ភ្នំពេញៈ អ្នកជំនាញក្នុងគម្រោង​យុទ្ធនាការ​សៀវភៅ ១ សហគមន៍ ១ ប្រកាស​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ចំនួន ១០០ នាក់ ដើម្បី​ចូលរួម​ផ្សព្វ​ផ្សាយ​​​យុទ្ធនាការ​របស់ខ្លួន​ក្នុងការ​លើកកម្ពស់​វិស័យ​អំ​ណាន​ទៅដល់​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​យុវជន​ស្ម័គ្រ​ចិត្ត នឹង​ទទួលបាន​អត្ថប្រយោជន៍​មួយចំនួន​សម្រាប់​ពង្រឹង​សមត្ថ​ភាព។

យុទ្ធនាការ​សៀវភៅ១សហគមន៍១ គឺជា​គម្រោង​ដែល​បង្កើតឡើង​ដើម្បី​លើកកម្ពស់​វិស័យ​អំ​ណាន​ទៅដល់​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ព្រឹត្តិការណ៍សំខាន់ៗចំនួន៥ គឺ​ការប្រកួតប្រជែង​ការអាន, ការចែក​សៀវភៅ, បណ្ណា​ល័យ​​ចល័ត, ការអភិវឌ្ឍបណ្ណាល័យ និង​ផ្សារណាត់។

គម្រោង​នេះ នឹងដាក់​ឱ្យ​ដំណើរការ​រយៈពេល ២៥ ខែ ចាប់ផ្តើម​ពីខែកុម្ភៈ ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៥ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន Riel Tiger Solutions, Business Record, Scholar Library and Dia​mo​nd Elephant Travel។ នេះ​បើតាម​លិខិត​ប្រកាស​របស់​គម្រោង​យុទ្ធនាការ​សៀវភៅ ១ សហគមន៍ ១។

លោក សុខ ឡាក់ សហ​ស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត និង​ជា​សហ​ស្ថាបនិក​យុទ្ធនាការ​សៀវភៅ​ ១ សហគមន៍ ១ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣ ខែតុលា​ថា ដើម្បីឱ្យ​កម្មវិធី​នេះ​ដំណើរការ​ទៅបាន​យ៉ាង​រលូន ក្រុមការងារត្រូវការ​ការចូលរួម​ពី​យុវជន​ស្ម័គ្រចិត្ត​ប្រកបដោយ​សក្ដានុពល​ចំនួន ១០០ នាក់ ក្នុងដំណាក់កាល​ទី១។

លោកបានឱ្យដឹង​បន្តថា យុវជន​ស្ម័គ្រចិត្ត នឹង​ទទួលបាន​អត្ត​ប្រយោជន៍​មួយចំនួន ដូចជាទទួល​បទពិសោធ ​ទំនាក់​ទំ​នង ទទួល​បទពិសោធ​ធ្វើការ​ជា​ក្រុម ទទួលបាន​ឱកាស​ចូលរួម ឬ​កាន់​គម្រោង​នានា​របស់​គម្រោង រួមទាំង​ទទួលបាន​លិខិតបញ្ជាក់​សម្រាប់​អ្នកចូលរួម​ស្ម័គ្រចិត្ត​ផ្លូវការ។

លោក សុខ ឡាក់ បាន​បញ្ជាក់ថា៖ «ជា​ផែនការ​អ្នកស្ម័គ្រចិត្ត​ដែល​យើង​ជ្រើសរើស ១០០ នាក់​ដំបូង យើង​នឹង​ព្យាយាម​រៀបចំ​វគ្គ​បណ្តុះបណ្តាល​​មួយចំនួន​ដល់​ពួកគាត់ ដើម្បី​រៀបចំ​ឱ្យ​ពួកគាត់​អភិវឌ្ឍខ្លួន​ក្លាយជា​អ្នកដឹកនាំ។ នៅពេល​ជោគ​ជ័យ​ជំហាន​ទី១ យើង​នឹង​ឈានទៅ​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​បន្ថែមទៀត»។

បើតាម​លោក សុខ ឡាក់ ចំពោះ​យុវជន​ស្ម័គ្រចិត្ត​ទាំង ១០០ នាក់ នឹង​អាច​ចូលរួម​សកម្មភាព​នានា​ដែល​រៀបចំ​ដោយ​គម្រោង​​យុទ្ធនាការ​សៀវភៅ ១ សហគមន៍ ១ ក្នុងពេល​អនាគត តាមរយៈ​សកម្មភាព​ផ្សព្វផ្សាយ​របស់​គម្រោង​ទូទាំង ​២៥​ រាជធានី-​ខេត្ត និង​តាម​បណ្តាញ​សង្គម។ លោក បន្ថែមថា ពួកគេនឹង​អាច​ចូលរួម​ជា​ចំណែក​មួយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​ការអាន និង​តម្រូវការ​សៀវភៅ​នៅតាម​មូលដ្ឋាន​ទូទាំងប្រទេស។

