ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​រំឭក​ឡើង​វិញ​ពីអ្វី​ដែល​លោក​ធ្លាប់​បាន​ លើក​ទឹក​ចិត្ត​ឱ្យ​ធនា​គារឬ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​រឹបអូស​ទ្រព្យ​អ្នក​ដែល​អំពាវនាវ​ដល់​កូន​បំណុល​របស់ធនា​គារមិន​ឱ្យ​សង​ប្រាក់​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​នៃ​ការ​រាត​ត្បាត​ជំងឺ​កូ​វីដ ១៩ នៅកម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​ ២០២០​។

​លោក​ថ្លែង​ថា​៖ «​អា​ខ្លះទៅ​សន្យា​ថា ពេល​ដែល​ឈ្នះ​ធ្វើ​មេឃុំ​កុំ​សង​ធនាគារ​។ អាហ្នឹង​ជា​មុខសញ្ញា​ដែល​ធនាគារ​ត្រូវ​​រឹប​។ អាណា​! មេខ្យល់​ខ្លួន​ឯង​ទៅ​ខ្ចីលុយ​គេ​យក​មក​ទិញ​ម៉ូតូ​ជិះ ឬ​ទៅ​លេង​ល្បែង​អស់​លុយ រួចហើយ​ទៅ​ខំ​ឃោស​នា​ថា បើ​ឈ្នះ​ឆ្នោត​គឺ​កុំ​សង​លុយ​ធនា​គារ​។ ចាំ​តើ​! ច្បា​ស់ហា​! ពួក​ខាង​ធនា​គារ​គេ​លួច​ខ្សឹប​យើង​ថា នែ​! ពួក​អា​ហ្នឹង​គឺជា​មុខ​សញ្ញា​ដែល​ថា​មិន​សង​ធនាគារ ​គេ​សុំ​រឹបអូស​។ ថា​ទេ​! អស់​លោក​ធ្វើ​ម៉េច​ធ្វើទៅ​!»​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​វិទ្យា​ស្ថាន​វ៉ាន់ដាជិត​ ៤​ ពាន់​នាក់​នៅថ្ងៃទី​ ៣​ ខែតុលា លោក ហ៊ុន សែន បាន​រំឭក​ថា នៅ​ពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ មក​ដល់ លោក​គឺជា​អ្នក​អំពាវ​នាវ​ស្នើសុំ​ឱ្យ​ធនា​គារឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ផ្តល់​ការយោគ​យល់​ចំពោះ​អ្នក​ជំពាក់​ប្រាក់ ​ដោយ​សុំ​កុំ​រឹប​អូស​ទ្រ​ព្យសម្បត្តិ​នៅ​ក្នុង​ពេល​នោះ និង​ស្នើ​សុំឱ្យ​ផ្តល់​ការ​យោគ​យល់​រៀប​ចំឥណ​ទាន​សា​ជាថ្មី​។​

​លោក​បន្ត​រំឭកថា​ នៅ​ពេល​ដែល​លោក​កំពុង​អំពាវ​នាវ​ចំពោះ​ករណី​បែបនេះ​ ស្រាប់​​តែមាន​ចលនា​នៃ​បក្ស​នយោ​បាយ ដែល​លោក​ហៅថា «​ក្រុម​ឧទ្ទាម​ក្រៅច្បា​ប់​» ពី​ក្រៅ​ប្រទេស ​បាន​អំពាវ​នាវ​ដល់​អ្នក​ដែល​ជំពាក់​ប្រាក់​កុំ​សង​ប្រាក់​ធនា​គារ ​ឬ​គ្រឹះស្ថាន​មីក្រូហិ​រញ្ញ​វត្ថុ​។

​លោក​នាយក​រដ្ឋមន្ត្រី​បានបន្ត​ទៀត​ថា​៖ «​អ៊ីចឹង​ខ្ញុំ​ប្រកាស​ហ្មង ​មើល​មុខ​អ្នក​ណា​ដែល​ចេញ​ធ្វើ​អាហ្នឹង សុំ​លើក​ទឹក​ចិត្ត​ឱ្យ​រឹប​អូស​។ ចេះ​ស្ងាត់​ដែរ​តើ​! បើ​ដឹង​ថា ​អ្នកឯង​តាម​មេខ្លោង​របស់​អ្នកឯង​ញុះ​ញង់ ខ្ញុំ​លើក​ទឹកចិត្ត​ឱ្យ​រឹបអូស​។ តាំង​ពី​ខ្ញុំ​ប្រកាស​នោះ​មក ​ស្ងាត់​!វា​មាន​ចលនា ​ទៅជា​ចលនា​ដើរ​បំផុស​ហ្មង​ថា ​កុំ​សង​លុយ​»​។​

