ភ្នំពេញៈ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រី​គុយបា​នឹង​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ៣ ​ថ្ងៃ នៅ​ថ្ងៃទី​ ៤-៦ ខែតុលា ដោយ​ប្រទេស​ទាំង​ ២ ​នឹង​ចុះហត្ថលេខា​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​កីឡា អប់រំ វប្បធម៌ និង​វិស័យ​ផ្សេងទៀត​។

ទស្សនកិច្ច​របស់​លោក Manuel Marrero Cruz មក​កាន់​កម្ពុជា​ធ្វើឡើង​ក្នុង​រយៈពេល​ប្រមាណ​ជិត ​១០ ថ្ងៃ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​គុយបា ដែល​បាន​បញ្ចប់​នៅ​ប៉ុន្មាន​ថ្ងៃមុន​ក្នុង​សប្តាហ៍​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​ ១ ខែ​តុលា ថា លោក Manuel Marrero Cruz នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រះបរមរាជវាំង​។ លោក​នឹង​ជួប​ជាមួយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​នាយករដ្ឋមន្ត្រី​គុយបា​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ នាយករដ្ឋមន្ត្រី​ទាំង​ ២ ​នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ដែល​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត ក្នុង​វិស័យ កីឡា អប់រំ និង​វប្បធម៌ ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀតផង​ដែរ​»​។

លោក Manuel Marrero Cruz ក៏​នឹង​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និង​នៅ​មណ្ឌប ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ «​ព្រះបរម​រតនកោដ្ឋ​» អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹង​បញ្ជាក់​ជាថ្មី​អំពី​ទំនាក់​ទំនង​យូរអង្វែង និង​ប្រកប​ដោយ​មិត្តភាព​រវាង​កម្ពុជា និង​គុយបា ក៏ដូចជា​នឹង​គូសបញ្ជាក់​ពី​តម្រូវការ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​កាន់តែ​ប្រសើរ​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំង ​២»៕