ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ​ម៉ម ប៊ុនហេង ​បាន​ប្រកាស​ធ្វើការ​កែសម្រួល​នូវ​វិធានការ​សុខាភិបាល ​ចំពោះ​អ្នកដំណើរ​មកពី​បរទេស​ទាំងអស់ ​ដោយ​មិន​មាន​តម្រូវការ​ឱ្យ​បង្ហាញ​សេចក្តី​ប្រកាស​សុខភាព​របស់​អ្នកដំណើរ​ និង​បណ្ណ ​ឬ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ទៀត​ឡើយ ​ដែល​ការអនុវត្ត​នេះ​​នឹង​ត្រូវចាប់ផ្តើម​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​។

លោក ​ម៉ម ប៊ុនហេង បាន​លើកឡើង​ដូចនេះ​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ កាលពី​ថ្ងៃទី​ ៣ ​ខែតុលា​ ដោយ​យោង​ចំណារ​ឯកភាព​ដ៏ខ្ពង់ខ្ពស់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នា​ថ្ងៃ​ដដែល​នោះ​លើ​របាយការណ៍​របស់​គណៈប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ​(គបក) ​និង​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ក្រសួង​ជូនដំណឹង​ពី​ការកែសម្រួល​នូវ​វិធានការ​សុខាភិបាល ​ចំពោះ​អ្នកដំណើរ​មកពី​បរទេស ​ដោយ​ដកចេញ​នូវ​វិធានការ​ដែល​តម្រូវឱ្យ​អ្នកដំណើរ​មកពី​បរទេស​ទាំងអស់ ​ទាំង​ច្រក​ផ្លូវគោក ​ផ្លូវទឹក ​និង​ផ្លូវអាកាស​បង្ហាញ​សេចក្តី​ប្រកាស​សុខភាព​របស់​អ្នកដំណើរ​ និង​បណ្ណ ​ឬ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ ពេញលេញ​នៅ​ពេល​​មកដល់​កម្ពុជា»។

ទោះជា​មាន​ការកែសម្រួល​វិធានការ​សុខាភិបាល​យ៉ាង​នេះ​ក្តី ​ប៉ុន្តែ​លោក ម៉ម ប៊ុនហេង ​នៅ​តម្រូវ​ឱ្យ​បន្ត​រក្សាទុក​នូវ​ម៉ាស៊ីន​វាស់​កម្តៅ​ពី​ចម្ងាយ​នៅតាម​ច្រក​ទ្វារ​ចេញ​-ចូល​ប្រទេស ​ព្រម​ទាំង​រក្សាទុក​មន្ត្រី​ទទួល​បន្ទុក​ការងារ​ចត្តា​ឡីស័ក​មួយ​ចំនួន​នៅតាម​ច្រកទ្វារ​ព្រំដែន ​ដើម្បី​ពិនិត្យ ផ្តល់​យោបល់​ចំពោះ​អ្នក​ដំណើរ​ដែល​មាន​រោគសញ្ញា​ ឬ​អ្នកជំងឺ​ដែល​មាន​តម្រូវការ​ជាយថា​ហេតុ។

លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ដែរថា​ ទោះបី​ជា​មាន​ការកែសម្រួល​​នូវ​វិធានការ​សុខាភិបាល​ក៏ដោយ​ ក្រសួង​សុខាភិបាល​ក៏បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ឬ​អ្នកដំណើរ ​ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ ដូស​មូលដ្ឋាន ​ឬ​ដូស​ជំរុញ ​ត្រូវ​ទៅ​ចាក់​នៅ​តាម​ទីកន្លែង​ចាក់​វ៉ាក់សាំង ​ដែល​មាន​នៅតាម​រាជធានី​-ខេត្ត ដោយ​ពុំ​តម្រូវ​ឱ្យ​បង់ប្រាក់​នោះ​ទេ។

