ភ្នំពេញៈ ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូនបានឱ្យដឹងថា ​ក្នុង​ថ្ងៃ​ទី ២ ​ខែតុលា ​នៃ​ការដាក់ឱ្យ​សាកល្បង​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ​មាន​យានយន្ត​ជាង​ ១​ ម៉ឺន​គ្រឿង​ បានធ្វើ​ដំណើរ​លើផ្លូវ​នេះ​ ប៉ុន្តែ​មិនមាន​គ្រោះ​ចរាចរណ៍​កើតឡើង​ឡើយ​ បើទោះជា​ចំនួន​យាយ​ន្ត​មាន​ការកើន​ឡើង​ប្រមាណ​ ៦០ ភាគរយ​ បើ​ធៀប​នឹង​ថ្ងៃទី ១ ​ក៏ដោយ​។​

កាលពី​ថ្ងៃទី ​១ ​ខែតុលា​ ដែលជា​ថ្ងៃ​ដាក់ឱ្យ​សាកល្បង​ជា​លើកដំបូង​ក្នុង​ការធ្វើដំណើរ ​ដោយ​ឥតគិត​ថ្លៃ ​លើ​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ​ដែល​មាន​ចម្ងាយ​ផ្លូវ​សរុប​ ១៨៧,០៥​ គីឡូម៉ែត្រ ​គឺ​មាន​យានយន្ត​ប្រមាណ​ ៩ ០០០ ​គ្រឿង ​បានធ្វើ​ចរាចរណ៍​លើផ្លូវ​នេះ​ទាំង​ទៅ ​និង​មក។​

លោក​ ហ៊ាង សុធា​យុត្តិ ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៣​ តុលា​ថា​ សម្រាប់​ថ្ងៃទី ២ ​តុលា ​គឺ​មាន​យានយន្ត​ជាង​ ១៤ ០០០​ គ្រឿង ​បាន​ចូល​ប្រើប្រាស់​លើផ្លូវ​ល្បឿន​លឿន ​ហើយ​ចំនួន​នេះ​បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ទី ១ ​តុលា ​គឺ​មាន​ការកើន​ឡើង​ប្រមាណ​​ ៦០ ភាគរយ​។​

បើទោះជា​បែបនេះ​ក្តី ​លោក​អះអាងថា ​ការធ្វើដំណើរ​របស់​អ្នកបើកបរ​ក្នុង​ថ្ងៃ​ទី ២ ​គឺ​មិនមាន​គ្រោះថ្នាក់​ចរាចរណ៍​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ ​ដោយ​គ្រាន់​តែ​មាន​បាតុភាព​បន្តិច​បន្តួច​នៅលើ​ដងផ្លូវ ​ដែល​ទាំងនេះ​បង្ហាញ​ឱ្យឃើញ​ពី​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អ​ប្រសើរ​ក្នុង​ការប្រើ​ប្រាស់​ផ្លូវ​ល្បឿន​លឿន។​

​លោក​ប្រាប់ថា​៖ «នៅ​ថ្ងៃទី ២​ តុលា​នេះ ​គឺ​មិនមាន​ឃើញ​អ្វី​ជាទី​កត់សម្គាល់​ខ្លាំង​នោះ​ទេ​។ យើង​ឃើញ​មាន​ករណី​រលត់​យានយន្ត​តាម​ផ្លូវ ​ករណី​ធូរ​កង់ ​និង​បែក​កង់ឡាន​តាម​ផ្លូវ ​ដែល​មន្ត្រី​នគរបាល ​ឬ​ខាង​ក្រុមហ៊ុន​បាន​ជួយសង្គ្រោះ​បាន​យ៉ាង​ល្អ​។ ចំពោះ​គ្រោះថ្នាក់​វិញ​នៅ​ថ្ងៃទី២​នេះ ​នៅតែ​មិនមាន​គ្រោះថ្នាក់​ចរាចរណ៍​ទេ»។​

ទោះយ៉ាង​ណា ​លោក​ ហ៊ាង សុធា​យុត្តិ ​នៅតែ​ទទូច​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ ​គួរ​ពិនិត្យ​យានយន្ត​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ​មុន​ធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​នេះ ​ចៀសវាង​មាន​បញ្ហា​នៅពេល​ធ្វើដំណើរ ​បើទោះជា​ផ្លូវ​នេះ​មាន​ចម្ងាយ​ជិត ​ប៉ុន្តែ​ផ្លូវ​នេះ​មាន​ច្រកចេញ​ ឬ​កន្លែង​ឈប់​សម្រាក​ចំនួន​តែ​ ៤​ ទីតាំង​ប៉ុណ្ណោះ​។​

