ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ត្រូវ​បាន​ដាក់ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​សាកល្បង​នៅ​ថ្ងៃទី​ ១ តុលា​នេះ ក្នុង​រយៈពេល​មួយ​ខែ ដោយ​មិន​គិតថ្លៃ​។ ក៏ប៉ុន្តែ​យ៉ាងណា​នៅ​ថ្ងៃ​ដំបូង មាន​បញ្ហា​មួយ​ចំនួន​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​កត់សម្គាល់​នោះ គឺ​មាន​អ្នកបើកបរ​ខ្លះ​បើក​ហួស​ល្បឿន​កំណត់ ខ្លះ​បើកបរ​បញ្ច្រាសទិស និង​ខ្លះ​បាន​ប្រើប្រាស់​មធ្យោបាយ​ទោចក្រយានយន្ត​កម្លាំង​ក្រោម​៥០០cc ធ្វើ​ដំណើរ​។

លោក ហ៊ាង សុធាយុត្តិ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន កត់សម្គាល់​ថា នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បើកបរ​លើស​ល្បឿន​កំណត់ ព្រោះ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​សភាព​ល្អ ធំ​ទូលាយ​។ លោក​ថា​៖ «​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច គឺ​មាន​ការថត​ក្នុង​បណ្តាញ​សង្គម បង្ហាញ​ពី​កុងទ័រ​ល្បឿន​របស់​ខ្លួន ថា​ខ្លួន​បើក​បាន​នៅ​ប៉ុណ្ណេះៗ​។ ក៏ប៉ុន្តែ​កិច្ចការងារ​នេះ អ្វី​ដែល​គាត់​អនុវត្ត​ខុសពី​វិធានការ​ច្បាប់​នេះ នឹង​ត្រូវ​ប្រឈម​នឹង​នគរបាល​ជំនាញ ហើយ​នគរបាល​ជំនាញ ក៏​បាន​ធ្វើការ​ណែនាំ​ខ្លះ គឺ​ការអនុវត្ត​មាន​ភាពទន់ភ្លន់ ក៏ត្រូវ​ការ​ដែរ​ពី​ម្ចាស់​ខ្លួនឯង​ជា​អ្នកបើកបរ ត្រូវ​គោរព​ឱ្យបាន​ច្បាស់​ស្តីពី​ចរាចរណ៍​ផ្លូវគោក គោរព​នូវ​ក្រមសីលធម៌​»​។

ក្រៅពី​នេះ ក៏មាន​ផងដែរ ករណី​ម៉ូតូ​កម្លាំង​តូចៗ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​នៅលើ​ផ្លូវ​ល្បឿន​លឿន​។ នេះ​បើ​តាម​លោក ហ៊ាង សុធាយុត្តិ​។

យ៉ាងណាមិញ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ​បាន​ឱ្យដឹងថា មួយ​ព្រឹក​នៃ​ការបើក​ដំណើរការ​សាកល្បង មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ បាន​គោរព​ទៅ​តាម​ការណែនាំ​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ខណៈ​ដែល​ចរាចរណ៍​មាន​សភាព​មមាញឹក តែ​ក៏​មិន​នាំ​ឱ្យ​ការកកស្ទះ​នោះដែរ​។

លោក គឹម បញ្ញា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី យល់ឃើញថា​៖ «​ការបំពាន​របស់​អ្នក​បើកបរ​មួយចំនួន​អំឡុង​ពេល​ធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​នេះ អាច​មកពី​កត្តា​បីយ៉ាង​។ ទី​ ១ គឺ​ដោយសារ​តែ​អ្នកបើកបរ​មិនទាន់​យល់ដឹង​ពី​គោលការណ៍​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​។ ទី​ ២ គឺអាច​មកពី​ទម្លាប់​របស់​អ្នកបើកបរ​។ និង​ទី ​៣ អាច​មកពី​អារម្មណ៍​រីករាយ​របស់​អ្នកបើកបរ ដែល​ចង់​ថតរូប​នៅតាម​ដងផ្លូវ​ល្បឿន​លឿន​ជាដើម​»​។ សម្រាប់​លោក គឹម បញ្ញា ទាំងនេះ គឺជា​បញ្ហា​ដែល​ក្រសួង​សាធារណការ និង​នគរបាល​ត្រូវ​ពង្រឹង​ការផ្សព្វផ្សាយ​អប់រំ ដើម្បី​បញ្ចៀស​កុំឱ្យ​គ្រោះថ្នាក់​កើតឡើង​នៅលើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​។

