
ផ្ទាំងពាណិជ្ជកម្មស្រាបៀរ តាមដងផ្លូវ១កន្លែងក្នុងរាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ «ភ្នំពេញរាជធានី ជាទីប្រជុំជន មានទាំងមាគ៌ា ដ៏សឹងស្អាតៗ ទាំងវាំងប្រាសាទ មានរចនា យ៉ាងល្អថ្លៃថ្លា គួរតែទស្សនាកន្លង ស្រីប្រុសផងណា កាយាភុំផាន! ភ្នំពេញជាទីប្រសើរ គួរឱ្យចង់ដើរកម្សាន្តជាមួយកល្យាណ...» នេះជាបទចម្រៀងមានចំណងជើងថា «ភ្នំពេញ» ច្រៀងរៀបរាប់ពីសោភ័ណដ៏ស្រស់ស្អាតរបស់រាជធានីក្រោមព្រះរាជស្នាដៃនិពន្ធរបស់ព្រះបរមរតនកោដ្ឋក្នុងពេលអតីតកាល។ តែបច្ចុប្បន្នកាល ភ្នំពេញកាន់តែស៊ីវិល័យដោយមានវត្តមានអគារខ្ពស់ៗ តែទន្ទឹមនឹងភាពស៊ីវិល័យនេះ រាជធានីភ្នំពេញរំលេចស្អេកស្កះដោយផ្ទាំងពាណិជ្ជកម្មស្រាបៀរ និងផ្ទាំងពាណិជ្ជកម្មក្រុមហ៊ុនអេឡិចត្រូនិកជាដើមហើយភាគច្រើនដាក់តាំងបង្ហាញតាមភ្លើងស្តុបនៅបណ្ដោយផ្លូវធំៗ។
នៅក្នុងបរិបទកូវីដ១៩នេះគេក៏បានប្រទះឃើញការបង្ហាញសារ រំឭកពលរដ្ឋឱ្យប្រយ័ត្ននិងការពារកូវីដ១៩ ហើយម្ដងម្កាលគេក៏បានឃើញផងដែរ សារដាស់តឿនរបស់នាយករដ្ឋមន្ត្រីអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយតែគេហាក់មិនសូវឃើញផ្ទាំងទស្សនីយភាពប្រាង្គប្រាសាទខ្មែររំលេចលើផ្ទាំងប៉ាណូតាមដងផ្លូវដូចពាណិជ្ជកម្មស្រាឡើយ។
«ប្រសិនបើរាជធានីខេត្ត អាចដកចេញនូវផ្ទាំងពាណិជ្ជកម្មស្រាបៀឬក្រុមហ៊ុននានាបាន ខ្ញុំគិតថា ជាការល្អមែនទែនសម្រាប់សោភ័ណភាពក្រុង។ នេះ ជាការលើកឡើងរបស់លោកសុភា។ នៅក្នុងអាជីពជាគ្រូបង្រៀនលោកសុភាយល់ថា រាជធានីភ្នំពេញ បានប្ដូរមុខមាត់ថ្មីគួរឱ្យស្ងប់ស្ងែងដោយមានអគារខ្ពស់ៗ តែមិនគួរបន្តមានផ្ទាំងពាណិជ្ជកម្មស្រានោះទេ។ «យើងអាចផ្លាស់ប្ដូរស្លាកស្រាបៀរ ឬពាណិជ្ជកម្មទាក់ទងគ្រឿងស្រវឹងផ្សេងៗនៅតាមប៉ាណូហ្នឹង! ទៅជារូបព្រះឆាយ៉ាល័ក្ខព្រះមហាក្សត្រ ឬ មួយក៏ប្រសាសន៍សំខាន់ៗរបស់នាយករដ្ឋមន្ត្រី។ ក៏គួរតែដាក់តាំងបង្ហាញផងដែរតំបន់ទេសចរណ៍នៅកម្ពុជា ព្រោះមែនទែនទៅជិតដល់ការរៀបចំស៊ីហ្គេមនៅឆ្នាំ ២០២៣ ហើយប្រសិនបើយើងផ្សព្វផ្សាយពីសក្ដានុពលតំបន់ទេសចរណ៍ពីឥឡូវទៅនឹងធ្វើឱ្យភ្ញៀវជាតិនិងអន្តរជាតិស្គាល់ពីតំបន់ទេសចរណ៍សម្បូរបែបរបស់កម្ពុជាកាន់តែច្រើន»។
បទពិសោធរបស់ខេត្តកំពង់ស្ពឺដកចេញផ្ទាំងប៉ាណូស្រាបៀរជាអ្វីដែលលោកសុភាចង់ឃើញរាជធានីភ្នំពេញអនុវត្តបែបនេះដែរ។«វាអាចជាការរួមចំណែកមួយបានដែរក្នុងការកាត់បន្ថយចំនួនអ្នកផឹកស្រាបានខ្លះដែរ។ បើកាន់តែល្អលុបបំបាត់ផងដែរការផឹកស្រាឈ្នះរង្វាន់ព្រោះវាជាគ្រោះថ្នាក់ជំរុញឱ្យមនុស្សកាន់តែផឹក»។
ចំណែកលោកម៉ាណែតមើលឃើញថា ផ្ទាំងពាណិជ្ជកម្មស្រាបៀរនៅតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញឬទីប្រជុំជន មិនស័ក្តិសមជាប្រទេសកាន់សាសនាព្រះពុទ្ធ។ «យើងគិតថា វាមិនស័ក្តិសមជាមួយនឹងប្រទេសដែលមានប្រជាប្រពលរដ្ឋកាន់សាសនាព្រះពុទ្ធប្រមាណជា៩០ភាគរយទៅហើយ ហើយក្នុងបម្រាមរបស់ព្រះពុទ្ធហាមយើងមិនឱ្យសេពគ្រឿងស្រវឹងនិងគ្រឿងញៀនផ្សេងៗ»។
