ភ្នំពេញៈ «ជាជន​មាន​ពិការ​ភាព​តិច​ឬ​ច្រើន​តែង​តែទទួល​រងនូវការ​រើស​អើង​ពីអ្នក​ដែល​មាន​កាយ​សម្បទា​ធម្មតា ឬសូម្បី​តែ​ពីជន​មាន​ពិការ​ភាព​ដូច​គ្នា ប៉ុន្តែខ្ញុំ​មិន​បាន​ត្រាំត្រែង​នឹង​ភាពពិការ​របស់​ខ្ញុំទេ! ផ្ទុយ​ទៅវិ​ញខ្ញុំ ​ចង់​ប្រើ​ជីវិត​ដែល​នៅសេស​សល់​របស់​ខ្ញុំ ដើម្បី​ជួយ​ជាតិ»។ នេះជា​ការលើក​ឡើង​របស់កី​ឡាករ​បាល់​បោះ​ពិការ ១រូប ដែល​ទទួល​រងការ​រើស​អើង ក្រោយ​ពេល​ដែល​លោក​ជួប​គ្រោះថ្នា​ក់ រហូត​ដល់​មាន​ពិការ​ភាព​។

ក្នុង​វ័យ ៣៩​ឆ្នាំ លោក សែ សារ៉ា បាន​ជួប​គ្រោះថ្នាក់​ក្នុង​ពេល​បំពេញ​ការងារ​ជា​ជាង​សំណង់ ដែល​កាល​ណោះ​លោក​ត្រូវ​បាន​សង្កត់​ដោយ​រថ​យន្ដ​កិន​ស៊ីម៉​ងត៍។ បន្ទាប់​ពីហេតុការណ៍​នេះ លោក​បាន​បាក់​ទឹក​ចិត្ត​ដល់​ចំណុច​សូន្យ លែង​ចង់​បន្ត​រស់​រាន​មាន​ជីវិត​លើលោក​នេះត​ទៅ​ទៀត។​ ការណ៍​នេះ​បាន​ជំរុញ​ឱ្យរូប​លោក​បង្អត់​អាហារ​ខ្លួន​ឯង ដើម្បី​ឱ្យបាត់ប​ង់​ជីវិត​តែ​ម្ដង។​

ប៉ុ​ន្តែ​ដោយជីវិត​លោក​ថ្លៃ លោក​បាន​ចាប់ផ្ដើម​ផ្លាស់​ប្ដូរការ​គិត​របស់ខ្លួន​បន្ទា​ប់ពី​បានស្ដាប់​វិទ្យុចំពេល​ដែល អ្នក​សម្រប​សម្រួល​កម្មវិធីវិ​ទ្យុ​និយាយ​ទៅដល់ ​«គោល​បំណង​នៃការរ​ស់នៅរ​បស់មនុស្ស​» ដោយ​គេបាន​ចោទ​ជា​សំណួរ​ថា​ តើ​រស់​នៅ​ធ្វើអ្វី​បើសិន​ជា​រស់​ដើ​ម្បីតែជាបន្ទុក​ដល់គេឯង​? ១​ឃ្លានេះ បាន​ទាញ​កម្លាំង​ចិត្ត​របស់​លោក​ឱ្យងើប​ឡើង​ ហើយ​ឈប់​ត្រាំត្រែង​ធ្វើ​ជា​បន្ទុក​របស់​គេតទៅ​ទៀត​។

លោក​បាន​ចាប់​ផ្ដើម​ជាថ្មី ដោយ​ការ​បង្រៀន​ក្មេងៗ​នៅ​ជិត​ខាង​លើមុខ​វិជ្ជា​អក្សរសាស្ត្រខ្មែ​រ ជាអ្វី​ដែល​លោក​អាច​ផ្ដល់​ឱ្យគេ​បាន​បើទោះ​ជាលោក​បាន​ក្លាយ​ខ្លួន​ជា​ជន​ពិការ​ក៏ដោយ​។

