ភ្នំពេញៈ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា លោក​កំពុង​រៀបចំ​ប្រាប់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវរក​វិធី​បង្កើន​ចំនួន​គ្រួសារ​ពលរដ្ឋ​​មួយ​ចំនួន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ ដោយ​បន្ថែម​បណ្ណ​ក្រីក្រ​ឱ្យ​បាន​ពី​ ២​ ទៅ​ ៣ ឬ​ពី​ ៤ ​ទៅ​ ៥ ម៉ឺន​បណ្ណ​ទៀត ខណៈ​ដែល​លោក​បាន​ផ្តាំផ្ញើ​ទៅ​ពលរដ្ឋ​ឱ្យ​ឆាប់​រុះរើ​លំនៅឋាន​​ខុស​ច្បាប់​ចេញ​ពី​តំបន់​អង្គរ​ជាមួយ​នឹង​ការ​ព្រមាន​មិន​ផ្តល់​សំណង ​ពេល​ចំណាត់ការ​របស់​អាជ្ញាធរ​មក​ដល់។

លោក​នាយក​រដ្ឋមន្រ្ដី បាន​ថ្លែង​បែប​នេះ​ពេល​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា​ប្រមាណ​ជិត ៤ ពាន់​នាក់ កាលពី​ថ្ងៃ​ទី៣ ខែ​តុលា។ លោក​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ចំណាយ ក្នុង ១ ខែ​ជិត ៥០ លាន​ដុល្លារ​​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​មាន​បណ្ណ​ក្រីក្រ​។ ប៉ុន្តែ​រដ្ឋាភិបាល​នឹង​បន្ត​ចំណាយ​​ថែម​ទៀត​ ដើម្បី​ជួយ​ដល់​ពល​រដ្ឋ​ក្រីក្រ​។ លោក​លើក​ឡើង​ថា អ្នកណា​ថា​ រដ្ឋាភិបាល ហ៊ុន សែន អត់​លុយ អាហ្នឹង​អ្នក​ឯង​អ្នក​ថា។ តែ​ប្រជា​ពលរដ្ឋ​ទទួល​បាន​លុយ​ពិត​ប្រាកដ។

ជាមួយ​គ្នា​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ពលរដ្ឋ​ដែល​​រស់នៅ​ក្នុង​តំបន់​អង្គរ​​ក្នុង​សភាព​ខុស​ច្បាប់​ដែល​មិន​ព្រម​ចាកចេញ ដើម្បី​រង់​ចាំ​ត​ថ្លៃ​ចង់​បាន​សំណង​ច្រើន​ និង​ទទួល​បាន​ដី​ធំ​នោះ​ថា នឹង​មិន​អាច​ទទួល​​បាន​សំណង​​អ្វី​ឡើយ ​នៅ​ពេលវេលា​ដែល​ចំណាត់ការ​អាជ្ញាធរ​មកដល់​ ពីព្រោះ​រដ្ឋាភិបាល​ក៏​រង​សម្ពាធ​ពី​អង្គការ​យូណេស្កូ​ដែរ ក្នុង​កិច្ច​ការពារ​រមណីយដ្ឋាន​អង្គរ​នេះ​។

លោក​បញ្ជាក់​​ថា​៖ «​ខ្ញុំ​សូម​ជម្រាប​ជូន ពេលនេះ​ជា​ពេល​ដែល​រាជរដ្ឋាភិបាល​ធ្វើការ​ថ្នាក់ថ្នម​ អង្វរករ​បងប្អូន​ឱ្យ​ចាកចេញ។ ខ្ញុំ​ទៅ​ជួប​ផ្ទាល់​​ជិត ៤ ពាន់​គ្រួសារ បើ​បូក​ទាំង​អ្នក​ចេញ​ពី​សៀមរាប​ផង។ ប៉ុន្ដែ​នៅ​ពេលវេលា​មក​ដល់ ១ សេន​ក៏​អត់​ឱ្យ​ហើយ​បញ្ជូន​ចេញពី​តំបន់​​នោះ​តែ​ម្ដង​សូម​ផ្ដាំ​ទៅ​ឱ្យ​ហើយ​»។

លោក​នាយក​រដ្ឋមន្រ្ដី​ផ្ដាំ​ទៅ​ពលរដ្ឋ​ថា សូម​កុំ​សង្ឃឹម​ទុក​មិន​ព្រម​ចាក​ចេញ​ ដើម្បី​ត​ថ្លៃ​ដើម្បី​បាន​សំណង​ច្រើន​ឬ​ដី​ធំ​​​ឱ្យ​សោះ និង​សូម​កុំ​ចាញ់​បោក​គណបក្ស​នយោបាយ​ណាមួយ​ ដែល​មក​សន្យា ឬ​ធានា​ថា​ ផ្ដល់​កម្មសិទ្ធិ​ដី​ធ្លី​ឱ្យ​នោះ។

