ភ្នំពេញៈ លោក​ ម៉ា​នូ​អែល​ ម៉ា​រ៉េ​រ៉ូ​គ្រុស​ នាយក​រដ្ឋ​មន្ត្រី​នៃ​សា​ធា​រណរដ្ឋ​គុយ​បា ​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​រយៈ​ពេល ​២ ​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី ​៤ ​ដល់​ថ្ងៃទី ​៦​ ខែតុលា​ ឆ្នាំ​ ២០២២​។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​។​ ​

សេចក្ដី​ប្រកាស​បាន​ឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។​ ក្នុង​អំឡុង​ពេល​ទស្សន​កិច្ចនេះ​ លោក ម៉ានូ​អែល ម៉ារ៉េរ៉ូគ្រុស នឹង​ចូល​គាល់​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម សីហមុនី ​ព្រះ​មហា​ក្សត្រ​កម្ពុជា នៅ​ព្រះ​បរមរាជ​វាំង​ ហើយ​នឹង​ចូល​ជួប​លោក​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ និង​លោក​ ហេង សំរិន ប្រធា​នរដ្ឋ​សភាផង​ដែរ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ​លោក​នាយក​រដ្ឋ​មន្រ្តី​គុយ​បា នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយលោក​ ហ៊ុន សែន​ ហើយ​នាយ​ករដ្ឋ​មន្ត្រី​ទាំង ២​ នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​ឯក​សារ​មួយ​ចំនួនដែលនឹ​ងបង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការទ្វេ​ភាគីបន្ថែ​មទៀត ​ក្នុងវិស័យ ​កីឡា អប់រំ​ និង​វប្បធម៌ ​ក៏​ដូច​ជា​វិស័យ​ផ្សេងៗ​ទៀត។ធា

អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោ​បាយ​លោក​ វណ្ណ​ ប៊ុន​ណា​ បាន​លើក​ឡើង​​ថា ​កម្ពុជា​អាច​នឹង​រៀន​សូត្រ​ពី​ការធ្វើឱ្យ​មាន​ទំនាក់​ទំនង​ល្អ​ឡើង​វិញរវាង​គុយបា​​ជា​មួយ​អាមេរិក ព្រោះ​ប្រទេស​គុយ​បា​ពីមុន​ក៏​ធ្លាប់​មាន​បញ្ហា​រកាំរកូស​ជាមួយ​អាមេរិក​ខ្លាំង ​រហូ​តដល់​ទទួលរង​ទណ្ឌ​កម្ម​ពី​សំណាក់​អាមេរិក​ ប៉ុន្តែ​ប្រទេស​ដែល​មាន​ប្រជា​ជន​ប្រមាណ​ជាង​ ១១ លាន​នាក់​នេះ ​អាច​ស្ដារ​ស្ថាន​ភាព​បាន​ធូរ​ស្រាល​ឡើង​វិញ​ ​។

លោក​បាន​ថ្លែង​ថា​៖ «​ដំណើរ​ទស្ស​កិច្ច​រវាង​នាយក​រដ្ឋមន្ត្រី​ទាំង​ ២ អាច​ឆ្លុះ​បញ្ចាំង​អំពី​គោល​នយោបាយ​ចំហ​ជើង​មេឃ (Open Sky Policy)​ របស់​កម្ពុជា ក្នុង​ការ​បង្កើត​មិត្ត​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅបាន មិន​ថា​មិត្ត​នោះ​ជា​កុម្មុយ​នីស្ដ ឬ​ប្រជាធិប​តេយ្យ​នោះទេ​​»​។​

​អ្នកស្រា​វជ្រាវ​រូបនេះ​ក៏បាន​រំលេច​ពី​ចំណុច​អវិជ្ជមាននិង​វិជ្ជមាន​ជុំវិញ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​គុយបា​ផងដែរ​។ លោក​បាន​ថ្លែងថា​៖ «​ចំណុច​វិជ្ជមាន​នោះ​ គឺការ​រឹត​ចំណង​មិត្ត​ភាពរ​វា​ង​ប្រទេស​ទាំង​ ២​ ហើយ​កម្ពុជា​អាច​អនុវត្ត​គោល​នយោបាយ​ការបរទេស​ចម្រុះ​ពណ៌​ អាច​ត្រូវបាន​អនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភា​ព​ផងដែរ​។ ម្យ៉ាង​ទៀតដោ​យសារ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២​ នេះ ​ប្រទេស​គុយបា​ អាច​រៀន​សូត្រ​ពី​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អាស៊ាន​ទៅ​ថ្ងៃ​អនា​គត​ផង​ដែរ​»​។

​យ៉ាង​ណា​ក្ដី លោក​ក៏មាន​ការ​ព្រួយ​បារម្ភ​ផងដែរថា ដំណើរ​ទស្សន​កិច្ច​នេះ​អាច​នឹង​លេច​ចេញ​ជា​សេណា​រី​យោ​អវិជ្ជមាន ដោយសា​រតែ​ទំនាក់​ទំនង​របស់​គុយ​បា​ និង​កម្ពុជា​ជា​មួយ​សហរ​ដ្ឋអាមេរិក​ហាក់​បីដូច​ជា​ស្ថិតក្នុង​ភាព​មិនសូវ​ល្អប្រសើរ​ទេ ដូច្នេះ​វា​ហាក់​បីដូច​ជា​បាន​បង្ហាញ​ថា​កម្ពុជា​ចង់​ពង្រឹង​របប​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​តាមប្រទេស​គុយ​បា​ដែរ​។​

​គួរ​រំឭក​ផងដែរ​ថា កាលពី​ថ្ងៃទី ​២៣ ​ខែកញ្ញា​ ឆ្នាំ​ ២០២២​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ដឹកនាំ​គណៈប្រ​តិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ ​ប្រទេស​គុយបា​ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​។​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃប្រទេសទាំង ២​​ ក៏បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហ​ត្ថលេខា​លើ​ឯក​សារ​សំខាន់ៗ​ចំនួន ​៥ ​រួមមាន ​កម្មវិធី​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​និង​ការផ្លាស់​ប្តូរ​វប្បធម៌​, អនុស្ស​រណៈ​យោគយល់​គ្នា​ ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​វិទ្យា​ស្ថាន​ការ​ទូត​នៃ​ប្រទេស​ទាំ​ង ២​, អនុស្ស​រណៈ​យោគ​យល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​ការ​អភិវឌ្ឍ​កីឡា​, គម្រោង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង ​២ និង​​អនុស្ស​រណៈ​យោគ​យល់​គ្នា​រវាង​ក្រសួង​សុខាភិ​បាល​កម្ពុជា​-​គុយ​បា​៕