ភ្នំពេញៈ គិត​ចាប់ពី​ម៉ោង ​៦ ​ព្រឹក​ដល់​ ៦​ ល្ងាច​នា​ថ្ងៃទី​ ១ ខែតុលា មាន​យានយន្ត​ប្រមាណ ៩ ០០០​ គ្រឿង បាន​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ក្នុង​ថ្ងៃ​ដាក់​ឱ្យ​សាកល្បង​ជា​លើក​ដំបូង ខណៈ​សមត្ថកិច្ច​បាន​អប់រំ​ណែនាំ​ដល់​អ្នក​ធ្វើ​ដំណើរ​ប្រមាណ​ ៣០ ​ករណី និង​ទទួល​បាន​ការហៅ​សង្គ្រោះ​តាម​ទូរស័ព្ទ​ជាង​ ៣០ ​ករណី​។ នេះ​បើ​តាម​លោក ហ៊ាង សុធាយុត្តិ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ត្រូវ​បាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​​ប្រកាស​បើក​ដំណើរការ​សាកល្បង​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី​ ៣១ ខែ​តុលា ដែល​មាន​ចម្ងាយ​ផ្លូវ​សរុប​ ១៨៧,០៥ ​គីឡូម៉ែត្រ ហើយ​អ្នក​ប្រើប្រាស់​អាច​ចំណាយពេល​ប្រមាណ ​២ ​ម៉ោង​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ដែល​កន្លង​មក​ត្រូវ​ចំណាយពេល​ពី​ ៥​ ទៅ​ ៦​ ម៉ោង​តាម​ផ្លូវជាតិ​លេខ ​៤​។

លោក ហ៊ាង សុធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២​ តុលា ថា គិត​ចាប់ពី​ម៉ោង​ ៦​ ព្រឹក​ដល់​ម៉ោង​ ៦ ​ល្ងាច​ថ្ងៃទី​ ១ តុលា មាន​យានយន្ត​ ៩ ០០០ ​គ្រឿង​បាន​ធ្វើ​ដំណើរ​ទាំង​ទៅ​ទាំង​មកលើ​ផ្លូវ​ ១​ ខ្សែ​នេះ​។

លោក សុធាយុត្តិ បាន​ឱ្យដឹង​បន្តថា ក្នុង​ថ្ងៃ​ដំបូង​នោះ ក៏​ឃើញ​មាន​បាតុភាព​មួយ​ចំនួន​បាន​កើតឡើង​លើ​ផ្លូវ​ល្បឿន​លឿន ដូចជា ការបើក​លើស​ល្បឿន​កំណត់​, មាន​ម៉ូតូ​កម្លាំង​តូចៗ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​បាន​បើក​ឆ្លងកាត់ មាន​យានយន្ត​មួយចំនួន​ខូច​នៅ​លើ​ដងផ្លូវ ការបើកបរ​ខុស​គន្លង​ផ្លូវ និង​មាន​សកម្មភាព​ល្មើស​មួយចំនួន​ទៀត​ផងដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ម្សិលមិញ​ (​ថ្ងៃទី ​១ តុលា​) យើង​ជួប​បញ្ហា​ជាក់ស្តែង​។ អ្នក​បើកបរ​គាត់​មាន​បញ្ហា គាត់​បាន​ទំនាក់​ទំនង​មកកាន់​លេខ ១ ៣៩៩ ដើម្បី​សុំ​ជំនួយ​ជា​លក្ខណៈ​ក្រុម​សង្គ្រោះ ក្រុម​សណ្តោង​យានយន្ត ក៏​ដូចជា ក្រុម​កងកម្លាំង​នគរបាល​ប្រចាំការ​នៅ​ទីនោះ​»​។

បើទោះជា​មាន​បញ្ហា​ខ្លះ​ក្ដី ក៏​លោក សុធាយុត្តិ បាន​អះអាង​ថា រយៈពេល​សាកល្បង​ពេញ​ ១ ​ថ្ងៃទី ​១ តុលា គឺ​មិន​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ឡើយ ដោយ​សមត្ថកិច្ច​គ្រាន់តែ​បាន​ចុះ​អប់រំ​ណែនាំ​ដោយផ្ទាល់​ដល់​អ្នក​ធ្វើដំណើរ​ប្រមាណ​ ៣០ ​ករណី និង​ទទួល​បាន​ការហៅ​សង្គ្រោះ​តាម​បណ្តាញ​ទូរស័ព្ទ​ជាង​ ៣០ ​ករណី​ប៉ុណ្ណោះ​។

