ភ្នំពេញៈ​ ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​ ៣​ តុលា បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​ប្រកាស​ស្តីពីកា​រដាក់​ឱ្យអនុវត្ត​គោល​ការណ៍ណែ​នាំ ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទេស​ចរណ៍​ខ្នាត​តូច ផ្សារ​ភ្ជាប់​នឹង​ធម្ម​ជាតិ ស្ថិតនៅ​ក្នុងតំបន់​ការពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវ​ចម្រុះ​ ដើម្បីឱ្យ​ម្ចាស់​គម្រោង​យល់​ដឹង​បន្ថែម និង​អនុវត្ត​ស្របតា​ម​នីតិវិ​ធី​។ ​

បន្ទាប់​ពីពិធី​បើក​ដំណើរ​ការ​ការផ្សព្វ​ផ្សាយ​នេះ លោក ឃិន ម៉េង​ឃាង​ ប្រធាន​នាយកដ្ឋាន​ទេសចរ​ណ៍ធម្ម​ជាតិ​ នៃអ​គ្គនាយ​កដ្ឋាន​​សហគម​ន៍​មូល​ដ្ឋាន​ ក្រសួង​បរិស្ថាន​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ប្រកាសដាក់​ឱ្យប្រើប្រាស់​គោលការ​ណ៍​ណែនាំ​អំពី​ការ​អភិវឌ្ឍ​គំរោ​ង​ទេស​ចរណ៍​ធម្មជាតិ​ខ្នាត​តូ​ច​នេះ​ គឺ​ផ្តោតទៅ​លើវិស័យ​ឯកជន ដែល​មាន​ក្រុម​ហ៊ុន ឬម្ចាស់​គម្រោង​ស្នើ​សុំវិ​និ​យោគ​ធ្វើ​ទេសច​រណ៍តូច​ៗ ដូច​ជា បោះ​តង់​ បឹង​កាឡូ​ ឬ​កន្លែង​ដើរ​លេង​ផ្សេងៗ​នៅតំប​ន់ការ​ពារ និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ។​

លោក​បាន​គូសបញ្ជាក់​ថា ការផ្សព្វ​ផ្សាយ​នេះ​គឺជាការ​ណែនាំ​បន្ថែម​ទៅ​ម្ចាស់​គម្រោង​ដើម្បី​ដឹងថា​ ក្នុង​ដំណាក់​កាលទាំង​ ៤ ​រួម​មាន ដំណាក់​កាល​ស្នើសុំ​ ដំណាក់​កាល​វាយ​តម្លៃ ដំណាក់​កាល​ដំណើរ​ការ​បំពេញ​នីតិវិធី និង​ដំណាក់​កាលដំណើរ​ការអនុវ​ត្ត​គម្រោង នោះ​ត្រូវ​ធ្វើ​យ៉ាង​ណាខ្លះ​។

លោក​ថ្លែងថា៖ «គោលដៅ​នៃការ​ផ្សព្វ​ផ្សាយ​នេះ ​គឺដើម្បី​បង្ហាញ តម្រង់​ទិស​ ណែនាំ​អំពីការ​អនុវត្តគ​ម្រោងទេ​សចរណ៍ខ្នាត​តូច​នេះ​ឱ្យទទួល​បាន​ប្រសិទ្ធ​ភាព ប្រសិទ្ធ​ផល ​ហើយ​គិត​គូរ​ទៅលើការ​កសាង​សេដ្ឋកិច្ច​នៅមូល​ដ្ឋាន​ ហើយ​សំខាន់​ជាងគេ​នោះ​គឺធានា​បាន​នូវ​និរន្តរ​ភាព​ការងារ​អភិរក្ស​ជីវ​ចម្រុះ​»។​

លោក ស៊ី រ៉ាមុនី អគ្គនាយក​រង នៃ​អគ្គនាយក​ដ្ឋាន​សហគមន៍​មូល​ដ្ឋាន បាន​ឱ្យដឹង​ថា រដ្ឋាភិបាល​បានផ្តល់​ការ​ អនុញ្ញាត​ជា​គោល​ការណ៍​ជូន​ក្រសួង​បរិស្ថាន​ពិនិត្យ និង​សម្រេច​លើសំណើសុំ​វិនិយោគ​លើគម្រោង​អភិវឌ្ឍន៍​ទេស​ចរណ៍​ធម្មជាតិ ខ្នាត​តូច​ ដែល​មាន​ទំហំដី​មិន​លើស​ពី ១០ ហិកតា នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់​ព័​ន្ធ​ក្នុ​ង​ការ​បំពេញ​នីតិវិធី​។ ការ​អនុញ្ញាត​នេះ​ធ្វើឡើង​តាម​រយៈ សជណ.សក ចុះ​ថ្ងៃ​ទី ៤ កក្កដា​ ឆ្នាំ​ ២០១៧ របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី។

លោក​ថា ចាប់​ពីខែកក្ក​ដា ឆ្នាំ ២​០១៧ មក​ដល់​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០២២ នេះ មាន​គម្រោង​វិនិយោគ​ អភិ​វឌ្ឍន៍​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​នឹង​ធម្មជាតិ​ខ្នាត​តូច​ចំនួន ៣០៧ គម្រោង លើផ្ទៃ​ដីសរុ​ប​ទំហំ ២ ៦៧០ ហិកតា ស្ថិត​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវ​ចម្រុះ​។