ជាមួយ​គ្នា​នេះ អ្នក​ជំនាញ​ផ្នែក​ចរាចរណ៍​រូបនេះ ផ្ដល់​ជា​យោបល់​ខ្លះ ដើម្បី​បញ្ចៀស​កុំឱ្យ​គ្រោះថ្នាក់​ជាយថាហេតុ​កើតឡើង ដោយ​ក្នុង​នោះ រួមមាន ការ​ក្រើនរំឭក​នៅ​តាម​បញ្ជរ​បង់លុយ មុន​នឹង​ឱ្យ​អ្នកបើកបរ​ផ្លូវ​ល្បឿន​លឿន​ធ្វើដំណើរ​លើ​ដងផ្លូវ ដោយ​ក្រសួង​សាធារណការ​គួរ​រៀបចំ​ឱ្យ​កម្មវិធី​តាម​ប្រព័ន្ធ​ទូរ​សព្ទ ដែល​អាច​ឱ្យ​សញ្ញា​ដល់​អ្នកបើកបរ ពេល​ធ្វើ​ដំណើរ​ដល់​តំបន់​ដែល​អាច​ប្រឈម​ខ្ពស់​នឹង​គ្រោះថ្នាក់​។ ការពង្រឹង​ច្បាប់​ពេល​បើកបរ ក៏​ជា​កត្តា​មួយ​ដែល​លោក គឹម បញ្ញា យល់​ថា រដ្ឋ​គួរតែ​បំពាក់​កាំមេរ៉ា​សុវត្ថិភាព​ចាប់​ល្បឿន​ឱ្យ​ដូច​ទៅនឹង​ផ្លូវជាតិ​លេខ​ ៣​។

បើតាម​លោក គឹម បញ្ញា ក៏មាន​កត្តា​ផ្សេងៗ​ទៀត ដែល​ក្រសួង​សាធារណការ​ត្រូវ​យកចិត្ត​ទុកដាក់​ដែរ នោះ​គឺ ការកំណត់​លក្ខខណ្ឌ​សុវត្ថិភាព​នៃ​ដងផ្លូវ ការរៀបចំ​ឱ្យមាន​រថយន្ត​សង្គ្រោះ​បឋម​ជាប្រចាំ នៅ​ពេល​មាន​គ្រោះថ្នាក់​កើតឡើង ការផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​មូលដ្ឋាន​កុំឱ្យ​កាត់​របង​បន្លាលួស ដើម្បី​ឆ្លង​ចូល​មក​ផ្លូវ​ល្បឿន​លឿន​។

ជាពិសេស​ទៀត​នោះ លោក គឹម បញ្ញា លើកឡើង​ថា រដ្ឋ​គួរតែ​ប្រើ​យន្តការ​ក្នុងការ​ពិន័យ​ដល់​អ្នកបើកបរ​ណា ដែល​ធ្លាប់​បង្ក​គ្រោះថ្នាក់​លើផ្លូវ​ល្បឿន​លឿន​នេះ​ជា​ញឹកញយ​។ បើតាម អ្នកជំនាញ​ផ្នែក​ចរាចរណ៍ រដ្ឋ​គួរតែ​ពិន័យ​បុគ្គល​ដែល​បង្ក​គ្រោះថ្នាក់ កុំ​ឱ្យ​ប្រើប្រាស់​ផ្លូវ​មួយ​នេះ ក្នុង​រយៈពេល​មួយ ដើម្បី​ធានា​ថា មិនមាន​គ្រោះថ្នាក់​ណា​ផ្សេងទៀត ដែល​អាច​បង្កឡើង​៕