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​ក៏​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ​មាន​ការត្រួត​ពិនិត្យ​នូវ​ប្រព័ន្ធ​សុវត្ថិភាព​យានយន្ត ​មុន​ពេល​ធ្វើដំណើរ​ ព្រោះ​តាមផ្លូវ​នេះ​យើង​អាច​បើក​ល្បឿន​រាង​លឿន ​ហើយ​ក៏មាន​ចម្ងាយ​ឆ្ងាយ​គួរសម​។ ដើម្បី​បង្ការ​នូវ​ហានិភ័យ​សូម​ឱ្យ​ត្រួតពិនិត្យ​ឱ្យបាន​សព្វ​ជ្រុង​ជ្រោយ»។​

កាលពី​ថ្ងៃទី ១ ​តុលា ​សមត្ថកិច្ច​បាន​ចុះ​អប់រំ​ណែនាំ​ដោយ​ផ្ទាល់​ដល់​អ្នកធ្វើដំណើរ​ប្រមាណ​ ៣០ ​ករណី ​និង​ទទួលបាន​ការហៅ​សង្គ្រោះ​តាម​បណ្តាញ​ទូរស័ព្ទ​ជាង​ ៣០ ​ករណី ​ក្នុង​ចំណោម​អ្នកធ្វើដំណើរ​ទាំង​ ៩ ០០០ ​គ្រឿង ​ហើយក៏​ឃើញ​មាន​បាតុភាព​មួយចំនួន ​ដូចជា​ការបើក​លើស​ល្បឿន​កំណត់ ​មាន​ម៉ូតូ​កម្លាំង​តូចៗ ​ដែល​មិនត្រូវ​បានអនុញ្ញាត ​បាន​បើក​ឆ្លងកាត់​ មាន​យានយន្ត​មួយចំនួន​ខូច​នៅលើ​ដងផ្លូវ ​និង​ការបើកបរ​ខុស​គន្លង​ផ្លូវ​ជាដើម។​

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ ​ត្រូវបាន​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​ប្រកាស​បើក​ដំណើរការ​សាកល្បង​ដោយ​ឥត​គិតថ្លៃ​ចាប់ពី​ថ្ងៃទី ១ ​ដល់​ថ្ងៃទី ៣១ ​ខែតុលា ​ដោយ​អ្នកប្រើប្រាស់​អាច​ចំណាយពេល​ប្រមាណ ​២ ម៉ោង​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ​ដែល​កន្លងមក​ត្រូវ​ចំណាយ​ពេល​ពី ៥ ​ទៅ​ ៦ ​ម៉ោង ​តាម​ផ្លូវជាតិ​លេខ ​៤។​

លោក ​គឹម បញ្ញា ​នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ​បានលើកឡើង​ជា​អនុសាសន៍​ចំនួន ៥ ​ចំណុច ​ដើម្បី​ធ្វើការ​កែលម្អ ​និង​លើកកម្ពស់​សុវត្ថិភាព​លើផ្លូវ​ល្បឿន​លឿន ​ដោយ​ជំរុញឱ្យ​មាន​ការផ្សព្វផ្សាយ​អប់រំ ​ក្រើន​រំឭក​ដល់​អ្នកបើក​បរ​ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរផ្លូវ​ល្បឿន​លឿន ​ការកែលម្អ​លក្ខខណ្ឌ​សុវត្ថិភាព​ចរាចរណ៍​នៅលើ​ផ្លូវ​ល្បឿន​លឿន​។

លោក​បន្តថា​ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ​និង​ការបង្កើន​ការត្រួតពិនិត្យ​សុវត្ថិភាព​យានយន្ត ​ព្រមទាំង​ត្រៀម​ផ្តល់​ជំនួយ​សង្គ្រោះ​បឋម​បន្ទាន់​។​