រហូត​ដល់​ឆ្នាំ២​០១៩ ជា​ពេល​ដែល​លោក​បាន​ស្គាល់​ក្រុម​បាល់​បោះរទេះ​ជនពិកា​រ​ និងបាន​ឃើញ​ជា​លើកដំ​បូងនូវ​ការ​លេង​បាល់​បោះ​របស់​ជន​ពិការ វាហាក់​បាន​អន្ទង​ចិត្ត​របស់លោក​​ជាប់ជា​មួយ​នឹង​កីឡា​ប្រភេ​ទ​នេះ និង​សូម​ចូលរួម​លេង​ជាមួយ​ជន​មាន​ពិការ​ភាព​ដទៃ​ទៀត​​។

ដោយ​ការ​ចូល​ចិត្ត​ និង​ការ​ខិតខំ​ប្រឹង​ប្រែង​ លោក​បាន​អភិវឌ្ឍខ្លួន​យ៉ាង​លឿន​ពី​របៀ​បនៃ​ការ​ប្រើប្រា​ស់​រទេះ​សម្រាប់លេង​កីឡា​។ មក​ដល់​ឆ្នាំ២០២២ នេះ​លោក​ក៏បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅឯ​ប្រទេស​ឥណ្ឌូ​នេស៊ី ជាពេល​ដែល​លោក​បើក​ចិត្ត បើកបេះ​ដូង​របស់​លោក ​ក្នុង​ការ​មើល​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​ និង​បន្ថែម​ស្មារ​តី​ជាតិ​និយម ក្នុង​ការ​ប្រកួត​យក​ឈ្នះ​គូប្រកួត​។

មែន​ទែន​ទៅ វាមិន​ស្រួល​ណាស់​ណា​ទេ​សម្រាប់​លោកសែ សារ៉ា ក្នុង​ការ​លេង​បាល់ទះ ខណៈ​ដែល​ខ្លួន​បាន​បាត់​បង់​អវយវៈ​ផ្នែក​ខាង​ក្រោម​ទៅហើយ​នោះ​ ប៉ុន្តែ​បើទោះជា​យ៉ាងនេះ​ក្ដី​ លោក សារ៉ា នៅ​តែមាន​ជំនឿជា​ក់​ និង​យល់​ថា​ ទំហំ​ទឹក​ចិត្ត​ជាតិនិយម​របស់​លោក ជំរុញ​ឱ្យ​លោក​ឆ្លង​កាត់​ការ​ប្រកួត​បាន​។

សម្រាប់​លោក​ បើទោះ​បីជា​ក្រុម​របស់​លោក​មិន​បាន​ទទួល​មេដាយ​នៅក្នុង​ការ​ប្រកួត ប៉ុន្តែ​មាន​ក្រុម​កីឡា​ការិនី​ផ្សេងទៀ​ត​ដែល​បាន​ទទួល​មេដាយ​មាស ហើយ​លោក​នៅតែ​បន្ត​ហ្វឹក​ហាត់ឱ្យកា​ន់ តែខ្លាំ​ង​បន្ថែម​ទៀត​ ត្រៀម​សម្រាប់​កីឡាប៉ារ៉ា​ហ្គេម​ដែល​មាន​កម្ពុជាជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​​។

លោក សែ សារ៉ា​បញ្ជាក់​ថា​៖ «ដោយ​សារ​តែ​កម្ពុជា​យើង​ទើប​តែបាន​ចូល​រួម​ប្រកួត​កីឡាប៉ារ៉ា​ហ្គេម​ជាលើក​ទី១​ កាល​ពី​ពេល​កន្ល​ង​ទៅ​ ដូច្នេះ​ហើយ​សមត្ថភាព​យើងគឺ​នៅមាន​គម្លាត​ឆ្ងាយពី​កីឡាករ​អន្តរ​ជាតិ...ប៉ុន្តែបើ យើង​ខិត​ខំបន្ថែម​សម្រាប់​រយៈ​ពេល​ដែល​នៅ​សល់​ យើង​នឹង​អាច​ប្រសើរ​បាន ១​កម្រិត​ទៀត»។

យ៉ាង​ណា​មិញ​ ការ​ខិតខំ​ហ្វឹក​ហាត់​មិន​មាន​ពេល​សម្រាករបស់​ក្រុម​លោក ក៏ទាម​ទារការគាំទ្រ​ផងដែរ​ មិនថា ពី​ប្រជា​ពលរដ្ឋ​ដែល​មិន​មាន​ពិការ​ភាព​ និង​អ្នក​ដែល​មាន​ពិការភាព​ដូច​គ្នា​ ព្រោះ​កន្លងមក​ លោក​បាន​ឃើញ​ការ​គាំទ្រ​ ការ​លើក​ទឹកចិ​ត្តគឺ​នៅមាន​តិច​តួច​នៅឡើ​យ​។

