ភ្នំពេញៈ គណ​បក្ស​ឆន្ទៈខ្មែរ ប្រកាស​រួប​រួម​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន និង​ចូល​រួម​ជា​គណ​បក្ស​នយោ​បាយ​តែមួយ​ តាម​ការ​ជាក់​ស្តែង នៅ​ក្នុង​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​ ក្រោយពី​ថ្នាក់​ដឹក​នាំនៃ​គណ​បក្ស​ទាំង ​២ បាន​ជួប​ពិភា​ក្សា​គ្នា​ជាបន្ត​បន្ទាប់​។ នេះ​បើយោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្សឆន្ទៈ​ខ្មែរនៅ​ថ្ងៃទី​ ៣ ខែ​តុលា ឆ្នាំ ​២០​២២។

សេក្តី​ថ្លែង​ការណ៍​នេះ ក៏បាន​អំពាវ​នាវ​ឱ្យ​អ្នក​ប្រជា​ធិតេយ្យ​ និង​ប្រជា​ពលរដ្ឋ កម្ពុជា ដែលចង់​ឱ្យមាន​ការផ្លាស់​ប្តូរជាវិជ្ជ​មាន ​តាម​រយៈការ​បោះ​ឆ្នោត​ ចូល​រួម និង​គាំទ្រ​គណ​បក្សភ្លើង​ទៀន​ ឱ្យបាន​ទូលំ​ទូលាយ​ និ​ង​ខ្លាំង​ក្លាជា​ង​ពេល​ណាៗ​ទាំង​អស់ ដើម្បី​អំណាច​ប្រជាធិតេ​យ្យ សេរី​ ពហុបក្ស​ ទទួល​បាន​ជោគជ័យ​ ស្រប​តាម​ ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង ទីក្រុង​ប៉ារីស និង​ស្មារ​តី រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា ជានិរន្តរ៍​តទៅ​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​លោក គង់​ មូនិកា ប្រធាន​គណបក្សឆន្ទៈ​ខ្មែរ សុំ​ធ្វើអត្ថា​ធិប្បាយ​បន្ថែម​ជុំវិ​ញ​បញ្ហា​នេះ​បាន​ទេ នៅថ្ងៃទី ៣ ខែតុលា ប៉ុន្តែ លោកធ្លាប់​បាន​ប្រាប់​ថា ចាប់​តាំង​ពីមាន​គណ​បក្ស​នយោ​បាយ ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជា​ធិតេយ្យ​មូល​ដ្ឋាន​ក្នុង​ការ​បង្រួប​បង្រួ​ម ឬចង​សម្ព័ន្ធ​ភាពនយោបាយ​សម្រាប់​ចូល​រួមប្រកួត​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២៣ មក គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​បង្ហាញ​ជំហរ​ ចូលរួម​ជាមួយនឹ​ងគណ​បក្សភ្លើ​ងទៀ​ន​ចាប់​តាំង​ពីពេល​នោះ ព្រោះមាន​ភាពងាយ​ស្រួលជា​ង​ទៅបង្កើត​គណ​បក្ស​ថ្មី​ ។

លោក ​សុន​ ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ក៏ធ្លា​ប់​បាន​ប្រកាស​ស្វាគមន៍​ចំពោះ ​គណបក្ស​នយោ​បាយ​ដែល​មាន​និន្នការ​ដូច​គ្នា​ចូល​រួមជា​មួយ​នឹង​គណ​បក្សភ្លើង​ទៀន ដើម្បី​ប្រកួត​ប្រជែង​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាង​មុខ​នេះ ផង​ដែរ។

លោកបន្ត​ថា បើទៅ​បង្កើត​គណ​បក្សថ្មី ឬចងសម្ព័ន្ធ​ភាពនយោ​បាយ ​២០២៣ មាន​នីតិវិធី​ចរចាច្រើន​ដំណាក់​កាល និង​ប្រើប្រាស់​ពេល​វេលា​យូរ និង​មាន​ភាព​ស្មុក​ស្មាញ​ច្រើន ព្រោះ​លោកមាន​បទពិសោធ​ក្នុង​ការ​ចរចារវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណ​បក្ស​សម​រង្ស៊ី បង្កើត​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​៕