លោកថ្លែង​ថា៖ «គោល​ការណ៍​ណែនាំ​នេះ ជាចំណុច​មួយ​ដែល​យើង​ត្រូវ​ចាប់​ផ្តើម​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ទាំងអស់​គ្នា​ ដែល​ចំណុច​នីមួយៗ​ដែល​យើង​បាន​ដើរ​ទៅមិន​ទាន់​ពេញ​លេញ យើង​ត្រូវ​ពិនិត្យ​មើលថា តើចំណុច​ណាខ្លះ​​ត្រូវ​ពិនិត្យ​កែសម្រួល​បន្ថែម ហើយ​ចំណុច​ណា​ខ្លះ​ដែល​យើង​បញ្ជូន​តាម​នីតិវិធី​ដែល​ក្រសួង​បរិស្ថាន​បាន​ណែនាំ​»។

ក្រសួង​បរិស្ថាន​បាន​ចេញ​ប្រកាស​ស្តីពី​ការ​ដាក់​ឱ្យ​អនុវត្ត​គោល​កាណ៍​ណែនាំ​ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​នឹង​ធម្មជាតិ​ខ្នាត​តូច​ដែល​មាន​ទំហំផ្ទៃ​ដីក្រោម​១០​ហិក​តាស្ថិត​នៅ​ក្នុង​តំបន់​ការ​ពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ កាល​ពីថ្ងៃទី ២៣​ ខែ​សីហា ឆ្នាំ ២០២២។ ​

លោក រ័ត្ន វិរៈ រដ្ឋលេខា​ធិការ ក្រសួង​បរិស្ថាន បាន​ឱ្យដឹង​ថា ក្រសួង​បរិស្ថាន​បាន​កំណត់​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៧៣ និង​របៀង​​អភិរក្ស​ជីវ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ ចំនួន ៣​កន្លែង ដែល​មាន​ផ្ទៃដី​សរុប​ជាង ៧ លាន ហិក​តា​ស្មើនឹង​ ៤១% នៃផ្ទៃ​ដីប្រទេស​កម្ពុជា​ទាំង​មូល។ តំបន់​ទាំងនេះ​មាន​សក្តា​នុពល​ទេសចរណ៍​ធម្មជាតិ​ បេតិក​ភណ្ឌវ​ប្បធម៌ និងភាព​សម្បូរ​បែប ដែល​អាច​ទាញ​សក្តានុ​ពល​ទាំង​នេះ​មករៀបចំ​តំបន់​អេកូទេស​ចរណ៍​ធម្មជាតិ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​វិស័យ​ទេស​ចរណ៍ បង្កើត​ការងារ សេដ្ឋ​កិច្ច​មូល​ដ្ឋាន និង​ការ​រួម​ចំណែក​ពង្រឹង​កិច្ច​ការពារ​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ​។

លោក​ថ្លែង​ថា​៖ «តាមរយៈ​ការ​សិក្សា​កន្លង​មក​ក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​ និង​របៀង​អភិរក្ស​ជីវ​ចម្រុះ​ទាំងនោះ​ កម្ពុជា​មាន​សក្តា​នុ​ពល​​ច្រើនក្នុង​ការ​បង្កើត​ឱ្យ​មាន​ទេសចរណ៍​ធម្មជា​តិ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរជាតិ និង​អន្តរជាតិ​ ដោយសារ​ទេស​ភាព​ធម្មជា​តិ​ស្រស់​ស្អាត ខ្យល់​អាកាស​បរិសុទ្ធ និង​ជីវ​ចម្រុះ ព្រៃ​ឈើ សត្វព្រៃ សត្វ​ស្លាប​គ្រប់​ប្រភេទ ទឹក​ធ្លាក់ ជា​សម្រស់ដ៏​ស្រស់​ស្អាត​»។

លោក​ស្រី Salimata D. Follea តំណាង​ធនាគារ​ពិភ​ពលោកបាន​ឱ្យ​ដឹង​ថា លក្ខខណ្ឌ​ក្នុងការ​អភិរ​ក្ស​និងគ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​​​​នៅក្នុង​តំបន់​ធម្មជាតិ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​។ ដើម្បី​អនុវត្ត​ឱ្យ​កាន់​តែមា​ន​ប្រសិទ្ធ​ភាព និង​លើក​កម្ពស់​ការ​ផ្សារភ្ជាប់​ទេសចរ និង​ធម្ម​ជាតិ​នោះ ការ​រៀបចំ​គោល​នយោ​បាយ និង​គោល​ការណ៍​ណែនាំ អំពីកា​រគ្រប់​គ្រង​ និង​ការ​អនុវត្ត​គឺត្រូវ​ធ្វើ​យ៉ាង​ណា​រក្សា​និរន្តរ​ភាព​ធន​ធាន​ធម្ម​ជាតិ និង​មាន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។

លោក​ស្រីថ្លែង​ថា៖​ «ការ​ខិតខំ​ប្រឹង​ប្រែង​ជាបន្ត​របស់​ក្រសួង​បរិស្ថាន​ក្នុង​ការ​កែលម្អ​តំបន់​ការពារ និង​សហគ​មន៍មូលដ្ឋា​ន ជា​ផ្នែក​មួយ​ដ៏សំ​ខាន់ និង​ជាការ​ចង់​បាន​របស់​យើង ហើយ​សេចក្តី​ប្រកាស​ស្តីពីការ​ដាក់​ឱ្យ​អនុវត្ត​គោល​ការណ៍​ផ្សារ​ភ្ជាប់​ទេស​ចរ​និង​​ធម្មជាតិ​ខ្នាត​តូច​របស់​ក្រសួង​បរិស្ថាន​នេះ​ក៏ជារឿង​មួយ​ដ៏សំខាន់ និង​មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​»៕