លោក​នាយក​រដ្ឋមន្រ្ដី​បាន​ប្តេជ្ញា​ថែរក្សា​តំបន់​បេតិកភណ្ឌ​អង្គរ​ ដែល​កម្ពុជា​បាន​ចុះ​បញ្ជី​ជាមួយ​អង្គការ​យូណេស្កូ​កាល​ពី​ឆ្នាំ ១៩៩២ ដោយ​កម្ពុជា​មិន​អាច​ទុក​ឱ្យ​អង្គរ​វត្ត ត្រូវបាន​ដក​ចេញ​ពី​បេតិកភណ្ឌ​ពិភពលោក​ឡើយ ​គឺ​មាន​តែ​គ្រួសារ​ដែល​មិន​ព្រម​រុះរើ​ចាក​ចេញ​ពី​លំនៅឋាន​ក្នុង​បរិវេណ​តំបន់​អង្គរ​ទេ ដែល​ត្រូវ​បាន​ដក​ចេញ​។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ចុះ​បញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ឆ្នាំ​ ១៩៩២ ដោយ​អង្គការ​យូណេស្កូ មាន​ទំហំ​ផ្ទៃដី​ចំនួន ៤០១ គីឡូម៉ែត្រ​ការ៉េ​ជា​តំបន់​ចាត់ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក សឹង សែន​ករុណា លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី គួរ​ចាត់​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ព្យាយាម​សម្រប​សម្រួល និង​ចរចា​រក​ដំណោះ​ស្រាយ​រួម​ សម្រាប់​ពលរដ្ឋ​ដែល​មិន​ទាន់​ព្រម​ចាកចេញ​ក្នុង​តំបន់​អង្គរ​ទាំង​នោះ ចៀសវាង​ការ​ប្រើ​ចំណាត់​ការ​បង្ខំ​ឱ្យ​ចាកចេញ​ដែល​អាច​បង្ក​សោក​នាដកម្ម​ក្នុង​សង្គម​នៅ​ថ្ងៃ​ក្រោយ​។​ «ខ្ញុំ​យល់​ថា ប្រជា​ពលរដ្ឋ គាត់​ចង់​បាន​ដំណោះស្រាយ​ដែល​សមស្រប ហើយ​មិន​គួរណា​ប្រើ​ចំណាត់​កា​រ​ដែល​ធ្វើឱ្យ​ពួក​គាត់​រងគ្រោះ​ទេ​។ អាជ្ញាធរ​គួរ​​ដោះស្រាយ​ដោយ​សន្តិវិធី​ដែល​អាច​ទទួល​យក​បាន ចៀសវាង​បង្ក​ការ​លំបាក​ដល់​ពួក​គាត់​ពី ១ ​ជាន់​ហើយ​ទៅ ១ ​ជាន់​ទៀត។ ណាមួយ​ពួកគាត់​រស់នៅ​ទីនោះ​​ច្រើន​ឆ្នាំ​ហើយ​ដែរ​ហើយ​អាជ្ញាធរ​ក៏​បាន​ជ្រាប​ដែរ»។

លោក អំ សំអាត នាយក​ទទួល​​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ អំពាវនាវ​ដល់​រដ្ឋាភិបាល​សូម​ឱ្យ​ព្យាយាម​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ចាកចេញ​ពី​តំបន់​អង្គរ​។ «ខ្ញុំ​គិត​ថា រឿង​នេះ យើង​អាច​នៅ​បន្ត​ជជែក​គ្នា​រក​ដំណោះស្រាយ​បាន​ជា​ជាង​​ប្រើ​កម្លាំង​បណ្តេញ​ពលរដ្ឋ​ចេញ ព្រោះ​ពួកគាត់​រស់នៅ​កន្លែង​ចាស់​យូរ​លង់​ហើយ មាន​មុខរបរ ហើយ​គាត់​មិន​ចង់​ចាកចេញ​ទេ។ ដូច្នេះ​យើង​ត្រូវ​ចរចា​រក​ដំណោះ​ស្រាយ​​រួម​ដោយ​សន្តិវិធី​»។

បើ​តាម​អាជ្ញាធរ​អប្សរា​គិត​ត្រឹម​ពាក់​កណ្តាល​ខែ​កញ្ញា មាន​ប្រជា​ពលរដ្ឋ​ចំនួន ៥៩៤ គ្រួសារ​​ហើយ​ដែល​ព្រម​ចាកចេញ​​ពី​តំបន់​អង្គរ ដោយ​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​លំនៅ​ដែល​ចែក​ដោយ​រដ្ឋ​នៅ​តំបន់​រុនតាឯក ក្នុង​ស្រុក​បន្ទាយស្រី។ ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ព្រម​ចាកចេញ​នឹង​ទទួល​បាន​​ដីឡូត៍​ក្នុង​ទំហំ​ទទឹង​ប្រវែង ២០ ម៉ែត្រ និង​​បណ្តោយ ៣០ ម៉ែត្រ និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ ហើយ​រដ្ឋាភិបាល ​ក៏​បាន​សន្យា​កែប្រែ​តំបន់​នោះ​ទៅ​ជា​ក្រុង​ ១ ​ក្នុង​​ខេត្ត​សៀមរាប​ផង​ដែរ​៕