យោងតាម​ការស្ទង់មតិ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ឆ្នាំ ២០១៤ ប្រទេស​កម្ពុជា មាន​អត្រា​អក្ខរកម្ម​ទាប​បំផុត​ទី២ នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន បន្ទាប់ពី​ប្រទេស​ឡាវ និង​ប្រហែល២៩ ភាគរយ នៃ​ប្រជាជន​សរុប គឺ​ខ្វះ​ជំនាញ​អាន និង​សរសេរ​ជា​មូ​លដ្ឋាន។ ចំណែក​ការរកឃើញ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​យុវជន​ជាតិ (NYDC 2021) នៅ​កម្ពុជាបាន​បង្ហាញថា កម្ពុ​ជា​​ជា​ប្រទេស​ដែលមាន​យុវជន ៣២ ភាគរយ​ដែលមាន​អាយុ​ពី ១០ ដល់ ២៤ ឆ្នាំ និង ៧១ ភាគរយនៃ​យុវជន​មិនបាន​សិក្សា​ជា​ផ្លូវការ។

កញ្ញា ហ៊ាង វ​ត្ថី ម្ចាស់​អាជីវកម្ម Riel Tiger Solutions Co.,LTD ដែលជា​សហ​ស្ថាបនិកម្នាក់​ក្នុង​គម្រោង​សៀវភៅ ១ សហគមន៍ ១ បាន​លើកឡើងថា ដោយសារតែ​មើលឃើញ​ពី​ក​ង្វះខាត​នូវ​ជំនាញ​អាន និង​សរសេរ​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដូច្នេះគម្រោ​ង​យុទ្ធនាការ​សៀវភៅ ១ សហគមន៍ ១ នឹង​ក្លាយទៅជា​ផ្នែក ១ ដើម្បី​ជំរុញ​ការ​អាន និង​លើកកម្ពស់​ការអាន​នៅតាម​សហគមន៍ តាមរយៈ​ព្រឹ​ត្តិការសំខាន់ៗរបស់ខ្លួន​។

កញ្ញាបាន​និយាយថា៖ «ការបង្កើន​បច្ចេកវិទ្យា និង​ឧបករណ៍​ឆ្លាត​វៃ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​កុមារ និង​យុវជន។ ការចំណាយ​ពេលវេលា​ច្រើនពេក លើ​ឧបករណ៍​ឆ្លាត​វៃ និង​អ៊ីនធឺណិត​ដែល​ពួកគេ​ចូល​ប្រើ គឺ​បង្កបញ្ហា​ជាពិសេស​ការអភិ​វឌ្ឍរ​បស់​កុមារ រួមទាំង​បញ្ហា​ដំណេក ឬ​ការ​គេង​មិន​លក់ សុខភាព​រាងកាយ​ជាដើម។ គម្រោង​នេះ គឺជា​សកម្មភាព​មួយ​ជួយ​ដល់​សង្គម និង​ចូលរួមចំណែក​កាត់បន្ថយ​បញ្ហា​ទាំងនេះ នៅក្នុង​សង្គម​កម្ពុជា»។

តាម​ឯកសារ​គម្រោង​សៀវភៅ ១ សហគមន៍ ១ ដែល ភ្នំពេញ ប៉ុស្តិ៍ទទួលបាន កាលពី​ថ្ងៃទី ១៩ ខែកញ្ញា បាន​អះអាងថា គម្រោង​របស់ខ្លួន នឹងចូលរួម​ជំរុញ​ឱ្យ​ស្ថាប័ន​មួយចំនួន​ទទួលយក​វប្បធម៌​អាន និង​ចំណេះដឹង​ក្នុង​ប្រតិបត្តិការ​របស់​ពួក​គេ ខណៈ​សៀវភៅ ២៥ ០០០ ក្បាល និង​បណ្ណាល័យ​ចំនួន ២៥ ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្តល់​ទៅដល់​អ្នកអាន​ចន្លោះ​ពី៥ ម៉ឺន ទៅ៧ ម៉ឺន​នាក់​នៅ​ទូទាំង ២៥ រាជធានី-ខេត្ត៕