ភ្នំពេញៈ របប​សន្តិសុខ​សង្គម​ ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ចាប់​ផ្តើម​អនុវត្ត​នៅ​ខែ​តុលា​នេះ​ហើយ ដែល​មន្ត្រី​អះអាង​ថា ប្រាក់​បង់​វិភាគ​ទាន​ចំនួន ៤ ភាគរយ នឹងត្រូវ​កាត់​ចូល​ បសស​ នៅ​ដើមខែ​បន្ទាប់ បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាស​បិទ​យុទ្ធនាការ​ផ្សព្វផ្សាយ​ ៩០ ​ថ្ងៃ។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយក​រង បសស បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ២ តុលា​ថា ការ​កាត់​ប្រាក់​សោធន​​ សម្រាប់​បុគ្គល​ទាំង​ឡាយ​ដែល​ស្ថិតនៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ បាន​ចាប់ផ្តើម​អនុវត្ត​ហើ​យ​នៅ​ថ្ងៃទី ១ តុលា​នេះ ដែល​ការ​បង់​ភាគទាន​គឺ​ត្រូវ​បង់​ក្នុង​ខែ​វិច្ឆិកា​។

លោក​ថា៖ «ភាគទាន​នៃ​ការ​បង់​​ប្រាក់​សោធន​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែ ១០ មាន​ន័យថា ​ចាប់ពី​ថ្ងៃទី ១ តុលា ឆ្នាំ​ ២០២២ ​តទៅ ដែល​ខាង​និយោជក​ត្រូវ​កាត់​ភាគទាន​ ២ ​ភាគរយ​ពី​កម្មករ​និយោជិត ហើយ​និយោជក​ខ្លួនឯង​ត្រូវ​បង់ ២ ​ភាគរយ​ជំនួស​កម្មករ​និយោជិត​សរុប​មក​ គឺ ៤ ភាគរយ​នៅ​បេឡា​ជាតិ​សន្តិសុខ​សង្គម​»​។

លោក ហេង សុផាន់ណារិទ្ធ ​ឱ្យដឹង​ទៀត​ថា គិត​មកដល់​ថ្ងៃ​ទី ២ តុលា​នេះ មាន​កម្មករ​និយោជិត​ចំនួន ១ ៤៦៦ ៧២៥ នាក់ នៅក្នុង​សហគ្រាស​ជាង​ ១៣ ៣០០ សហគ្រាស​ ដែល​មាន​នៅក្នុង​ប្រព័ន្ធ​ បសស ស្រាប់ ​នឹង​ត្រូវ​មាន​កាតព្វកិច្ច​បង់​ភាគទាន​នេះ​ដោយ​ស្វ័យ​ប្រវត្តិ។

កាលពី​ថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ​ ២០២២ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​បិទ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិត​នៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ជូន​ដល់​ក្រសួង ស្ថាប័ន អង្គការ​ដៃគូ​អភិវឌ្ឍន៍ សមាគម​និយោជក សហជីព និង​តំណាង​កម្មករ​និយោជិត​សរុប​ប្រមាណ​ ៥០០ ​នាក់ នៅ​សណ្ឋាគារ​ភ្នំពេញ។

អ៊ុក សមវិទ្យា​ ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួល​បន្ទុក​ជា​អគ្គនាយក ​បសស ​ឱ្យដឹង​ថា ជា​លទ្ធផល​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ ៩០ ថ្ងៃនេះ មាន​កម្មករ​និយោជិត​ចំនួន​ ១ ០៧២ ៤២៥ ​នាក់​បាន​ទទួល​ការ​ផ្សព្វផ្សាយ ​ឬ​ស្មើ​នឹង ៧៣ ​ភាគរយ​បើ​ធៀប​ទៅ​នឹង​សមាជិក បសស សរុប​។

លោក​បញ្ជាក់​ថា៖ «បើ​ធៀប​នឹង​ចំនួន​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ គឺ​ស្មើនឹង ១២៨ ​ភាគរយ។ នេះ​ជា​ភាព​ជោគជ័យ​​លើសពី​ផែនការ​ ដែល​បាន​គ្រោង​ទុក។ ​តាមរយៈ​ការចុះ​ផ្សព្វផ្សាយ​នេះ គឺ​មាន​ការ​សាទរ​ពី​សំណាក់​ភាគី​និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាន និង​ភាគី​បងប្អូន​កម្មករ​និយោជិត ដោយ​ពួកគាត់​បាន​បង្ហាញ​ពី​ភាព​ពេញចិត្ត និង​សប្បាយ​រីករាយ​ដែល​រាជរដ្ឋាភិបាល​បង្កើត​ឱ្យ​មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ព្រម​ទាំង​បាន​ស្ម័គ្រចិត្ត​ក្នុងការ​ចូលរួម​បង់​ភាគទាន​ជា​ចំណែក​របស់​ខ្លួន ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ពេល​ចូល​និវត្តន៍​»​។

កាលពី​ថ្ងៃទី ២៩ កញ្ញា លោក អ៊ិត សំហេង បាន​ថ្លែង​ថា ប្រព័ន្ធ​សន្តិសុខ​សង្គម ដែល​ពេញលេញ​ជា​ប្រព័ន្ធ​មួយ​ដែល​​ត្រូវ​រួម​ចំណែក​​ពេញ​ ១ វដ្ដ​​ នៃ​ជីវិត​របស់​មនុស្ស​ រួមមាន កើត ចាស់ ឈឺ ស្លាប់។ ​ជាការ​ឆ្លើយតប​ដើម្បី​ឈាន​ទៅ​រក​ប្រព័ន្ធ​សន្តិសុខ​សង្គម​ពេញលេញ។