លោក​ ម៉ម ប៊ុនហេង​ បន្ថែមថា​៖​ «​ក្រសួង​សុខាភិបាល ​ក៏​សូម​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ​គប្បី​មាន​ការប្រុងប្រយ័ត្ន ​និង​បន្ត​អនុវត្ត​នូវ​វិធានការ​ ៣ ​ការពារ ​៣ ​កុំ ​និង​តាមដាន​សុខភាព​ខ្លួនឯង​ឱ្យ​បាន​ខ្ជាប់ខ្ជួន ​ចៀសវាង​ការចម្លង​វីរុស​កូវីដ ១៩ ជាយថា​ហេតុ»។

លោក​ យង់ ពៅ ​អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ការកែសម្រួល​វិធាន​សុខាភិបាល​នេះ​ដែរ​ថា ​ប្រទេស​កម្ពុជា​បាន​ចាក់​ស្រោច​វ៉ាក់សាំង​កូវីដ ១៩ ​នៅ​ទូទាំង​ប្រទេស ​ទាំង​ដូស​មូលដ្ឋាន​រហូត​ដល់​ដូស​ជំរុញ ​ដោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចាក់​ដល់​ដូស​ទី ៥​ រួមទាំង​រូបលោក​ផង​ដែរ។

លោក​ថ្លែងថា​៖ «យើង​ឃើញ​ថា ​ភាព​ស៊ាំរបស់​ប្រជាពលរដ្ឋ​កម្ពុជា​អាច​ទប់ទល់​ជាមួយ​នឹង​មេរោគ​កូវីដ ១៩ ​នេះ​បាន​ ដូចនេះ​ការបើក​ទ្វារ​ឱ្យ​អ្នក​ដំណើរ​មកពី​បរទេស ដោយ​មិនចាំបាច់​មាន​បណ្ណ​ពិនិត្យ​ សុខភាព​ និង​កាត​ចាក់​វ៉ាក់សាំង​នេះ ​គឺជា​ចំណុច​ ១ ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច និង​ទទួល​អ្នក​ទេសចរ​មក​ប្រទេស​កម្ពុជា​ឱ្យ​បាន​ច្រើន​ ខណៈ​ដែល​ពលរដ្ឋ​យើង​ភាគ​ច្រើន​​បាន​ចាក់​វ៉ាក់សាំង​រួចរាល់»។

ជាមួយ​គ្នានេះ​លោក​ យង់ ពៅ នៅតែ​ស្នើឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ការការពារ​ទៅតាម​ការអំពាវនាវ ​និង​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដដែល ​ជាពិសេស​វិធានការ ​៣​ ការពារ ​និង​ ៣ ​កុំ ​បើទោះបីជា​បាន​ទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់​ក៏ដោយ​។

លោក​បន្ថែមថា​៖ «វា​ជា​ចំណុច​ល្អ ​សម្រាប់​ប្រទេស​យើង ​ទាំង​លើ​វិស័យ​ទេសចរណ៍ ​និង​ការស្តារ​សេដ្ឋកិច្ច ​ហើយ​ក្នុង​អំឡុងពេល​ដែល​រាជរដ្ឋាភិបាល​បាន​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​នេះ ​គឺ​យើង​ឃើញ​ថា​ ប្រទេស​យើង​អាច​គ្រប់គ្រង​បាន ​និង​ទប់ស្កាត់​បាន​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​នេះ​ផងដែរ​។ ដូចនេះ ​ខ្ញុំ​គិតថា ​ការកែសម្រួល​លក្ខខណ្ឌ​សុខាភិបាល ​គឺជា​ចំណុច​ល្អ»។

សូម​បញ្ជាក់​ដែរ​ថា​ ក្រសួង​សុខាភិបាល​បាន​សម្រេច​កែសម្រួល​វិធានការ​សុខាភិបាល​នេះ ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ណែនាំ​ឱ្យ​ក្រសួង​ធ្វើការ​ប្រជុំ​បច្ចេកទេស ​ពិនិត្យមើល​លើ​ការកែសម្រួល​លក្ខខណ្ឌ​ទាំងនេះ​ កាលពី​ចុងខែ​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ៕