
ពលរដ្ឋនៅភូមិរុនតាឯកទទួលបណ្ណក្រីក្រពីអាជ្ញាធរស្រុកបន្ទាយស្រី។ រូប មន្ទីរព័ត៌មានខេត្តសៀមរាប
សៀមរាបៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចផ្តល់បណ្ណសមធម៌ (ប្រភេទក្រីក្រ ១) ដែលមានសុពលភាពរយៈពេល ១០ ឆ្នាំជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ ទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ខែតុលា នេះតទៅ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានជំរុញការអភិវឌ្ឍតំបន់នេះឱ្យបានឆាប់ជូនប្រជាពលរដ្ឋ។
ការសម្រេចបែបនេះ ធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជាង ២ ពាន់គ្រួសារបន្ថែមទៀតនៅថ្ងៃទី ១ ដើមខែតុលា។
លោកថ្លែងថា៖ «ខ្ញុំត្រូវតែដោះស្រាយជាកញ្ចប់គោលនយោបាយ។ បងប្អូនទាំងអស់ដែលស្ម័គ្រចិត្តរើចេញពីតំបន់រស់នៅចាស់មកនៅតំបន់រុនតាឯក និងតំបន់ដទៃទៀត ក្រៅពីរមណីយដ្ឋានអង្គរ ដូចជាពាក់ស្នែង ឬអាចនៅកន្លែងដទៃ នឹងទទួលបានបណ្ណក្រីក្រប្រភេទ ១ ទាំងអស់គ្នា»។ លោក ហ៊ុន សែន បញ្ជាក់ថា ពលរដ្ឋដែលស្ម័គ្រចិត្តរើចេញពីតំបន់អង្គរទាំងអស់ សម្រាប់អ្នកមានបណ្ណក្រីក្រប្រភេទ ២ ត្រូវផ្លាស់ប្តូរមកប្រភេទ ១ វិញឱ្យបានដូចៗគ្នា។ ការផ្តល់ជូនបណ្ណក្រីក្រប្រភេទ ១ នេះ គឺទទួលបានទឹកប្រាក់ច្រើនជាងបណ្ណក្រីក្រប្រភេទ ២ ហើយចំនួនទឹកប្រាក់ដែលត្រូវទទួលបាន ក៏អាស្រ័យទៅលើសមាជិកគ្រួសារផងដែរ មានន័យថា អ្នកដែលមានកូនច្រើននឹងទទួលបានលុយកាន់តែច្រើន។
លោកបានបន្ថែមថា ចំពោះការផ្តល់ការឧបត្ថម្ភដំណាក់កាលដំបូងជូនប្រជាពលរដ្ឋ គឺក្នុង ១ គ្រួសារ នឹងទទួលបានមី ១ កេសធំ (ស្មើ ៦ កេសតូច) ត្រីខ ១ កេស អង្ករ ៥០ គីឡូក្រាម ស័ង្កសី ៣០ សន្លឹក តង់ ១ ឃីត ១ កញ្ចប់ (មុង ខ្នើយ ភួយ កន្ទេល ក្រមា) និងថវិកា ១ ៤០០ ០០០ រៀល។ មិនត្រឹមតែពលរដ្ឋស្ម័គ្រចិត្តប្តូរទៅនៅតំបន់រុនតាឯកថ្មីបន្ថែមនេះទេ ប៉ុន្តែប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើចេញពីចំណីផ្លូវ និងស្ទឹងក្រុងសៀមរាបក៏ទទួលបានដូចគ្នាដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ប្រជាពលរដ្ឋ ៥៩៤ គ្រួសារ និង ១ ១១៧ គ្រួសារ ដែលបានចែករួចទៅហើយនោះ ត្រូវបានទទួលឃីត ១ កញ្ចប់ និងតង់ ១ ដូចគ្នាដែរ»។
លោកនាយករដ្ឋមន្ត្រីក៏បានសម្រេចប្រគល់ភារកិច្ចជូនកងពលធំអន្តរាគមន៍លេខ ២ និងយោធភូមិភាគ ៤ នៃកងទ័ពជើងគោកឱ្យធ្វើការដឹកជញ្ជូនបងប្អូន ប្រជាពលរដ្ឋ ដែលធ្វើការផ្លាស់ទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង។ ជាមួយគ្នានោះ លោកក៏បានប្រគល់ភារកិច្ចជូនកងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប ឈូសឆាយដី និងបន្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់តំបន់ខាងលើនេះឱ្យបានឆាប់ជូនប្រជាពលរដ្ឋផងដែរ។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៨ ខែសីហា មកដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងផែនការ បានកំណត់ និងផ្តល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋនៅតំបន់រុនតាឯកបានចំនួន ២៨០ គ្រួសារ។ ដោយឡែកប្រជាពលរដ្ឋ ១០៨ គ្រួសារមានបណ្ណសមធម៌រួចហើយ និងកំពុងទទួលបានរបបឧបត្ថម្ភពីរាជរដ្ឋាភិបាលជារៀងរាល់ខែ។
លោកឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា នៅអំឡុងពេលកន្លងមកនេះ ក្រុមការងារតម្រង់ទិសបានបញ្ចប់ការងារវាស់វែងក្បាលដី និងបានស្រង់ព័ត៌មានកាន់កាប់ក្បាលដីនៅគោលដៅទាំង ១១៤ ភូមិ ក្នុងឃុំ-សង្កាត់ចំនួន ២៤ និងស្រុក-ក្រុងចំនួន ៥ ដោយវាស់វែងក្បាលដីសរុបបានចំនួន ៩៧ ៨៥៥ ក្បាលដី ទំហំ ២៩ ១៧៤ ហិកតា។
លោក ជា សុផារ៉ា បញ្ជាក់ថា៖ «មានទីតាំងវត្តអារាមចំនួន ៣៥ ក្នុងនោះវត្តអារាមតាំងពីបុរាណកាលចំនួន ១៤ វត្ត និងវត្តអារាម ដែលបានកសាងក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ចំនួន ២១ វត្ត»។
បើតាមលោក ជា សុផារ៉ា ក្រុមការងារតម្រង់ទិសបានចលនាប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន ៤២៩ តូប ដាំកូនឈើឡើងវិញលើទីតាំងដី ដែលបានរុះរើតូបរួចហើយ បានប្រមាណ ៩ ៣៥៥ ដើម និងបានចលនាសម្របសម្រួលឱ្យប្រជាពលរដ្ឋមកចាប់ឆ្នោតទទួលយកដីឡូត៍ នៅភូមិធម្មជាតិរុនតាឯក សរុបចំនួន ៣ ៩៧០ គ្រួសារ។
ចំពោះការរៀបចំភូមិធម្មជាតិរុនតាឯក ក្រុមការងារតម្រង់ទិស រៀបចំដីឡូត៍បាន ៤៣១ ហិកតាលើផ្ទៃដីសរុប ៥៦៦ ហិកតា។ បានបោះបង្គោលព្រំដី និងដាក់ស្លាកលេខដីឡូត៍បានចំនួន ១ ៤២៧ ឡូត៍ បានសាងសង់ផ្ទះគំរូ ១ ខ្នង ទទឹងទំហំ ៦ ម៉ែត្រ និងបណ្តោយ ៩,១ ម៉ែត្រ សម្រេចបាន ៩៥ ភាគរយ ។ បានសាងសង់ផ្លូវជាង ១៩ គីឡូម៉ែត្រលើប្រវែង ១៤០ គីឡូម៉ែត្រ ។
លោក ជា សុផារ៉ា បានលើកឡើងថា នៅតំបន់រុនតាឯកក៏បានសាងសង់អគារសិក្សាចំនួន ២ ខ្នង ២៤ បន្ទប់ អគារចាត់ការ ១ ខ្នង មាន ៤ បន្ទប់ សម្រេចបាន ១៣,៣ % និងបានសាងសង់អគារជំងឺទូទៅ សម្រាប់មណ្ឌលសុខភាព ១ ខ្នង អគារសម្ភព ១ ខ្នង អគារស្នាក់នៅរបស់គ្រូពេទ្យ ១ ខ្នង សម្រេចបាន ១១,៦ ភាគរយ ព្រមទាំងបានសាងសង់ផ្សារចំនួន ៨ ខ្នង សម្រេចបាន ៥% ផងដែរ។
ដោយឡែកអគ្គិសនីកម្ពុជាបានបញ្ចប់ការសិក្សាគម្រោងតបណ្តាញអគ្គិសនីរួចរាល់ សម្រាប់ការអភិវឌ្ឍបន្ទាន់លើគម្រោងជំហានទី ១ និងបានដំឡើងប្រព័ន្ធនាឡិការស្ទង់តបណ្តាញអគ្គិសនីភ្ជាប់ចូលទីតាំងផ្ទះគំរូ។ ជាមួយគ្នានោះបានដឹកជញ្ជូនបង្គោលតង់ស្យុងមធ្យម ៣៥ ដើម និងបង្គោលតង់ស្យុងទាប ៧ ដើម ដល់ទីតាំង ហើយបានដាំបង្គោល-តង់ស្យុងមធ្យម១៥ដើម បង្គោល-តង់ស្យុងទាប ៧ដើម អូសខ្សែបាន ៣០០ ម៉ែត្រ និងតភ្ជាប់ចរន្តចូលផ្ទះគំរូរួចរាល់។
ដោយឡែក ចំពោះទីតាំងបន្ថែម ៥១៤ ហិកតានៅឃុំពាក់ស្នែង ស្រុកអង្គរធំ ទទួលបានការសម្របសម្រួលដោះស្រាយពីលោក សៀង ណាំ ក្រុមការងារបានសិក្សាប្លង់មេ និងបានបែងចែកដីឡូត៍ ទំហំទទឹង ២០ ម៉ែត្រ និង បណ្តោយ ៣០ ម៉ែត្រចំនួន ៤ ៧៦៥ ឡូត៍ ស្មើនឹង ២៨៥ ហិកតា ហើយផ្ទៃដីនៅសល់ពីនេះទុកសម្រាប់តំបន់រដ្ឋបាល សាលារៀន មណ្ឌលសុខភាព ផ្សារ តំបន់បៃតង និងផ្ទៃទឹក៕