
លោក ស ខេង (ស្ដាំ) ជួបមន្ត្រីថ្នាក់ក្រោមជាតិនៅព្រៃវែង។ ហុង មិនា
ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញ សេចក្ដីណែនាំ ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខណ្ឌ នៃរាជធានីភ្នំពេញ ដើម្បីធានា ប្រសិទ្ធភាពការងារ និងស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ។
យោងតាមសេចក្តីណែនាំនេះចុះហត្ថលេខាកាលពីថ្ងៃទី ៣០ ខែកញ្ញា ឱ្យដឹងថា សេចក្តីណែនាំនេះធ្វើឡើង ផ្អែកលើមូលដ្ឋាននៃវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ ដែលតាមស្មារតីនៃអនុក្រឹត្យនេះ គណៈអភិបាលរាជធានីភ្នំពេញ ១១ រូប និងគណៈអភិបាលខណ្ឌនីមួយៗ នៃរាជធានីភ្នំពេញមានចំនួន ៧ រូប។
ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការជូន គណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខណ្ឌ ក៏ដើម្បីធានាឱ្យការបំពេញតួនាទី ភារកិច្ចរបស់អភិបាល និងអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខណ្ឌ នៃរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការងារ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
គណៈអភិបាលរាជធានីភ្នំពេញមានចំនួន ១១ រូប ដែលមានអភិបាល ១ រូប និងអភិបាលរងចំនួន ១០ រូប អភិបាលរាជធានីភ្នំពេញ ត្រូវធ្វើការបែងចែកភារកិច្ចដល់អភិបាលរាជធានីភ្នំពេញ ក្នុងគណៈអភិបាលរបស់ខ្លួនឱ្យជួយការងារក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែតុលាថា លោក មិនទាន់ទទួលបានសេចក្តីណែនាំនេះនៅឡើយទេ ប៉ុន្តែ ទោះបីជាយ៉ាងណា នៅពេលដែលលោកទទួលបាននូវសេចក្តីណែនាំនេះ លោកនឹងបើកកិច្ចប្រជុំ បែងចែកតួនាទី ភារកិច្ច ជូនគណៈអភិបាលរាជធានីភ្នំពេញតាមការណែនាំ។
លោកថ្លែងថា៖ «ការកំណត់របស់ថ្នាក់ដឹកនាំ ឬការកំណត់របស់រាជរដ្ឋាភិបាល ឬរបស់ក្រសួងនានា ថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាម បានន័យថា ថ្នាក់លើ ១ ថ្នាក់ ដាក់បទបញ្ជាមក ថ្នាក់ក្រោមតែងតែអនុវត្ត រឿងអីដែលមិនត្រូវអនុវត្តនោះ»។ លោកថា៖ «រាជធានីភ្នំពេញ គឺជាទីតាំងប្រមូលផ្តុំសេដ្ឋកិច្ច នយោបាយ និងវប្បធម៌»៕