The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ត្រី​ប៉ា​សា​ណាក​ ត្រូវបាន​កត់ត្រា​ជា​លើកដំបូង ក្រោយ​សំណាក​ត្រី​ជិត​ ៦ ​គីឡូ​ ត្រូវបាន​ប្រទះ​នៅ​ផ្សារ​ត្រី​នៃ​ខេត្ត​ស្ទឹងត្រែង​

ត្រី​ប៉ា​សា​ណាក​ ត្រូវបាន​កត់ត្រា​ជា​លើកដំបូង ក្រោយ​សំណាក​ត្រី​ជិត​ ៦ ​គីឡូ​ ត្រូវបាន​ប្រទះ​នៅ​ផ្សារ​ត្រី​នៃ​ខេត្ត​ស្ទឹងត្រែង​

Content image - Phnom Penh Post
ត្រីប៉ាកសាណាកទឹកសាប ត្រូវបានប្រទះនៅទន្លេមេគង្គ នៃប្រទេសកម្ពុជា។ រូបថត Wonders of the Mekong

ត្រី​ប៉ា​សា​ណាក​ ត្រូវបាន​កត់ត្រា​ជា​លើកដំបូង ក្រោយ​សំណាក​ត្រី​ជិត​ ៦ ​គីឡូ​ ត្រូវបាន​ប្រទះ​នៅ​ផ្សារ​ត្រី​នៃ​ខេត្ត​ស្ទឹងត្រែង​

ស្ទឹងត្រែងៈ ​ត្រី​ប៉ាសា​ណាក​ពេញវ័យ​ជា​ប្រភេទ​ត្រី ​ដែល​អាច​ធំធាត់ ​និង​មាន​ទម្ងន់​ដល់​ទៅ​៣០​គីឡូក្រាម​ ត្រូវបាន​គេ​កត់ត្រា​ជា​លើកដំបូង​នៅ​ក្នុង​ទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា ​ក្នុង​រយៈពេល​ ១៨​ឆ្នាំ​មកនេះ ​បន្ទាប់ពី​សំណាក​ត្រី​ទម្ងន់​ជិត​ ៦​គីឡូក្រាម​ប្រវែង​ជិត​ ១​ម៉ែត្រ ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ផ្សារ​ត្រី​នៃ​ដង​ទន្លេមេគង្គ​នៃ​ខេត្ត​ស្ទឹងត្រែង​។​

សេចក្តីប្រកាស​ព័ត៌មាន​រួម ​រវាង​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ USAID ​សាកលវិទ្យាល័យ​ណេ​វ៉ាដា​រីណូ ​(University of Nevada Reno) ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ​និង​រដ្ឋបាល​ជលផល ​បញ្ជាក់​កាលពី​ខែកញ្ញា ថា​៖«ត្រី​១​ប្រភេទ​ ក្នុង​ចំណោម​ប្រភេទ​ត្រី​ ដែល​រង​ការគំរាម​កំហែង​ខ្លាំង​បំផុត​របស់​ពិភពលោក ​ត្រូវបាន​គេ​រកឃើញ​ឡើង​វិញ ​ដោយ​មិនបាន​រំពឹងទុក ​នៅ​ឯ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា»។

ត្រី​ប៉ាសា​ណាក​ពេញវ័យ​ (Aaptosyax grypus) ​មិន​ធ្លាប់​ត្រូវបាន​គេ​កត់ត្រា​ជា​ផ្លូវការ​ឡើយ ​ចាប់តាំង​ពី​ឆ្នាំ២០០៤​។ ប៉ុន្តែ​នៅ​ដើមឆ្នាំ​នេះ ​សំណាក​ត្រី​ទម្ងន់​ជិត​៦​គីឡូក្រាម ​ត្រូវបាន​រាយការណ៍​ថា ​ប្រទះឃើញ​នៅ​ផ្សារ​ត្រី​នៃ​ដង​ទន្លេមេគង្គ ​ដែលជា​ប្រព័ន្ធ​ទន្លេ​តែ​១គត់​នៅលើ​ផែនដី ​ដែល​ប្រភេទ​ត្រី​នេះ​រស់នៅ។​

