ភ្នំពេញៈ ​ម្ចាស់​អាជីវកម្ម​ខុសច្បាប់​ជាង​៩០​ភាគរយ បាន​បញ្ឈប់​សកម្មភាព ក្រោយពី​នគរបាល​បាន​បើក​យុទ្ធនាការ​បង្ក្រាប​នៅ​ទូទាំងប្រទេស​រយៈពេល​៨​ថ្ងៃ ហើយ​បាន​កំពុងតែបន្ត​សកម្មភាព​បង្ក្រាប និង​អប់រំ​ឱ្យ​បញ្ឈប់​ការលេង​ល្បែង​។​

លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ ស្តីពី​បង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៣០​ខែកញ្ញា​ជាមួយ​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ថា ក្រសួងមហាផ្ទៃ​នឹង​បន្ត​បោសសម្អាត​ទីតាំង​ល្បែង​ខុសច្បាប់​បន្តទៀត​។​

លោក សុខ ផល ថ្លែងថា​៖« យើង​ដឹង​ហើយ ១​ថ្ងៃៗ​បង្ក្រាប​រាប់រយ​កន្លែង តែ​ឥឡូវ​ស្ងាត់ ហើយ​ក្នុង​រយៈពេល​៨​ថ្ងៃ​យើង​ឃើញថា​នៅ​ទីតាំង​ខ្លះ​ឈប់​ដោយ​ខ្លួនឯង អាច​និយាយថា​ដល់ ៩០ ភាគរយ​ផង​។ ប៉ុន្តែ​នៅ​ទីតាំង​តិចតួច​មិនទាន់​ឈប់​ដោយ​មូលហេតុ​យ៉ាងម៉េច​យើង​ក៏​មិនទាន់​ដឹង ដូច្នេះ​យើង​នឹង​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​ខេត្ត​ផ្សេងៗ​ទៀត​ដែរ ដើម្បី​បោសសម្អាត​និង​បញ្ឈប់​ទីតាំង​ល្បែង​ខុសច្បាប់​»​។​

លោក​បាន​គូសបញ្ជាក់ថា ចំពោះ​ទីតាំង​ល្បែង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅតាម​មូលដ្ឋាន​ភូមិ ឃុំ ស្រុក គឺ​អាជ្ញាធរ​មូលដ្ឋាន​បោសសម្អាត​បាន​ច្រើន​ហើយ គឺ​នៅសល់​តិចតួច និង​កំពុង​បន្ត​បង្ក្រាប​។​

រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ក្រោយ​ទទួលបាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រុមការងារ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រះសីហនុ ចុះបង្ក្រាប​ទីតាំង​ល្បែង​ខុសច្បាប់​ចំនួន​៥​កន្លែង នៅក្នុង​ក្រុងព្រះសីហនុ និង​បាន​រកឃើញ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​។ ក្នុងចំណោម ៥​ទីតាំង​នោះ រកឃើញ​ជនបរទេស​សរុប​ជាង ១​ពាន់​នាក់ ដែលមាន ១០​សញ្ជាតិ ពាក់ព័ន្ធ​ករណី​សង្ស័យ ជួញដូរ​មនុស្ស សញ្ចារកម្ម ល្បែង​អន​ឡាញ​និង​ការ​ស្នាក់នៅ​របស់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាដើម​។​

រដ្ឋបាលខេត្ត​បានឱ្យដឹងថា​៖«​ក្រុមការងារ​នឹង​បន្តធ្វើ​ការត្រួតពិនិត្យរ​ដ្ឋ​បាល​ដូច​ភ្លៀងរលឹម​នៅតាម​បណ្តា​ទីតាំង​អាជីវកម្ម​ដែល​សង្ស័យ​មិនមាន​ច្បាប់​អនុញ្ញាត ព្រមទាំង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ម្ចាស់​អាជីវកម្ម ក្នុងករណី​រកឃើញ​បទល្មើស​»​។​

ពាក់ព័ន្ធ​ការបង្ក្រាប​ល្បែង​នេះដែរ លោក ម៉ែន អេង អភិបាលរង​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១ ខែតុលា បាន​ដឹកនាំ​ក្រុមការងារ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​លេងល្បែង​ឈ្មោះ បក្សី​កីឡា ស្ថិតនៅ​ខាងក្នុង​បរិវេណ​កាស៊ីណូ New World ស្ថិតក្នុង​ក្រុង​បាវិត បន្ទាប់ពី​ទទួលដំណឹង​ថា កាស៊ីណូ​នេះ មាន​បង្កប់​ល្បែង​ជល់​មាន់ ល្បែង​អន​ឡាញ បៀរ​អាប៉ោង ដែល​អនុញ្ញាតឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ​។​

លោក ម៉ែន អេង ឱ្យដឹងថា ក្រោយ​ចុះ​ត្រួតពិនិត្យ​រកឃើញថា ក្រុមហ៊ុន​កាស៊ីណូ New World មាន​អាជ្ញាប័ណ្ណ​កាស៊ីណូ​ត្រឹមត្រូវ ដែលមាន​សុពលភាព​រហូតដល់​ឆ្នាំ​២០២៦ ចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​។​

​លោក​ថា​៖« ទីតាំង​ល្បែង​បក្សី​កីឡា ពុំមាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង ដូច​ការចុះផ្សាយ​ទេ ហើយ​អ្នកគ្រប់គ្រង​ទីតាំង​ល្បែង​បក្សី​កីឡា បាន​បញ្ជាក់ថា​ពុំបាន​អនុញ្ញាតឱ្យ​ជនជាតិខ្មែរ​ចូល​លេង​ទេ ប៉ុន្តែ​មាន​បុគ្គលិក​ខ្មែរ​នៅ​ទីនោះ​»​។

​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃ្លាំង ហួត ថ្លែងថា សម្រាប់​បេសកកម្ម​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ និង​កុងស៊ីបញ្ចាំ​ខុសច្បាប់ ជា​ភារកិច្ច​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​ត្រូវអនុវត្ត​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។

លោក​ថា​៖« បញ្ហា​កុងស៊ីបញ្ចាំ​ខុសច្បាប់​ជា​ប្រភព​នាំឱ្យមាន​បទល្មើស ការលេង​ល្បែង និង​ប៉ះពាល់​ដល់​ជីវភាព​ប្រជាជនមាន​ចំណូល​ទាប​»។​

លោក​បាន​រំឭកថា ការមិន​ចូលរួម​មិន​អើពើ​របស់​មន្ត្រី កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ គឺ​ស្មើនឹង​មើលងាយ​បទបញ្ជា​ថ្នាក់ដឹកនាំ មើលងាយ​ប្រជាជន​ស្លូតត្រង់​។​

ជាមួយគ្នានេះ​លោក​គូសបញ្ជាក់ថា សម្រាប់​រាជធានី​ភ្នំពេញ ទីតាំង​ឃ្លាំង​រំសេវ ស្ថិតនៅ​ខណ្ឌទួលគោក និង​ទីតាំង​ដទៃទៀត​ត្រូវតែ​បំបាត់​ការទទួល​បញ្ចាំ​របស់​ចោរ និង​របស់​គ្មាន​ឯកសារ​គ្រប់គ្រាន់​៕

វីដេអូ៖