បន្ថែម​ពីនេះ លោក ហ៊ាង សុធាយុត្តិ នៅតែ​ទទូច​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ គួរ​ពិនិត្យ​យានយន្ត​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ មុន​ធ្វើ​ដំណើរ​លើផ្លូវ​ល្បឿន​លឿន​នេះ ចៀសវាង​មាន​បញ្ហា​នៅ​ពេល​ធ្វើ​ដំណើរ បើទោះ​ជា​ផ្លូវ​នេះ​មាន​ចម្ងាយ​ជិត ប៉ុន្តែ​ផ្លូវ​នេះ​មាន​ច្រកចេញ​ ឬ​កន្លែង​ឈប់សម្រាក​ចំនួន​តែ​ ៤​ ទីតាំង​ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​សូមបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ម្សិលមិញ​ (​ថ្ងៃទី ​១ ​តុលា​) ​គឺ​មិនមាន​ទេ​។ ទាំងនេះ​​គឺជា​សញ្ញា​មួយ​ល្អ​បង្ហាញ​ថា បងប្អូន​យើង​គាត់​ចូលរួម និង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​។ ​គ្រាន់តែ​​ឃើញ​មាន​ការបើក​លើស​ល្បឿន ​ហើយ​ថត​បង្ហាញ​ជា​វីដេអូ​ក្តី ជា​រូបភាព​ក្តី​ក្នុង​ការសម្ញែង​អួត​គ្នា​។ ទាំងនេះ គឺជា​រូបភាព​មួយ​មិនល្អ យើង​សុំ​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់ ដើម្បី​សុវត្ថិភាព និង​ជា​គំរូ​ល្អ​ក្នុង​សង្គម​»​។

ក្រៅពីនេះ លោក ហ៊ាង សុធាយុត្តិ លើក​ទឹកចិត្ត​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​គ្រប់​គោលដៅ​ត្រូវ​បន្ត​ខិតខំ​ពង្រឹង​អនុវត្ត​ច្បាប់ និង​ត្រូវមាន​ភាព​អត់ធ្មត់​ក្នុង​ការបម្រើ​សេវា​ដល់​ពលរដ្ឋ​លើផ្លូវ​ល្បឿន​លឿន​នេះ ក៏ប៉ុន្តែ​លោក​បាន​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី​ឱ្យ​ចាត់​វិធានការ​ច្បាប់​ចំពោះ​សកម្មភាព​ល្មើស​ដដែលៗ​ដូចជា ករណី​កាត់​របងលួស ការលែង​សត្វពាហនៈ និង​បើក​ម៉ូតូ​មិន​មាន​ការអនុញ្ញាត​ក្រោយ​ការអប់រំ​ណែនាំ​មិន​ស្តាប់​។

ផ្លូវ​ល្បឿន​លឿន​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​ពីថ្ងៃ​ទី​ ២២ ខែ​មីនា ឆ្នាំ ​២០១៩ ដែល​តួ​ផ្លូវ​មាន​ទទឹង​ ២៤​ ម៉ែត្រ​មាន ៤ ​គន្លង (២​ ទៅ​ ២ ​មក​) និង​គន្លង​ឈប់​បន្ទាន់​ (១​ ទៅ​ ១ ​មក​) ​តភ្ជាប់​ពី​ភ្នំពេញ​ដល់​សង្កាត់​លេខ​ ៣ ក្រុង​ព្រះសីហនុ ដោយ​ឆ្លងកាត់​ខេត្ត​កណ្តាល កំពង់ស្ពឺ និង​ខេត្ត​កោះកុង​។ ផ្លូវ​នេះ​មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស (Inter-Change) ​ភ្ជាប់​មក​ផ្លូវជាតិ​លេខ​ ៤ ចំនួន​ ៦ ​កន្លែង មាន​កន្លែង​ឈប់​សម្រាក​ ៣ ​កន្លែង និង​ចំណតរថយន្ត​ ១​ កន្លែង​ផងដែរ​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី បាន​​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការបំពាន​របស់​អ្នក​បើកបរ​មួយចំនួន​អំឡុងពេល​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿនលឿន​នេះ​អាច​មកពី​កត្តា​មួយចំនួន ព្រោះតែ​អ្នក​បើកបរ​មិនទាន់​យល់ដឹង​ពី​គោលការណ៍​ប្រើប្រាស់​ផ្លូវ​នេះ និង​បណ្តាល​មកពី​ទម្លាប់​របស់​អ្នកបើកបរ​។

លោក​ថា បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមទាំង​មន្ត្រី​នគរបាល​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការអប់រំ​ផ្សព្វផ្សាយ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​បទល្មើស​នានា និង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​នឹង​កើត​មានឡើង​នៅលើ​ផ្លូវ​ល្បឿន​លឿន​នេះ​៕

វីដេអូ៖