​ការ​ថ្លែង​របស់​លោក ​ហ៊ុន សែន កាលពី​ឆ្នាំ​ ២០២០ ​ដូច្នេះ ហាក់​ធ្វើ​ឡើង ​បន្ទាប់​ពី​លោក ​សម រង្ស៊ី អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិបាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ក្នុងឆ្នាំ​ ២០២០ នោះដោយ​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​លោក​អះអាង​ថា ជំពាក់​បំណុល​ធនាគារ ​និង​គ្រឹះ​ស្ថាន​មីក្រូ​ហិ​រញ្ញវត្ថុ ឱ្យ​បញ្ឈប់​ការសង​បំណុល​ ទាំង​សង​ដើម​ និង​ទាំង​បង់​ការ​ប្រាក់​។

​លោក​សរសេរ​ថា​៖ «​យើង​ត្រូវ​ធ្វើបែ​បនេះ​ទាំង​អស់គ្នា​ ដើម្បី​ជំរុញ​ឱ្យមាន​ដំណោះ​ស្រាយ​រួមចំពោះ​ការ​ជំពាក់​បុល​វ័ណ្ឌក ក្នុង​គ្រា​អាស​ន្ន ដែល​បណ្តាល​មកពី​វិបត្តិ​សេដ្ឋ​កិច្ច និង​ការ​រាត​ត្បាត​ជំងឺ​កូ​វីដ​ ១៩ ទូទាំង​ពិភព​លោក​។ សូម​បងប្អូន​ជន​រួម​ជាតិត្រៀមខ្លួន​ប្រតិ​កម្ម​រួមគ្នា ស្រុះ​គ្នា​។ បើ​គេ​មក​រឹបអូស​យក​ដីធ្លី​កូន​បំណុល​ណា​ម្នាក់ សូម​ឱ្យ​អ្នក​ជិត​ខាង និង​អ្នកភូមិ​ទាំង​អស់ ប្រឆាំង​ដាច់​ខាត មិនឱ្យ​ធនាគា​រ​ណាមក​រឹបអូស​យក​ដីធ្លី​គ្រួសារ​ណា​មួយ​ឡើយ​»​។​

​ប្រមាណ​៣​សប្តាហ៍​ក្រោយ​មក ​លោក សម រង្ស៊ី ក៏បាន​បង្ហោះ​សារ​ទៀត​ថា កូន​បំណុល​តូចៗ​ជិត​៣លាន​នាក់ មិន​អាច​សង​បំណុលរ​បស់​ខ្លួន​បាន​ទេ ដោយ​សារតែ​ការ​រាត​ត្បាត​ជំងឺ​កូ​វីដ​ ១៩ និង​វិបត្តិ​សេដ្ឋ​កិច្ច​ដ៏​ធ្ងន់ធ្ងរ​ជាទី​បំផុត ដែល​មិន​ដឹង​ចប់​ពេល​ណា​។​

​លោកបានសរស​រថា​៖ «​យើង​ត្រូវ​រៀប​ចំ​ប្រព័ន្ធ​ធនា​គារ​ឡើ​ងវិញ ដោយ​តម្រូវ​ឱ្យ​អនុវត្ត​នយោ​បាយ​ថ្មី ជួយ​ដល់​ប្រជា​រាស្ត្រ​ក្រីក្រ​យ៉ាង​ពិត​ប្រាកដ​ដោយ​មិន​ច្របាច់​កកូន​បំណុល​ក្រីក្រ​ដូច​សព្វ​ថ្ងៃ ហើយ​មិន​សម្លឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ប្រជា​រាស្ត្រ ដូច​ធនា​គារ​សព្វ​ថ្ងៃ​។ វិធាន​ការ​ភ្លាម​មុន​គេ ត្រូវតែ​បញ្ចុះ​អត្រា​ការ​ប្រាក់ និង​ផ្អាក​ការ​សង​ធនាគារ​ទាំង​ដើម​ទាំង​ការ​រហូត​ដល់​ស្ថាន​ការណ៍​សេដ្ឋកិច្ចត្រឡប់​មករក​សភាព​ការណ៍​ដើម​វិញដូច​មុន​ការ​កើត​ជំងឺ​កូ​វីដ​ ១៩»៕