
មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង។ រូបថត AFP
ភ្នំពេញៈ កម្ពុជាមិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង (Min Aung Hlaing) មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនៅខែក្រោយនោះទេ តែកម្ពុជានៅរក្សាជំហរអញ្ជើញតំណាងមិននយោបាយរបស់ប្រទេសនេះមកចូលរួមជំនួសវិញ ខណៈប្រទេសនេះត្រូវបានគេមើលឃើញថា មានការវិវឌ្ឍតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ (កុងសង់ស៊ីស) ៥ ចំណុចរបស់មេដឹកនាំអាស៊ាន។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈ Telegram ជាភាសាអង់គ្លេស នាថ្ងៃទី ៣ ខែតុលា ដែលមានខ្លឹមសារថា៖ «យើងបានផ្ញើលិខិតអញ្ជើញទៅកាន់រដ្ឋជាសមាជិកអាស៊ានទាំងអស់ (លើកលែងតែប្រទេសមីយ៉ាន់ម៉ា ដែលយើងស្នើសុំឱ្យបញ្ជូនតំណាងមិននយោបាយ) អគ្គលេខាធិការដ្ឋានអាស៊ានដៃគូសន្ទនាអាស៊ានចំនួន ១០ អង្គការក្នុងតំបន់ និងអន្តរជាតិមួយចំនួន»។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ៣ ខែតុលា ថាកម្ពុជាក្នុងនាមជាប្រធានអាស៊ានបានសម្រេចចិត្តធ្វើដូចនេះគឺកម្ពុជាមិនចង់បង្ហាញជំហរថាកម្ពុជាគាំទ្រមេដឹកនាំយោធាមីយ៉ាន់ម៉ា ឬបោះបង់មីយ៉ាន់ម៉ាដែលជាសមាជិកអាស៊ាននោះដែរ ស្របពេលដែលសមាជិកអាស៊ានដទៃទៀតក៏មិនចង់ឱ្យវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាក្លាយជាចំណាប់ខ្មាំងអាស៊ានផងដែរ។
លោកថ្លែងបន្តថា ការមិនលូកដៃចូលនយោបាយផ្ទៃក្នុងនៃប្រទេសមីយ៉ាន់ម៉ាស្របតាមគោលការណ៍មជ្ឈភាពអាស៊ានបានធ្វើឱ្យអាស៊ានមានការលំបាកក្នុងការជំរុញឱ្យមីយ៉ាន់ម៉ាគោរពតាមចំណុចកុងសង់ស៊ីសទាំង ៥ របស់អាស៊ានក្នុងការជួយដល់វិបត្តិមីយ៉ាន់ម៉ា។
លោក ថុង ម៉េងដាវិត ថ្លែងថា៖ «បើទោះបីជាមានការដោះស្រាយបញ្ហានយោបាយមីយ៉ាន់ម៉ាមានដំណើរការយឺតក្តី ក៏កម្ពុជា និងសមាជិកអាស៊ានដទៃទៀតបានផ្តោតសំខាន់ និងជំរុញកាន់តែខ្លាំងក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាដូចជាវ៉ាក់សាំងកូវីដ- ១៩ ស្បៀងអាហារ ថ្នាំពេទ្យ និងស្វះស្វែងរកការការពារ និងកន្លែងសុវត្ថិភាពជូនដល់ប្រជាជនមីយ៉ាន់ម៉ា»។
លោក ម៉េងដាវិត បានថ្លែងបន្ថែមថា៖ «មេដឹកនាំយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច (EAOs) គួរតែបញ្ឈប់ការវាយប្រហារលើគ្នាទៅវិញទៅមក ហើយវិលមករកតុចរចាស្វែងរកដំណោះស្រាយរួមតាមនយោបាយឈ្នះ ឈ្នះដូចជាការធ្វើសម្បទាននយោបាយ យោធា ធានាសុខសុវត្ថិភាពប្រជាជន និងការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ»។
គួរបញ្ជក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងវិបត្តិ ក្រោយពីលោក មីនអ៊ុងឡាំង បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលមកដល់ពេលនេះវិបត្តិនេះបានអូសបន្លាយរយៈពេលជាង ១ ឆ្នាំមកហើយ។
កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីខែកុម្ភៈមិនបានអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វុនណា ម៉ោងលីន (Wunna Maung Lwin) មកចូលរួមនោះទេ ដោយសារតែមានការវិវឌ្ឍតិចតួចក្នុងការអនុវត្តកុងសង់ស៊ីស ៥ ចំណុចនេះ តែបានស្នើឱ្យមីយ៉ាន់ម៉ាបញ្ជូនតំណាង មិននយោបាយមកជំនួសវិញហើយក៏មិនបានទទួលការបញ្ជាក់ពីការចូលរួមនេះដែរ។
ក្រសួងព័ត៌មានបានបើកដំណើរការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងចុះយកព័ត៌មាន និងផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ៣១ ខែតុលា ដែលកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨-១៣ ខែវិច្ឆិកា។
ជាមួយគ្នានេះផងដែរកម្ពុជាបានចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ានលើកទី ៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅលើទឹកដីអង្គរ ខេត្ដសៀមរាប ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៧ ខែតុលា៕