លោកលើក​ឡើង​ថា បេឡាជាតិ​សន្តិសុខ​សង្គម ជា​ប្រតិបត្តិករ​សន្តិសុខ​សង្គម បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយ​សម្រាល​នូវ​ទុក្ខលំបាក​នៃ​​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាំងពី​ពេល​ចាប់​កំណើត តាមរយៈ មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដែល​អាច​ឱ្យ​បងប្អូន​ជា​សមាជិក បសស ទៅ​ពិនិត្យ​ផ្ទៃពោះ​មុន​ និង​ក្រោយ​សម្រាល ការព្យាបាល​ជំងឺ និង​ការ​ទទួល​បាន​ប្រាក់​បំណាច់​រយៈពេល​ ៩០ ​ថ្ងៃ​នៅ​ពេល​សម្រាក​លំហែ​មាតុភាព ព្រម​ទាំង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ផង​ដែរ។

លោក​បាន​បន្ត​ថា៖ «នៅ​ពេល​ចូលដល់​វ័យ​ធ្វើការ កម្មករ​និយោជិត​ទទួលបាន​ការ​ធានា​រ៉ាប់រង​ដោយ​មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ បង្ការ​ពេល​ជួប​គ្រោះថ្នាក់​ការងារ​ជាយថាហេតុ​ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​​សេវា​ព្យាបាល ការ​ផ្តល់សេវា​ស្តារ​នីតិសម្បទា ប្រាក់​បំណាច់​ប្រចាំថ្ងៃ​ពី​ការ​អាក់ខាន​ការងារ ប្រាក់​ធនលាភ​ពី​ការ​បាត់បង់​សមត្ថភាព​បំពេញ​ការងារ និង​ករណី​ដែល​ជួប​គ្រោះថ្នាក់​ការងារ​រហូត​បាត់បង់​អាយុជីវិត គ្រួសារ ឬ​អ្នក​ចាត់ចែង​បុណ្យ នឹង​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ»។

ដោយ​ឡែក​នៅ​ពេល​ដែល​សមាជិក បសស ចូល​ដល់​វ័យ​ចំណាស់ លោក អ៊ិត សំហេង បាន​លើក​ឡើង​ថា​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ផ្តល់​ការ​គាំពារ តាមរយៈ​ការ​បង្កើត​ឱ្យ​មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ដែល​នៅ​ចុង​បញ្ចប់​នៃ​ជីវិត គឺ​សេចក្ដី​ស្លាប់ គ្រួសារ​ឬ​អ្នក​ចាត់ចែង​បុណ្យ នឹង​ទទួល​បាន​នូវ​ប្រាក់​វិភាជន៍​បូជា​សព ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យសព​តាម​ប្រពៃណី។

កាលពី​ឆ្នាំ ២០០៨ ក្រសួង​ការងារ​ បាន​ដាក់​ឱ្យ​អនុវត្ត​ផ្នែក​ហានិភ័យ​ការងារ ហើយ​កាលពី​ឆ្នាំ ២០២១ ផ្នែក​នេះ​បាន​ដំណើរការ​សម្រាប់​មន្ត្រី​សាធារណៈ។ ចំណែក​ឆ្នាំ​ ២០១៦ រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ដំណើរការ​​ផ្នែក​ថែទាំ​សុខភាព សម្រាប់​កម្មករ​និយោជិត​វិស័យ​ឯកជន ហើយ​ឆ្នាំ​ ២០១៨ បាន​ដំណើរការ​សម្រាប់​មន្ត្រី​សាធារណៈ ដោយ​ធ្វើការ​ធានា​រ៉ាប់រង​សុខភាព ២៤ ម៉ោង​លើ ២៤​ ម៉ោង។ ជារួម​មិន​ថា ​កម្មករ​និយោជិត ឬ​មន្ត្រី​សាធារណៈ សុទ្ធតែ​មានការ​ធានា​រ៉ាប់រង​សន្តិសុខ​សង្គម​ដូចគ្នា។ នេះ​បើតាម​ការប្រកាស​របស់​លោក អ៊ិត សំហេង។

លោក អ៊ិត សំហេង ​សង្កត់​ធ្ងន់​ថា៖ «បើ​យើង​និយាយ​ពី​ប្រាក់​ចូលនិវត្តន៍​វិញ កាលពី​មុន​ប្រាក់​សោធន​មានតែ​ចំពោះ​មន្ត្រីរាជការ​ប៉ុណ្ណោះ​មាន​សិទ្ធិ​ទទួលបាន តែ​សម្រាប់​បងប្អូន​កម្មករ​និយោជិត​ក្នុង​វិស័យ​ឯកជន​វិញ ពុំ​ធ្លាប់​ទទួលបាន​ការ​ធានា​រ៉ាប់រង​ប្រាក់សោធន​នេះ​ទេ ហើយ​នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ហើយ ដែល​បងប្អូន​កម្មករ​និយោជិត​ក្នុង​វិស័យ​ឯកជន​ទទួលបាន​របប​សន្តិសុខ​សង្គម​នេះ»៕