សម្រាប់លោកម៉ាណែតព្រួយបារម្ភកាន់តែខ្លាំងខ្លាចមានការយល់ច្រឡំពីបរទេសថា ប្រាសាទរបស់ខ្មែរមានតែលើសម្បកកំប៉ុងស្រាបៀរ ខណៈដែលក្រុមហ៊ុនស្រាបៀរមួយចំនួននៅក្នុងស្រុកបានប្រើប្រាស់រូបភាពប្រាង្គប្រាសាទលើកំប៉ុងស្រាបៀរ។ «សម្បត្តិវប្បធម៌ដូចជាប្រាង្គប្រាសាទល្បីៗយកទៅផ្ដិតលើសម្បកកំប៉ុងស្រាបៀរ! ចុះឧទាហរណ៍ថ្ងៃក្រោយគេចង់ស្រាវជ្រាវពាក្យអង្គរវត្ត បែរជាចេញដបស្រាបៀរអ៊ីចឹង! បរទេសអាចគិតថា អង្គរវត្តហ្នឹងតាមពិតមិនមែនជាប្រាសាទផងគឺជាកំប៉ុងស្រាបៀរទៅវិញ»។
បើតាមអាច លោក ម៉ាណែត នៅក្នុងវ័យ ៣០ឆ្នាំ ចង់ឃើញរាជធានីភ្នំពេញដាក់តាំងបង្ហាញអ្វីដែលជាអត្តសញ្ញាណជាតិកាន់តែច្រើនបន្ថែមទៀត។ «ក្បូរក្បាច់រចនាផ្សេងៗដែលទាក់ទងអត្តសញ្ញាណជាតិគួរតែដាក់តាំងបង្ហាញឱ្យបានច្រើនតាមរយៈផ្ទាំងប៉ាណូក្នុងរាជធានីភ្នំពេញ។ បើកាលណាយើងបង្ហាញរូបភាពហ្នឹងកាន់តែច្រើនធ្វើឱ្យមានការផ្លាស់ប្ដូរគំនិតក្នុងសង្គមក្នុងការស្រឡាញ់និងអភិរក្សអ្វីដែលជាអត្តសញ្ញាណជាតិ»។
ជាការពិតការផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌ខ្មែរបានធ្វើឡើងរួចហើយតាមរយៈប្រព័ន្ធអនឡាញ។ ប៉ុន្តែការផ្សព្វផ្សាយអនឡាញតែមួយមុខនៅមិនគ្រប់គ្រាន់នោះទេ គួរតែបង្ហាញផ្ទាំងទស្សនីយភាពពិតដល់ភ្ញៀវបរទេសជាពិសេសរូបភាពប្រាសាទអង្គរនិងប្រាង្គប្រាសាទខ្មែរមួយចំនួនទៀតដែលមានច្រើនរាប់មិនអស់។ នេះបើតាមលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។
លោកបន្ថែមថា ការផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្មស្រាបៀរឬក្រុមហ៊ុនានា រដ្ឋជាអ្នកទទួលបានពន្ធពីការផ្សព្វផ្សាយនេះ តែលោកយល់ថា ពន្ធពីផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្មប្រភេទនេះមិនផ្ដល់ផលចំណេញសម្រាប់កម្ពុជាសោះឡើយ។ «នៅកម្ពុជាខ្ញុំមិនបានដឹងទេថា យើងទទួលបានចំណូលប៉ុន្មានពីពន្ធផ្ទាំងស្របៀរនេះ តែបើនៅប្រទេសថៃគេគិតថា ពន្ធដែលគេទទួលបាននិងការដោះស្រាយទៅលើបញ្ហាដែលបានកើតឡើងដែលបណ្ដាលមកពីឥទ្ធិពលនៃគ្រឿងស្រវឹងគឺមិនអាចទូទាត់គ្នាបានឡើយ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការផ្សាយពាណិជ្ជកម្មតាមរយៈការលើកស្លាក បដា ប៉ាណូផ្សេងៗ នៅរាជធានីភ្នំពេញ គឺស្ថិតក្រោមសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ។ ការប្រមូលចំណូល ក៏ដូច្នោះដែរ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មទេ។ កន្លងទៅ ពេលចងបដាផ្សព្វផ្សាយពីការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ក៏ក្រសួងពាណិជ្ជកម្មសុំការអនុញ្ញាតពីសាលារាជធានីដែរ។
មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញទាក់ទងមិនបានឡើយ៕
វីដេអូ៖