ភ្នំពេញៈ រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថវិការដ្ឋ​ចំនួន​ប្រមាណ ៦ ​លាន​ដុល្លារ អាមេរិក​ដើម្បី​ដំណើរការ​គម្រោង​សាងសង់​ប្រព័ន្ធ​បញ្ជូន​ទឹកស្អាត​ទៅ​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង ស្ថិត​ក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្ត​សៀមរាប ឱ្យ​បាន​ទាន់​ពេលវេលា​។

លិខិត​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​ ១ ខែតុលា បញ្ជាក់​ថា​៖ «​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថវិកា​រដ្ឋ​ចំនួន​ប្រមាណ ៦ ​លាន​ដុល្លារ​អាមេរិក ដើម្បី​ដំណើរការ​គម្រោង​សាងសង់​ប្រព័ន្ធ​បញ្ជូន​ទឹកស្អាត​ទៅ​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង ស្ថិតក្នុង​ឃុំ​ពាក់ស្នែង​ ស្រុក​អង្គរធំ ខេត្ត​សៀមរាប ឱ្យ​បាន​ទាន់​ពេលវេលា​»​។

លិខិត​ដដែល​បញ្ជាក់​ថា ចំនួន​ទឹកប្រាក់​សរុប​នេះ​មាន​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​បញ្ជូន​ទឹកស្អាត ស្ថានីយ​បូម​ជំរុញ​សម្ពាធ​ទឹក​ ១​ កន្លែង និង​អាង​ស្តុក​ទឹក​ចំណុះ ៥០០ ​ម៉ែត្រគុប​ចំនួន​ ១​។

តំបន់​អភិវឌ្ឍន៍​ពាក់ស្នែង​បែងចែក​ជា ៤ ៧៦៥ ​ឡូត៍ ដោយ​ធ្វើ​ផ្លូវ​ចូល និង​សាងសង់​វិទ្យាល័យ និង​មណ្ឌល​សុខភាព​។

នៅក្នុង​លិខិត​នេះ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដឹកនាំ​ផ្ទាល់​លើ​ការអនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​បញ្ជូន​ទឹកស្អាត​ទៅ​តំបន់​អភិវឌ្ឍន៍​ពាក់ស្នែង​។

លិខិត​ដដែល​បន្តថា ក្រសួង​នេះ​ត្រូវ​រៀបចំ​នូវ​យន្តការ​ការងារ​របស់​ខ្លួន​ដោយ​ប្រគល់​ភារកិច្ច​ឱ្យ​អង្គភាព​ជំនាញ​នៅ​ក្រោម​ឱវាទ​បំពេញ​ការងារ​ទៅ​តាម​មុខសញ្ញា ហើយ​ក្រសួង​នេះ​ក៏​ជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​ និង​គ្រប់គ្រង​ផ្ទាល់​លើ​កិច្ចការ​ទាំងនោះ សំដៅ​ធានា​ប្រសិទ្ធភាព​ការងារ គុណភាព​ល្អប្រសើរ និង​ការអនុវត្ត​គម្រោង​បាន​ទាន់​ពេលវេលា​៕