
សាលារៀនមួយនៅក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានទឹកជន់លិច កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២។ រូបថត សហការី
ភ្នំពេញៈ ជំនន់ទឹកភ្លៀងបានជន់លិច ធ្វើឱ្យប៉ះពាល់សាលារៀនជាង ២០០ កន្លែង នៅក្នុងខេត្តចំនួន ១១ រួមមាន ខេត្តសៀមរាប កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រតនគិរី ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តព្រះសីហនុ ធ្វើឱ្យសាលារៀនមួយចំនួនត្រូវបិទទ្វារ ប៉ុន្តែសិស្សនៅតែអាចបន្តរៀនតាមរយៈកម្មវិធីបណ្ដុំតេឡេក្រាម និងអនឡាញបាន។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា បច្ចុប្បន្នសាលារៀនជាង ៧០ កន្លែងនៅក្នុងខេត្តនេះ បានរងការជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងនោះ ភាគច្រើនជាសាលាបឋមសិក្សា។
លោក ប៊ុនណា បានថ្លែងថា៖ «នៅពេលនេះសាលាភាគច្រើន ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ដើម្បីការពារសុវត្ថិភាពរបស់សិស្ស ដែលជាកុមារតូចៗ។ ប៉ុន្តែពួកគេត្រូវបន្តការសិក្សារហូតដល់ដំណាច់ខែវិច្ឆិកាខាងមុខ ដោយពួកគេត្រូវរៀនតាមរយៈកម្មវិធីបណ្ដុំតេឡេក្រាម និងអនឡាញ»។ បើតាម លោក ប៊ុនណា សិស្សដែលត្រូវប្រឡងឌីប្លូម និងបាក់ឌុបពួកគេត្រូវរៀនថ្នាក់បំប៉ន [ថ្នាក់បង្រៀនវិញ្ញាសាសំខាន់ៗសម្រាប់ការប្រឡង] បន្ថែមក្រៅម៉ោងសិក្សានៅសាលាបន្ថែមទៀត ដើម្បីពង្រឹងគុណភាពនៃការសិក្សារបស់ពួកគេ ហើយថ្នាក់បំប៉ននេះ ពួកគេមិនតម្រូវឱ្យបង់ថ្លៃសិក្សានោះទេ ព្រោះលោកគ្រូ អ្នកគ្រូ នៅតាមសាលារបស់ពួកគេ បានទទួលប្រាក់ឧបត្ថម្ភ ពីគណៈកម្មការពង្រឹងសាលារួចហើយ។
ជាមួយគ្នានេះ លោកបានអំពាវនាវដោយជំរុញឱ្យលោកគ្រូ អ្នកគ្រូ ដែលមានភារកិច្ច ត្រូវបង្រៀនថ្នាក់បំប៉ននេះយកចិត្តទុកដាក់បង្រៀនសិស្សដោយរិះរកវិធីសាស្ត្រល្អៗ ជាគន្លឹះ ដើម្បីឱ្យសិស្សងាយយល់ និងឆាប់ចាប់បាន។ ចំណែកសិស្សានុសិស្ស ត្រូវប្រឹងប្រែងរៀនសូត្រ ដោយត្រងត្រាប់ស្ដាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ ដើម្បីទទួលបានចំណេះដឹង ប្រកបដោយគុណភាព និងភាពជោគជ័យក្នុងការប្រឡងនាពេលខាងមុខ។
ស្រដៀងគ្នានេះ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា ស្ថានភាពទឹកជំនន់នាពេលនេះបានថមថយបន្តិចវិញ ប៉ុន្តែនៅបន្តជន់លិច និងប៉ះពាល់សាលារៀនចំនួន ៤៧ កន្លែងក្នុងនោះសាលារៀនចំនួន ២ កន្លែង ត្រូវទឹកជន់លិចចូលដល់ក្នុងបន្ទប់សិក្សា។

