​ ១០ ខែ​តុលា​។

គេហទំព័រ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម​ដកស្រង់​សម្ដី លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម ថ្លែង​ថា​៖ «​ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ​១០ ខែតុលា នៅ​មាត់​ទន្លេមេគង្គ ក្រុង​កំពង់ចាម​។ ការរៀបចំ​ពិធី​ខាងលើ​នេះ ដើម្បី​បង្កលក្ខណៈ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​បាន​មក​ទស្សនា​លេង​កម្សាន្ត​»​។

លោក​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ប្រារព្ធ​ពិធី​ប្រណាំង​ទូក ង ទ្រង់ទ្រាយ​ធំ និង​ការដាក់​តាំងពិព័រណ៍​ស្តីពី «​ភូមិ​មួយ​ផលិតផល​មួយ​» នា​ថ្ងៃទី ​៣០ ខែកញ្ញា ថា ក្រៅពី​នោះ ក៏មាន​ការរៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​សប្បាយៗ​ជាច្រើន​ប្រភេទ​ទៀត ដើម្បី​បង្កើន​ភាពសប្បាយ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ត​ផងដែរ​។

អភិបាល​ខេត្ត​រូបនេះ​បាន​ស្នើ​ដល់​គណៈកម្មការ​រៀបចំ​ពិធី​ប្រណាំងទូក​ខេត្ត​ពង្រឹង​ការហ្វឹកហាត់​ដល់​កីឡាករ ដោយ​ត្រូវ​ធានា​ថា កីឡាករ​អុំទូក​មាន​គ្រប់​ចំនួន គោរព​វិន័យ​បទបញ្ជា​ផ្ទៃក្នុង​ក្នុង​ការ​ប្រកួត និង​មាន​សេចក្តី​ថ្លៃថ្នូរ​។

លោក​បាន​ជំរុញ​ឱ្យ​មាន​ការតុបតែង​ទូក​ឱ្យ​មាន​សោភ័ណភាព ហើយ​កីឡាករ កីឡាការិនី​ក៏ត្រូវ​មាន​ឯកសណ្ឋាន​សមរម្យ​ផងដែរ​។

លោក អ៊ុន ចាន់ដា បាន​ជំរុញ​ដល់​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់​ត្រូវ​បង្កើន​ការខិតខំ​យកចិត្ត​ទុកដាក់​បន្តទៀត​លើ​ការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ពិធី​ប្រណាំងទូក​ក្នុង​ក្រុង​កំពង់ចាម​។

លោក​បាន​ជំរុញ​ដល់​ការសម្អាត​អនាម័យ​បរិស្ថាន និង​តុបតែង​លម្អ​ឱ្យ​បាន​សមរម្យ ដើម្បី​ធ្វើ​យ៉ាងណា​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​។

គេហទំព័រ​ដដែល​បញ្ជាក់​ថា​៖ «​បើ​យោងតាម​របាយការណ៍​បណ្ដោះអាសន្ន​ពី​គណៈកម្មការ​បាន​បញ្ជាក់​ថា ក្នុង​ពិធី​នេះ មាន​ទូក​ចូលរួម​ប្រណាំង ចំនួន ៤០ ​ទូក​» ៕