ការលើកឡើង​នេះ​ ដោយ​លោក​អះអាងថា ​ច្បាប់​កំណត់​ល្បឿន​អតិបរមា​ត្រឹម​ ៩០ ​គ.ម​/ម៉ ​នៅក្រៅ​ទីប្រជុំជន ​សម្រាប់​រថយន្ត​ធុន​ស្រាល ​និង​រថយន្ត​ដឹក​អ្នកដំណើរ​បើកបរ​នៅលើ​ផ្លូវ​ដែលមាន​ខឿន​បែងចែក​ទិស​ចរាចរណ៍​ជា ​២ ​ហើយ​មាន​គន្លង​ផ្លូវ​ចាប់ពី ​៤ ​ឡើងទៅ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ​អ្នកបើកបរ​មួយចំនួន ​ប្រើប្រាស់​ល្បឿន​លើសពី​ ១២០ ​គ.ម​/ម៉ ខ្លះ​ដល់​ទៅ​ ១៤០ គ.ម​/ម៉ ​ឬ​លើស​ពី​នេះ​ទៀត​ក៏មាន​។​

លោក​បញ្ជាក់ថា​៖ «សម្រាប់​ផ្លូវ​ល្បឿន​លឿន​នេះ​ ដែល​កន្លែង​ខ្លះ​អាច​បើក​បរដល់​ល្បឿន​អតិបរមា​ ១២០ ​គ.ម​/ម៉​ ខ្ញុំ​យល់​ឃើញថា ​អ្នកបើកបរ ​នឹង​អាច​ប្រើប្រាស់​ល្បឿន​លើសពី​នេះ​ខ្លាំង ​ដែល​នឹង​នាំឱ្យ​មាន​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​បើកបរ​ខ្លួនឯង​ផ្ទាល់ ​និង​/ឬ​អ្នកបើកបរ​យានយន្ត​ផ្សេង​ទៀត»។

លោក​បន្តថា​៖ «ដូច្នេះ ​ទន្ទឹមនឹង​ការចូលរួម​អបអរសាទរ ​ចំពោះ​សមិទ្ធផល​ថ្មី​មួយ​នេះ ​ក៏ដូចជា​លើក​ទឹកចិត្ត​ឱ្យមាន​ផ្លូវ​ល្បឿន​លឿន​បែបនេះ​បន្ថែមទៀត ​ទៅកាន់​បណ្តា​ខេត្ត​ផ្សេង​ទៀត ​ខ្ញុំ​សូម​ជំរុញឱ្យ​មាន​ការយកចិត្ត​ទុកដាក់​ឱ្យបាន​ខ្លាំង​លើ​ចំណុច​មួយចំនួន​ដូច​ខាងក្រោម ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​បាន​ជា​អតិបរមា​នៅលើ​ផ្លូវ​ល្បឿន​លឿន»។​

​លោក​ វ៉ី សំណាង ​អភិបាល​ខេត្ត​កំពង់ស្ពឺ ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣ ​តុលា​ថា ​បន្ទាប់ពី​មាន​ការដាក់ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន​ក្នុង​រយៈពេល​២​ថ្ងៃ​នេះ ​ការធ្វើ​ចរាចរណ៍​លើក​ផ្លូវជាតិ​លេខ​ ៤ ​ដែល​ឆ្លងកាត់​តាម​ខេត្ត​កំពង់ស្ពឺ​ គឺ​មិន​សូវមាន​ភាព​មមាញឹក​ខ្លាំង​នោះ​ទេ​។ លោក​បន្តថា ​ការ​ចរាចររបស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ​គឺ​មាន​ស្ថានភាព​ដដែល​ គ្រាន់​តែ​​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ហាក់​មាន​ការធ្លាក់ចុះ​ប្រមាណ​ ៥០​ ភាគរយ​។​

​លោក​ថ្លែងថា​៖ «ខ្ញុំ​ឃើញថា ​បងប្អូន​យើង​បាន​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ប្រកប​ដោយ​ការទទួល​ខុសត្រូវ ​ហើយ​គាត់​បើកបរ​ប្រុងប្រយ័ត្ន​ដែរ​។ គ្រាន់តែ​អ្វី​យើង​បានឃើញ​ថ្ងៃទី ១​ គឺ​មាន​ភាពរអាក់រអួល​បន្តិច ​ដោយមាន​រថយន្ត​ខូច ​ហើយ​ក្រុម​របស់​យើង​បាន​ជួយសង្គ្រោះ​គាត់​តាម​លក្ខណៈ​បច្ចេកទេស​។ សម្រាប់​ផ្លូវ​នេះ​ បើ​អ្នកបើកបរ​អនុវត្ត​តាម​ការណែនាំ​ ខ្ញុំ​ជឿថា ​យើង​អាច​ចំណេញ​ពេល​ច្រើន ​និង​ចំណេញ​ថវិកា»៕