ភ្នំពេញៈ បើ​មើលទៅ​ដៃ​ទាំង ២ ​របស់​ស្ត្រី​វ័យ​កណ្តាល​ម្នាក់នេះ​ហាក់​មាន​សភាព​ខុស​ឆ្ងាយ​ពី​ផ្ទៃមុខ​របស់​គាត់​ដែល​ពេញ​ទៅ​ដោយ​បំណះ​សាច់រ​ដិ​បរដុប​ជ្រីវ​ជ្រួញ​ និង​បើងាក​មក​មើល​​ផ្នែក​ច្រមុះ​វិញ​មាន​សភាព​ក្រ​ហូង​ផត​ដោយ​មាន​តែ​ស្បែក​ជាប់​ឆ្អឹង​ ខណៈ​ដៃ​ទាំង​ ២ ​កំពុង​តែ​ទាញ​ម្ជុល​ដែក​រុញ​ទៅ​មកៗ​ជា​មួយ​នឹង​ខ្សែ​អំបោះ​ចាក់​ប្រទាក់​ក្រឡា​ប្រដេញ​ឆ្លាស់​ពណ៌​គ្នា​ដោយ​ប្រើ​តែ​ដៃ​ស្ទាប​ ព្រោះ​តែ​ភ្នែក​ទាំង​គូ​មើល​មិន​ឃើញ​។

បើ​គេ​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក​ទេ ​ប្រហែល​ជា​គិត​ថា ​គាត់គឺ​ជាម​នុស្ស​ភ្នែក​ភ្លឺ​ហើយ​ តែ​តាម​ការ​ពិត​ស្ត្រី​ម្នាក់នេះ​ជា​ជន​ពិការ​ងងឹត​ភ្នែក​ទាំ​ង​សង​ខាង ​ដោយ​សារ​ត្រូវ​ទឹក​អាស៊ីត​។ កាលពី​នៅមាន​វ័យ ១៩ ​ឆ្នាំ​ អ្នក​ស្រី ប្រឹម ស្រីអូន ​គឺ​ជានា​រី​ក្រមុំ​ម្នាក់​ដែល​មាន​មុខ​មាត់​ស្រស់​ស្អាត​ ក៏ប៉ុន្តែ​អ្នកស្រីត្រូវ​បាន​ស្ត្រី​ម្នាក់​ដែល​ជា​ឈ្មួញ​រកស៊ី​ទិញ​ជ័រកៅ​ស៊ូ​ដូចគ្នា​ជះ​ទឹក​អាស៊ីត​ដាក់​រហូត​ធ្វើឱ្យ​ភ្នែក​ទាំង​គូ​របស់​​អ្នកស្រីងងឹត​មើល​អ្វី​លែង​ឃើញ​ ហើយ​បច្ចុប្បន្ន​ស្ត្រី​រូបនេះ​ប្រកបរ​បរចាក់​មួក​លក់​តាម​អន​ឡាញ​ តស៊ូ​ចិញ្ចឹម​កូន​ស្រី​ ២ ​នាក់​ យ៉ាង​ត្រដាប​ត្រដួស​បំផុត​។

ស្ត្រី​រូបនេះ​បាន​រំឭក​ប្រវត្តិ​របស់​ខ្លួន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា អ្នកស្រី ឈ្មោះ​ ប្រឹម ​ស្រីអូន ​មាន​អាយុ ​៤២ ​ឆ្នាំ និង​មាន​បង​ប្អូន​ប្រុស​ស្រី​ចំនួន​ ៦​ នាក់​ រស់​នៅ​ភូមិ​ធ្លក សង្កាត់-ក្រុងសួង ​ខេត្ត​កំពង់​ចាម​។ កាល​ពី​ស្ថិត​ក្នុងវ័យ​​ទើប​តែ​ ១៩​ ឆ្នាំ (ឆ្នាំ ១​៩៩៩) អ្នកស្រី​បាន​ប្រកបរ​បរជា​ឈ្មួញ​កណ្តាល​ដើរ​ទិញ​ជ័រកៅ​ស៊ូ​ទឹក​យក​ទៅ​លក់​បន្ត​គ្រាន់​បាន​កម្រៃ​ខ្លះ​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ដែល​មាន​ម្តាយ​ និង​ឪពុក​ចាស់​ជរា​ ខណៈ​បង​ប្អូន​របស់​អ្នកស្រីមាន​គ្រួសារ​បែក​ផ្ទះ​រៀងៗ​ខ្លួន​អស់ហើ​យ។

