ភ្នំពេញៈ ក្រសួង​បរិស្ថាន​ប្រកាស​ថា កម្ពុជា​បាន​ត្រៀម​រួចរាល់​ហើយ ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ឧត្តមមន្ដ្រី​បរិស្ថាន​អាស៊ាន​នៅ​ខេត្ដ​សៀមរាប នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ១ ខែតុលា ថា​៖ «​កម្ពុជា​បាន​ត្រៀម​រួច​ជាស្រេច ក្នុង​ការធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ឧត្តមមន្ដ្រី​បរិស្ថាន​អាស៊ាន​លើក​ទី​ ៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅលើ​ទឹកដី​អង្គរ ខេត្ដ​សៀមរាប​ចាប់ពី​ថ្ងៃទី ៣ ដល់ ថ្ងៃទី ៧ ខែតុលា ឆ្នាំ​ ២០២២»​។

កិច្ចប្រជុំ​នេះ នឹង​ពិភាក្សា​អំពី​ការអភិរក្ស​ជីវៈចម្រុះ និង​ធម្មជាតិ ការគ្រប់គ្រង​បរិស្ថាន​តំបន់​ឆ្នេរ​ និង​សមុទ្រ ការគ្រប់គ្រង​ធនធាន​ទឹក ទីក្រុង​និរន្តរភាព​បរិស្ថាន ការប្រែប្រួល​អាកាសធាតុ សារធាតុ​គីមី និង​សំណល់ អប់រំ​បរិស្ថាន ផលិតកម្ម និង​ការប្រើប្រាស់​ដោយ​និរន្តរភាព ការបំពុល​បរិស្ថាន​ផ្សែង​អ័ព្ទ​ឆ្លងដែន និង​បញ្ហា​បរិស្ថាន​សកល​។

ប្រភព​ដដែល​បន្តថា កិច្ចប្រជុំ​នេះ​ក៏​នឹង​ពិភាក្សា​ជំហរ​រួម​អាស៊ាន​លើ​សេចក្តី​ព្រាង​ប្រកាស​រួម​អាស៊ាន​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ការងារ​ជីវៈចម្រុះ​។

ជាមួយ​គ្នា​នេះ ក៏មាន​កិច្ចប្រជុំ​ឧត្តមមន្ត្រី​បរិស្ថាន​អាស៊ាន​បូក​ ៣ បូក​ចិន ជប៉ុន កូរ៉េខាងត្បូង ដើម្បី​ពិនិត្យ​មើល​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ ដែល​ប្រទេស​រដ្ឋ​សមាជិក​អាស៊ាន​បាន​ឯកភាព​គ្នា​នៅក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល ៥​ ឆ្នាំ និង​បន្ត​ពង្រឹង​ពង្រីក​ភាព​ជា​ដៃគូ​រវាង​អាស៊ាន​បូក​ ៣ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​តាម​តម្រូវការ​ក្នុង​ក្របខ័ណ្ឌ​នៅក្នុង​តំបន់​លើ​វិស័យ​បរិស្ថាន​។

ក្នុង​នោះ​ដែរ ក៏មាន​កិច្ចប្រជុំ​ឧត្តមមន្ត្រី​បរិស្ថាន​អាស៊ាន​-​អាមេរិក និង​កិច្ចប្រជុំ​អាស៊ាន​-​អឺរ៉ុប​ផងដែរ ដើម្បី​ពិភាក្សា​គ្នា​ស្តីពី​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុង​ក្របខ័ណ្ឌ​តំបន់​ជាមួយ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។

លទ្ធផល​នៃ​កិច្ចប្រជុំ​ទាំងអស់​នេះ ក៏​នឹងដាក់​ឆ្លង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ពិនិត្យ​ និង​អនុម័ត​នា​ឆ្នាំ ​២០២៣ ខាងមុខ​។

នៅ​ថ្ងៃទី​ ៥ ខែតុលា គឺជា​ពិធី​បើក​កិច្ចប្រជុំ​ឧត្តម​មន្ដ្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ លើក​ទី ៣៣ នៅ​ខេត្ដ​សៀមរាប ជា​ផ្លូវការ​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា កិច្ចប្រជុំ​ទាំងនេះ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​ឧត្តមមន្ត្រី​បរិស្ថាន​មកពី​ប្រទេស​ចំនួន​ ១៥ រួមមាន​ប្រទេស​អាស៊ាន​ទាំង ​១០ ប្រទេស​ចិន កូរ៉េ​ខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​លេខាធិការដ្ឋាន​អាស៊ាន​៕