ភ្នំពេញៈក្នុង​​រយៈ​ពេល​ ៩​ខែ​ដើម ​ឆ្នាំ​ ២០២២​នេះ​ សមត្ថ​កិច្ច​កម្ពុជា​រឹប​អូស​បាន​គ្រឿង​ញៀន​ចំនួន​៦,២៥​​តោន ដែល​កើន​ឡើង​ជិត​ ៥​ដង ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ កាលពី​ឆ្នាំ​២០២១​ ដែល​មាន​​តែ​ជាង​ ១​តោន​។ នេះ​បើតាម​របាយ​ការណ៍ចេញ​ផ្សាយ​ដោយ​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​កាល​ពីថ្ងៃ​ទី​១ ​ខែតុលា​។​

​បើ​តាម​របាយ​ការណ៍​ដដែល ក្រៅ​ពី​ការ​រឹប​អូស​គ្រឿង​ញៀន ​សមត្ថ​កិច្ច​ក៏បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នេះ​ចំនួន ១១​៤៣១​នាក់​។ចំនួន​នេះ​កើន​ឡើង​ប្រមាណ​១៦​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១​ដែល​មាន​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿង​ញៀន​ចំនួន ​៩ ៨២៨​នាក់​។

​គួរ​ជម្រាប​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ​គ្រឿង​ញៀន​ដែល​សមត្ថ​កិច្ច​រឹបអូស​បាន​ រួម​មាន​ កូ​កា​អ៊ីន ហេ​រ៉ូ​អ៊ី​ន កេ​តា​មីន ​មេ​តំ​ហ្វេ​តា​មីន អេស​ស្តា​ស៊ី គ្រី​ស្តាល់​ និង​ខេ​ធី​ណូន​ ជា​ដើម​។ក្រៅ​ពីនោះ​ក៏​មាន​ការ​រឹប​អូស​នូវ​មធ្យោ​បាយ​ និង​ឧប​ករណ៍​បម្រើ​ដល់​ការ​ផលិត​និង​ចែក​ចាយ​គ្រឿង​ញៀន​ផង​ដែរ ​មាន​ជា​អា​ទិ៍ដូច​ជា ជ​ញ្ជីង​ចំនួន​ ៣២៩​គ្រឿង ​កាំភ្លើង​ខ្លី២៣​ដើម ​កាំភ្លើង​វែង៤៩​ដើម ​រថយន្ត​ចំនួន ​១១៩​គ្រឿង ​ម៉ូតូ​ចំនួន​១ ១៨៣​គ្រឿង និង​ទូរ​ស័ព្ទ​ចំនួន ៤ ៣៨១​គ្រឿង​។

​ពាក់​ព័ន្ធ​នឹងការ​​កើន​ឡើង​នូវបទ​ល្មើស​គ្រឿង​ញៀន​នៅ​កម្ពុជា​នេះ លោក​ មាស វិ​រិ​ទ្ធ អគ្គ​លេខា​ធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​និន្នា​ការ​ថ្មីនៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​តាម​រយៈ​ក្រុម​ឈ្មួញ​ធ្វើ​ឱ្យ​តម្លៃ​គ្រឿង​ញៀន​ធូរ​ថ្លៃដែល​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​ការ​ប្រើ​ប្រាស់​មាន​ការ​កើន​ឡើង​។​

លោក​បាន​បន្តថា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ចាំ​បាច់​ត្រូវ​បង្កើត​យន្ត​ការ​និង​វិធាន​ការ​គ្រប់​គ្រង​ទំនិញ​គ្រោះ​ថ្នាក់ ​ជាពិសេស​ការ​គ្រប់​គ្រង​សារ​ធាតុ​គីមី​ផ្សំ ​ដែល​អាច​យក​ទៅ​ផលិត​ជា​គ្រឿង​ញៀន​ខុស​ច្បាប់​បាន​។

​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​ទំនិញ​គ្រោះ​ថ្នាក់​កំពុង​ស្ថិត​នៅក្នុង​ដំណាក់​កាល​ប្រជុំ​ពិភាក្សា​បង្កើត​គណៈ​កម្មការ​អន្ដ​រក្រសួង​ដើម្បី​រៀបចំ​បង្កើត​ឱ្យបាន​ឆា​ប់រហ័ស​បំផុត​ដើម្បី​អាច​ដាក់​ឱ្យ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ព្រោះ​សភាព​ការណ៍​បង្វែរ​សារ​ធាតុ​គីមី​ផ្សំ​យក​ទៅ​ផលិត​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គួរ​ឱ្យ​បារម្ភ​ជា​ខ្លាំង​។​

​គួរ​រំឭក​ដែរថា ​លទ្ធ​ផល​នៃ​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​សម្រេច​បាន​ចំនួន​ជាង​៦០០០​ករណី និង​ឃាត់​ជន​សង្ស័យ​ពាក់​ព័ន្ធ​ចំនួន​ ១៣ ០០០​នាក់​។​ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​ជាង​ ១៣ ០០០​នាក់​នោះ​ មាន​ជន​បរទេស​ចំនួន​ ៣៦២​នាក់ រួម​មាន​១៣​សញ្ជាតិ ​ដែល​ពាក់​ព័ន្ធ​នឹង​សក​ម្មភាព​ជួញ​ដូរ រក្សា​ទុក ​កែច្នៃ និង​ចាត់​ចែង​គ្រឿង​ញៀន​។ ចំណែក​គ្រឿង​ញៀន​ដែល​រឹបអូស​បាន​ពេញ​១ឆ្នាំ​២០២១ ​មាន​ចំនួន​៤,៥​តោន​៕