
លោក គួច ម៉េងលី និងលោក Scott Neeson ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី ៣០ កញ្ញា។ រូបថត MJQE
ភ្នំពេញៈ ក្រុមហ៊ុនម៉េងលីចេគួចអ៊ែឌ្យូខេសិន (Mengly J. Quach Education) និងមូលនិធិកុមារកម្ពុជា (CCF) នាថ្ងៃទី ៣០ ខែកញ្ញា បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ក្នុងភាពជាដៃគូ ដើម្បីបណ្ដុះបណ្ដាលគ្រូបង្រៀន និងផ្តល់ឱកាសដល់សិស្សក្រីក្រឱ្យបានសិក្សារៀនសូត្រតាមរយៈការគាំទ្រជំនួយអាហារូបករណ៍ការផ្គត់ផ្គង់សម្ភារសិក្សានិងជីវភាពរស់នៅប្រចាំថ្ងៃ។
លោក គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Mengly J. Quach Education ថ្លែងថា លោកសប្បាយចិត្តជាខ្លាំង ដែលក្រុមហ៊ុនរបស់លោកបានចាប់ដៃគូគ្នា ជាមួយអង្គការ CCF ខណៈកុមារដែលកំពុងរៀននៅអង្គការមួយនេះ ត្រូវការប្រជាជនកម្ពុជាទាំងនៅក្នុងប្រទេស និងក្រៅប្រទេសជួយចូលរួមឧត្ថម្ភ។
លោកថ្លែងថា៖ «គាត់ [CCF] ដឹកនាំដោយ Scott Neeson ហើយយើងទាំងអស់គ្នាស្គាល់គាត់ហើយ អតីតតារាផលិតកុន Hollywood គាត់បរិច្ចាគពេលវេលា ជីវិតរបស់គាត់មកជួយស្រុកខ្មែរ។ អ៊ីចឹង មានប្រជាជនខ្មែរយើងច្រើនណាស់ កំពុងតែខ្វះខាតមិនមែនខ្វះខាតរហេមរហាម គឺខ្វះខាតការឧបត្ថម្ភធន ដើម្បីឱ្យកូនខ្មែរយើងបានចូលរៀន មានអីញាំស្រួលបួល មើលថែទាំសុខភាពល្អ មានផ្ទះនៅស្រួលបូល មានអ្នកមើលថែទាំស្រួលបួល ព្រោះប្រជាជនយើងមានការឆ្លងកាត់ភាពក្រីក្រ ហើយកំព្រាឪពុកម្តាយ ហើយមានការបោះបង់ចោលអាណាថាច្រើនណាស់។ អ៊ីចឹងយើងត្រូវការអង្គការច្រើនដើម្បីជួយ ហើយអង្គការមិនអាចជួយបានទេ បើអត់មានអ្នកឧបត្ថម្ភធន»។
លោក គួច ម៉េងលី សំណូមពរក៏ដូចជាផ្តាំផ្ញើដល់អ្នកមានលទ្ធភាពធូរធារ ពួតដៃគ្នាឡើងជួយកសាងបណ្តុះបណ្តាលធនធានមនុស្សតាមរយៈវិស័យអប់រំ ដោយការបរិច្ចាគថវិកាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោកថ្លែងថា៖ «ខ្ញុំគិតថា មិនចាំឧកញ៉ាទេ អ្នកមិនឧកញ៉ាក៏មានលុយច្រើនដែរ ជួយអ្វីដែលយើងអាចជួយបាន គេហៅថា បុព្វហេតុល្អ ដល់សង្គម ហើយគ្មានអ្វីល្អជាងការបណ្តុះយុវបញ្ញវន្តរបស់ជាតិទេ។ អ៊ីចឹងផ្តល់ភាពកក់ក្តៅ សុខភាពល្អ ហើយការអប់រំកក់ក្តៅ ចំណេះដឹងល្អ ហើយនិងការរស់នៅមានភាពកក់ក្តៅ ហើយនិងសុខដុមរមនាក្នុងក្រុមគ្រួសារ។ បើយើងចូលរួមចំណែកផ្តល់អាហ្នឹងឱ្យ គឺប្រទេសជាតិយើងលូតលាល់ជឿនលឿន គឺពួកគាត់ហ្នឹងហើយដែលជាអ្នកកសាងជាតិថ្ងៃក្រោយ»។
យោងតាមការប្រកាសរបស់ក្រុមហ៊ុន Mengly J. Quach Education បានឱ្យដឹងថា តាមរយៈការចុះ MoU គឺមានជំនួយឧបត្ថម្ភពីលោកគួច ម៉េងលីជាទំហំទឹកប្រាក់ខ្ទង់ ១៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយមានអ្នកទទួលផល បូករួមទាំងសិស្សនិងគ្រូសរុបជិត ៨០០ នាក់។
CCF បញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ៣០ ខែកញ្ញា ថា CCF ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូរបស់ CCF ជាមួយក្រុមហ៊ុន Mengly J. Quach Education។
ការចែករំលែកនូវចក្ខុវិស័យដូចគ្នាចំពោះការអប់រំប្រកបដោយគុណភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការចុះ MoU នេះ គឺជាការបង្ហាញពីកិច្ចសហការរវាង CCF និងក្រុមហ៊ុន Mengly J. Quach Education៕