​លោក​ សែ សារ៉ា​បញ្ជាក់​ថា​៖​ «ខ្ញុំជាជ​ន​មានពិការ​ភាព​ប៉ុន្តែខ្ញុំ​ខិត​ខំរហូ​តបាន​តំណាងឱ្យ​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​ ចុះ​ហេតុ​អ្វីបាន​ជាបង​ប្អូន​ដែល​មាន​កាយ​សម្បទា​គ្រប់គ្រាន់​បែរជា​មិ​ន​គាំទ្រ​ ហើយ​ថែម​ទាំង​រើស​អើង​ទៀត​​?»។

បន្ទា​ប់ពី​រូបលោក​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ លើការរើ​ស​អើង​ដែល​លោក​បាន​ជួបប្រទះក​ន្លងម​ក ក្នុង​នាម​លោក​ជា​តំណាងឱ្យ​ជនមាន​ពិការ​ភាព​ដទៃ​ទៀត​លោក​សូម​ឱ្យ​មាន​ក្តីយោគ​យល់ និង​បង្ហាញ​ការគាំទ្រ​នៅ​ក្នុង​ការ​ប្រកួ​តនៅឆ្នាំ​ក្រោយ​ នៅ​លើទឹក​ដី​កំណើត​នេះ​។

ជាការ​ចូល​រួម​ចំណែក​ សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ​កាល​ពីថ្ងៃទី​៣០ កញ្ញា បា​ន​បើកយុទ្ធ​នាការ ដែល​មាន​ឈ្មោះថា #BeyondTheGames​ ក្នុងគោ​លបំណង​កៀរ​គរ​ការ​ចូល​រួម​ពីសំណាក់​ប្រជា​ពលរដ្ឋ គ្រប់​ស្រទា​ប់ក្នុង​ការ​គាំទ្រ ក៏ដូ​ចជា​ចូល​រួម​លើក​មុខ​មាត់​កម្ពុជា​ក្នុង​ឱកាស​ដែល​កម្ពុជា​​នឹង​ក្លាយ​ជាម្ចាស់​ផ្ទះរៀប​ចំព្រឹ​ត្តិការណ៍​កីឡាស៊ី​ហ្គេម​លើក​ទី៣២​ និ​ងកី​ឡាអា​ស៊ានប៉ា​រ៉ាហ្គេម​លើក​ទី១២​។

លោក សុខ សប្បាយ​ណា​ ដែល​ជាស​មាជិ​កអ​ចិន្ត្រៃយ៍ តំណាង​ឱ្យលោក ហ៊ុន ម៉ានី បាន​មានប្រ​សាស​ន៍​នៅ​ក្នុង​កម្ម​វិធី​បើកយុទ្ធ​នាកា​រ​ថា​៖ «នេះ​ជា​ឱកាស​ដ៏កម្រ ជាឱកាស​មាស និង​ឱកាសប្រាក់​ដើម្បីយើ​ងអា​ច​បង្ហាញពី​មុខ​មា​ត់ ពីសន្តិ​ភាព ពី​សម​ត្ថភា​ព ពីវិសាល​ភាពជា​តិ​ ពីឧត្ត​មភា​ព និងសក្ដានុ​ពល​របស់​កម្ពុជា​បច្ចុ​ប្បន្ន​»។

លោក​ក៏បាន​រំលេច​នូវ​បុគ្គល​ឆ្នើម​ជាច្រើ​នរូប​ ដែល​កន្ល​ងមកបា​នធ្វើ​សកម្មភា​ព​លះប​ង់ផ្សេ​ង​ៗ ដើម្បី​ជួយ​សង្គម​ និង​លើក​ទឹក​ចិត្ត​បន្ថែម​ដល់​បង​ប្អូន​ជា​ជន​មាន​ពិកា​រភា​ព​ក្នុងការប​ន្តសា​ងស្នា​​ដៃ​ជូន​កម្ពុ​ជា​​ក្នុង​ស្មា​រតី​​ជា​តិ​តែ​មួយ​ សម្រា​ប់ឆ្នាំ​២​០២៣​​៕