បន្ទាយមានជ័យៈ​ មន្ទី​រសុខាភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យបន្ត​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​មូល​ដ្ឋាននៃ​តំបន់​រង​គ្រោះ​ដោយ​ទឹក​ជំនន់ឱ្យ​បង្កើន​ការប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​អំពី​បញ្ហា​សុខ​ភាព និង​សុវត្ថិ​ភាព​នៃ​ការ​រស់នៅ​បន្ទាប់ពី​មាន​ករណី​ពស់​ចឹក​អ្នក​ភូមិ​ ៤៤ ​នាក់ ក្នុង​រ​យៈពេល​ ១ ​ខែ​កន្លង​មក ។​

​លោក ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរសុខាភិ​បាល​ខេត្ត​បន្ទាយ​មានជ័យបាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី​ ២ ​ខែតុលាថា ក្នុង​រដូវ​ទឹក​ជំនន់អត្រា​គ្រោះ​ថ្នាក់​ដោយ​ពស់​ចឹក​មាន​ការ​កើនឡើង​គួរឱ្យ​ព្រួយ​បារម្ភ​។ ចាប់​ពី​ខែមករាដល់​ដំណាច់​ខែកញ្ញា​ កន្លង​មក​នេះ មន្ទីរ​ពេទ្យ​បង្អែកទាំង​ ៩ ​ក្រុង​ស្រុកទូទាំង​ខេត្ត​បន្ទាយ​មាន​ជ័យបាន​ទទួល​ព្យា​បាល​ជន​រង​គ្រោះ​ជាង​ ៤០០​ នាក់ ដែល​ត្រូវ​បាន​ពស់​ចឹក​។ក្នុង​នោះជន​រង​គ្រោះ​ប្រមាណ​ ១០​ ភាគ​រយ ត្រូវ​បាន​ដឹក​បញ្ជូន​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​។​

​លោក​ថ្លែង​ថា​៖ «​ករណី​ពស់​ចឹក ​នៅតែ​ជា​ក្ដី​ព្រួយ​កង្វល់​ បើទោះ​ជា​នៅពេល​នេះ​យើង​មាន​ថ្នាំ​សម្រាប់​ព្យា​បាល​ករណី​ពស់​ចឹក​គ្រប់​គ្រាន់​ក៏​ដោយ​»​។

​បើតាមលោក ច័ន្ទ​សង្វាត ​ក្នុង​​រយៈ​ពេល​ ១ ​ខែ​ពេញ​កន្លង​មកនេះ [​ក្នុង​ខែកញ្ញា ឆ្នាំ ​២០២២] នៅ​ខេត្ត​បន្ទាយ​មានជ័យ​មាន​ពលរដ្ឋ​ ៤៤ ​នាក់​ ដែល​រស់នៅ​តំបន់​រងគ្រោះ​ដោយ​ទឹក​ជំនន់ត្រូវបាន​ពស់​ចឹក ប៉ុន្តែ​គ្មាន​អ្នក​ស្លាប់​ដោយ​ករណី​ពស់​ចឹក​នោះ​ឡើយ​ ព្រោះ​ក្រុម​គ្រូពេទ្យ​បាន​ប្រឹង​ប្រែង​ព្យា​បាល​ពួកគេ​ទាន់​ពេល​វេលា​។ ក្នុងស្ថាន​ភាព​នេះខាង​មន្ទីរ​មួយ​ចំនួន​ត្រូវការ​ថ្នាំ​ព្យាបា​ល​ពស់​ចឹក​បន្ថែម ដើម្បី​ព្យា​បាល​ជន​រង​គ្រោះ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ជនរ​ងរ​គ្រោះ​ម្នាក់ ត្រូវ​ប្រើ​ថ្នាំ​ព្យាបាល​ពស់​ចឹក​យ៉ាងតិ​ច​ ២ ​ដប​។ ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​ប្រើ​រហូត​ដល់​ ៩-​១១ ​ដប ដែល​ក្នុង​ ១ ​ដប ថ្លៃជិត​ ៥០០ ​ដុល្លារ​»​។

លោក ច័ន្ទ​សង្វាត​ បានបញ្ជាក់ថា នៅពេ​ល​ទឹក​ជំនន់ ទីជម្រក​សត្វ​ពស់​ក៏ត្រូវ​លិច​អស់​ផង​ដែរ​ ហើយ​ពួកវា​ត្រូវ​ភៀស​ខ្លួន​ទៅរក​ទីកន្លែង​ដែ​លមាន​សុវត្ថិ​ភាពដូច​ជា​ នៅតាម​ទី​ដំបូក​ដែល​មិន​លិច​ទឹក តាម​ផ្ទះ​អ្នក​ភូមិ ជង្រុក​ស្រូវ ឬនៅ​តាម​ដើម​ឈើ​ធំៗដែល​វា​អាច​លាក់​ខ្លួន​បាន​។

​យ៉ា​ងណាក៏​ដោយ កាលពី​​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន ក្រសួង​សុខាភិ​បាល​បា​នផ្ដល់​ថ្នាំ​ព្យា​បាល​ពស់​ចឹកចំនួន​ ១៥០ ​ដបបន្ថែម​ទៀត ដល់​មន្ទីរ​សុខាភិ​បាល​ខេត្តប​ន្ទាយ​មានជ័យ​ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​មន្ទីរ​ពេទ្យ

ប​ង្អែក​នា​នា ដើម្បី​បង្ការ​ទុក​ព្យា​បាល​ពលរដ្ឋ​រងគ្រោះ​ដោយ​ករណី​ពស់​ចឹកឱ្យបាន​ទាន់​ពេល​វេលា​៕ ​