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​ ការ​ត្រឡប់មក​វិញ ​របស់​ត្រី​ប៉ាសា​ណាក ​ត្រូវបាន​បញ្ជាក់ ​បន្ទាប់ពី​សំណាក​ត្រី​ប្រវែង​ជិត​១​ម៉ែត្រ ​ត្រូវបាន​គេ​ឃើញ​នៅ​ផ្សារ​ត្រី​។ បន្ទាប់មក​ អាជីវករ​បាន​ទាក់ទង​ទៅ​លោក​ចាន់ សុខ​ហេង ​ជីវ​វិទូ ​នៃ​រដ្ឋបាល​ជលផល​កម្ពុជា​។ តាម​រយៈ​ការផ្ញើ​សារ​រូបថត​ ១​សន្លឹក​ លោក​ចាន់ សុខ​ហេង ​អាច​កំណត់​អត្តសញ្ញាណ​បាន​ថា ​វា​ជា​ត្រី​ប៉ាសា​ណាក​ដ៏​ធំ​សម្បើម ​ដោយ​ផ្អែកលើ​ថ្គាម​កោង​យ៉ាង​មុត ​ឆ្នូត​ពណ៌​លឿង​នៅលើ​ក្បាល ​និង​រាង​មូល​ទ្រវែង ​ស្រដៀង​ទៅ​នឹង​ត្រី​សាល​ម៉ុន។

លោក​ឈុត ​ឈាណា ​អ្នកសម្រប​សម្រួល​ផ្សព្វផ្សាយ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ ​ដែល​ទទួល​មូលនិធិ​ពី​USAID ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នា​ថ្ងៃ​ទី២ ​ខែតុលា ​ថា​៖«ត្រី​នេះ​នៅ​ខេត្ត​ស្ទឹងត្រែង»។​

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ​ក្រុម​អ្នកវិទ្យាសាស្ត្រ ​នឹង​ប្រើប្រាស់​ DNA ​របស់​ត្រី​ដែល​ងាប់​នេះ ​ដើម្បី​បង្កើត​ជា​ឧបករណ៍​ផ្សេងៗ ​សម្រាប់​សិក្សា​ពីរ​បាយ ​នៃ​ត្រី​ប្រភេទ​នេះ​។ ពួកគេ​ក៏​សង្ឃឹមថា ​នឹង​រកឃើញ​គំរូ​សត្វ​ត្រី ​ដែល​មាន​ជីវិត​ជាច្រើន​ទៀត​ ដែល​អាចដាក់​ស្លាក​សញ្ញា​បាន ​និង​លែង​ទៅវិញ ​សម្រាប់​ការសិក្សា​បន្ត​ទៀត។​

លោក​ហ្សេប​ ហូ​ហ្គេន ​(Zeb Hogan)​ ជីវ​វិទូ​មច្ឆជាតិ ​នៃ​សាកលវិទ្យាល័យ​ណេ​វ៉ាដា​រ៉េណូ ​ដែលជា​អ្នកដឹកនាំ​គម្រោង​ស្រាវជ្រាវ​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ ​ដែល​ទទួល​មូលនិធិ​ពី ​USAID ​ថ្លែងថា ​ឆ្នាំនេះ ​គឺជា​ឆ្នាំ​ទទួលបាន ​នូវ​ភាព​ភ្ញាក់ផ្អើល​ដ៏​សម្បើម​របស់​វត្តមាន​សត្វ​ព្រៃ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​។ ប៉ុន្តែ​ល្បែង​ ១​នេះ​ នៅ​មិនទាន់​ចប់​ទេ ​ហើយ​ភាពជោគជ័យ​នៃ​ការអភិរក្ស​ជីវចម្រុះ​ក៏​នៅ​សែនឆ្ងាយ​ផង​ដែរ។​

លោក​ថ្លែងថា​៖«ការរកឃើញ​សត្វ​ដ៏​អស្ចារ្យ​ ១​ទៀត​នេះ ​ប៉ុន្តែ​វា​ជិត​ផុត​ពូជ​ទៅ​ហើយ​នៅក្នុង​តំបន់ ​ដែល​ទ្រទ្រង់​ដល់​ការចិញ្ចឹម​ជីវិត ​និង​សន្តិសុខ​ស្បៀង​របស់​មនុស្ស​រាប់លាន​នាក់ ​បង្ហាញ​យ៉ាង​ច្បាស់​ពី​តម្រូវការ​បន្ទាន់​នូវ​កម្មវិធី​អភិរក្ស ​និង​ជា​ប្រយោជន៍​ដ៏​មាន​សក្តានុពល​ដល់​រដ្ឋាភិបាល ​ក្រុម​អ្នកវិទ្យាសាស្ត្រ ​និង​សហគមន៍​មូលដ្ឋាន ​ចូលរួម​គ្នា​ការពារ​សុវត្ថិភាព​នៃ​អច្ឆរិយ​ភាព​នៃ​ទន្លេ​មេគង្គ»។​