ផ្លូវចូលវិទ្យាល័យអន្លង់វិលក្នុងខេត្តបាត់ដំបងត្រូវទឹកជន់លិច។ រូបថត សហការី
លោក ប៊ុនហុង បានបញ្ជាក់ថា៖ «នៅពេលនេះ សាលាមួយចំនួនទៀតបានបើកទ្វារឱ្យសិស្សចូលរៀនជាធម្មតាឡើងវិញហើយ ខណៈសាលាមួយ ចំនួនបានបន្តបិទទ្វារដោយសារទឹកនៅជន់លិចខ្លាំងនៅឡើយ។ ទោះយ៉ាងណា ការសិក្សានៅតែបន្ត ដោយសិស្សខ្លះត្រូវតម្រូវឱ្យទៅរៀននៅតាមសាលាផ្សេងដែលមិនមានការជន់លិច និងសិស្សខ្លះទៀត ត្រូវរៀនតាមប្រព័ន្ធអនឡាញ និងបណ្ដុំតេឡេក្រាម»។
ដើម្បីសុវត្ថិភាពនិងគុណភាពនៃការអប់រំ លោក ប៊ុនហុង បានអំពាវនាវដល់មាតាបិតាអាណាព្យាបាលសិស្សជួយជំរុញកូនៗរបស់ពួកគេ ឱ្យខិតខំរៀនសូត្រ និងណែនាំកុំឱ្យពួកគេចុះលេងទឹក និងត្រូវប្រុងប្រយ័ត្ន អំពីសត្វអាសិរពិស ព្រោះនៅពេលមានទឹកលិចបែបនេះ សត្វពស់ ខ្ទួយ ក្អែប ភាគច្រើនលូន វារ ទៅពួនសំងំនៅតាមទីកន្លៀតនៃបន្ទប់សាលារៀន ផ្ទះបាយ ជង្រុកស្រូវ និងព្រៃគុម្ពោតនានា។
ចំណែកលោក រ័ត្ន ធីសា អនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ជាទូទៅជំនន់ទឹកភ្លៀងបង្កការជន់លិចតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដូច្នេះសាលាដែលមានការជន់លិចទីធ្លាក្នុងបរិវេណសាលាខ្លាំង គឺតម្រូវឱ្យមានការបិទទ្វារជាបណ្ដោះអាសន្ន ដើម្បីការពារសុវត្ថិភាពសិស្ស។
លោកថ្លែងថា៖ «ជាធម្មតា ការជន់លិចដោយជំនន់ទឹកភ្លៀងវាមិនយូរទេ យ៉ាងច្រើន ១ សប្ដាហ៍អ៊ីចឹងទេវាមិនប៉ះពាល់អីទេ។ ម្យ៉ាងទៀតសិស្សានុសិស្ស នៅតែអាចរៀនមេរៀន និងលំហាត់ថ្មី តាមកម្មវិធីសិក្សារបស់ក្រសួងដាក់មកដដែល ព្រោះនៅពេលផ្អាកការសិក្សានៅតាមសាលា ដោយសារទឹកជន់លិចសាលានេះ លោកគ្រូ អ្នកគ្រូរបស់ពួកគេបានបង្រៀនពួកគេតាមប្រព័ន្ធតេឡេក្រាម និងអនឡាញដែលកម្មវិធីនេះ ត្រូវបានអនុវត្តតាំងពីឆ្នាំមុនមកម្ល៉េះ»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញថា ក្នុងរយៈពេល ៩ ខែឆ្នាំ ២០២២ សាលារៀនចំនួន ២០៦ កន្លែង ត្រូវបានទឹកជំនន់ជន់លិច ក្នុងនោះ ខេត្តសៀមរាប មានការជន់លិចសាលារៀនច្រើនជាងគេ គឺមានចំនួន ៧៩ កន្លែង។ បន្ទាប់មកគឺខេត្តកំពង់ធំ មានសាលារៀនចំនួន ៤៥ កន្លែងត្រូវបានទឹកជន់លិច ខណៈខេត្តបន្ទាយមានជ័យ មានសាលារៀនចំនួន ៤១ កន្លែងរងការជន់លិច៕
វីដេអូ៖