ត្រី​ប៉ាសា​ណាក ​ជា​ប្រភេទ​កម្រ​ណាស់ ​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ «ខ្មោច​ទន្លេមេគង្គ»។ ​វា​ត្រូវបាន​គេ​ចាត់ជា​ប្រភេទ​កំពុង​រងគ្រោះ​ថ្នាក់​ឈាន​ទៅរក​ការជិត​ផុត​ពូជ ​ក្នុង​បញ្ជី​ក្រហម​ របស់​អង្គការ​សហភាព​អន្តរជាតិ ​ដើម្បី​អភិរក្ស​ធម្មជាតិ​(IUCN)​។ ទោះជា​ត្រី​នេះ​មិន​ត្រូវបាន​គេ​ចាប់បាន​ពេល​វា​នៅរស់ ​និង​មិនដឹង​ពី​មូលហេតុ​ងាប់​ របស់​វា​ក៏ដោយ ​ក៏​ការរកឃើញ​វត្តមាន​របស់​វា​បាន​បង្កើន​ក្តី​សង្ឃឹមថា ​ប្រភេទ​សត្វ​នេះ​នៅតែ​មាន​នៅ​ក្នុង​ទន្លេ​មេគង្គ​។​

លោក ​ចាន់ សុខហេង ​ថ្លែងថា ​បន្ទាប់ពី​ធ្វើការ​លើ​ប្រធានបទ​នេះ​ជាង​២​ទសវត្សរ៍ ​លោក​ពិត​ជា​មាន​សេចក្ដី​រីករាយ​ណាស់​ក្នុង​ការបញ្ជាក់​ពី​វត្តមាន​នៃ​សត្វ​កម្រ​ដ៏​អស្ចារ្យ​នេះ។​

ទន្លេ​មេគង្គ ​ដែល​ហូរ​កាត់​ប្រទេស ​ចំនួន​៦​នៅ​អាស៊ី ​គឺជា​ទីប្រជុំ ​នៃ​ជីវចម្រុះ​ពិភពលោក ​និង​ជា​ជម្រក​របស់​ត្រី​ប្រហែល​ ១០០០​ប្រភេទ​ផ្សេងៗ​គ្នា ​ដែល​ទាំងនោះ​រួមមាន​ត្រី​ទឹកសាប​ដ៏​ធំ​បំផុត​មួយចំនួន​របស់​ពិភពលោក​ផង​ដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា ​ប៉ុន្តែ​ទន្លេ​នេះ ​និង​ដៃ​ជាច្រើន​របស់​វា ​ដែល​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​មនុស្ស​រាប់សិប​លាន​នាក់​ បាន​ស្ថិតនៅ​ក្រោម​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ពី​ការសាងសង់​ទំនប់​ ការនេសាទ​ហួស​ប្រមាណ ​និង​ការប្រែប្រួល​អាកាសធាតុ ​ជាមួយ​ការប្រឈម​នានា ​នៃ​ប្រភេទ​ត្រី​ដ៏​ធំ​បំផុត ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ទន្លេ​នេះ​។​

លោកស្រី​ជា​ សីលា ​អ្នកគ្រប់គ្រង​គម្រោង​អច្ឆរិយ​ភាព ​នៃ​ទន្លេមេគង្គ ​ដែល​ទទួល​មូលនិធិ​ពី​ USAID ​ថ្លែងថា ​ការរកឃើញ​វត្តមាន​ជីវចម្រុះ​នាពេល​ថ្មីៗ​នៅតាម​ដង​ទន្លេមេគង្គ ​គឺជា​លទ្ធផល​នៃ​ការផ្សព្វផ្សាយ​ដល់​ប្រជាជន​ក្នុង​តំបន់ ដែល​ភាគច្រើន​មាន​ចំណេះដឹង​ជ្រៅជ្រះ​អំពី​ទន្លេ ​និង​ពឹង​ផ្អែកលើ​ទន្លេ ​និង​សត្វព្រៃ​ផ្សេងៗ​ដែល​អាស្រ័យ​នៅ​ទន្លេ​នោះ​៕

អត្ថបទគួរចាប់អារម្មណ៍