ក៏​ប៉ុន្តែ​ជា​អកុសល​នៅថ្ងៃ ១ ​ក្នុង​អំឡុង​ឆ្នាំ​ ១៩៩៩ ដដែល​នោះ ​អ្នកស្រីបាន​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ ​១ ​គ្រឿង​តែ​ម្នាក់​ឯង ​ដើម្បី​ទៅ​ប្រមូល​ទិញ​ជ័រ​កៅស៊ូ​ដូច​សព្វ​មួយ​ដង។ ពេលនោះ​មាន​ស្ត្រី​ម្នាក់​ដែល​នាង​ស្គាល់​ថា ជា​ឈ្មួញ​កណ្តាល​ដើរ​ទិញ​ជ័រកៅស៊ូ​ដូចគ្នា​បាន​និយាយ​បោះ​ពាក្យ​សម្តី​ដាក់​នាង​ថា [មាន់ព្រៃ​កុំ​ចង់​កម្ចាយ​មាន់​ស្រុក]។ បន្ទាប់​ពី​ស្ត្រី​ម្នាក់​​និយាយ​បាន​បន្តិច​អ្នកស្រីក៏​ងាក​ទៅ​ក្រោយ​រក​ប្រភព​សំឡេង​បំណង​មើល​មុខ​អ្នក​និយាយ ​ក៏ស្រាប់តែ​ផ្ទៃមុខ​របស់​អ្នកស្រី​សើម​ជោក​ទៅ​ដោយ​ទឹក​ និង​មាន​អាការ​ក្តៅ​ទ្រាំ​មិន​បាន​ដែល​នាង​សង្ស័យ​ថា ​ជា​ទឹក​អាស៊ីត​។

ស្រីអូន​បាន​បន្តថា​ ភ្លាមៗ​ក្រោយ​កើត​ហេតុ​ អ្នកស្រី​បាន​ស្រែក​ឱ្យគេ​ជួយ​ ព្រោះ​អ្នកស្រី​មិន​អាច​បើក​ភ្នែក​ទាំង ​២​ បាន​ឡើយ ប៉ុ​ន្តែ​ស្ត្រី​ដែល​ជះ​ទឹក​អាស៊ីត​ដាក់អ្នកស្រីនោះ ត្រូវ​បាន​គេ​ប្រាប់​ថា​ រូបគេ​​ត្រូវ​នគ​របាល​ដែល​ដាក់​ប៉ុស្តិ៍​យាម​នៅក្នុង​ចម្ការ​កៅស៊ូ​នោះ​ចាប់​ខ្លួន​បាន​ភ្លាមៗ​ដែរ។ បន្ទាប់​ពី​ត្រូវ​សាក​សួរ​រួច​ នគរ​បាល​ប៉ុស្តិ៍​បា​នប​ញ្ជូ​ន​ស្ត្រី​បង្ក​ហេតុ​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​សួង​ ហើយ​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​តុលា​ការ និង​ត្រូវ​ឃុំខ្លួន​នៅ​ពន្ធ​នា​គារ​ត្រពាំង​ផ្លុ​ង។

ចំណែក​រូប​អ្នកស្រីវិញ​ ត្រូវ​បាន​បង​ប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​នៅ​ម្តុំ​ស្ថាន​ទូត​ចិន​ក្នុង​រាជ​ធានី​ភ្នំពេញ។​ នៅ​ទីនោះ​អ្នកស្រី​ត្រូវ​ដេក​ព្យា​បាល​របួស​អស់​រយៈ​ពេល​ ៤ ខែ​ ទើប​ប្តូរ​ចេញពី​គ្លីនិក​នោះ​ទៅ​មណ្ឌល​សាស​នា​កាតូ​លិ​កមួយ​មាន​ទី​តាំង​នៅ​ក្នុង​សង្កាត់​ចោម​ចៅ។ បន្ទាប់ពី​អ្នកស្រី​សម្រាក​ព្យា​បាល​អស់​រយៈ​ពេល​ ៣​ ខែ​ទៀត​ ក៏ត្រូវ​ខាង​មណ្ឌល​សាសនា​កាតូ​លិក​នោះ ​យក​អ្នកស្រីទៅ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នៅឯ​ស្រុក​កំណើត​វិញ​នៅ​អំឡុង​ឆ្នាំង​ ២០០០​។

អ្នកស្រី​បាន​បន្ត​ថា៖ «ខ្ញុំ​ត្រូវបាន​អង្គការ​គ្រី​ស្ទា​ន​មួយ​យក​ខ្ញុំ​មក​ធ្វើការ​វះ​កាត់​កែស​ម្ផ​ស្ស​បន្ត​បន្ទាប់​ទៀត។ ដូច​ជា​ចៀរ​សាច់​ពី​កំប៉េះ​គូទ​យកទៅ​ប៉ះ​បូ​វ​មាត់ ​ប៉ះ​ត្របក​ភ្នែក​ និង​នៅលើ​ផ្ទៃមុខ​ទាំង​មូល​ព្រោះ​គ្រូពេទ្យ​ថា សាច់​មុខ​ខ្ញុំ​ខូច​អស់​ហើយ»​។

បើ​តាម​អ្នក​ស្រី ស្រី​អូន ដោយ​សា​រតែ​គ្រូពេទ្យ​តម្រូវ​ឱ្យ​អ្នកស្រី​ព្យា​បាល​ក្នុង​ ១ ​សប្តាហ៍​ម្តង​ហើយ​ ដើម្បី​កុំឱ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ផង​នោះ​ អ្នកស្រីត្រូវតែ​បង្ខំចិត្ត​មក​រស់នៅ​រាជធា​នី​ភ្នំពេញ​ ដោយ​ជួល​បន្ទប់​គេ​ស្នាក់​នៅ​ម្តុំ​បឹង​សា​ឡាន​ក្នុង​ខណ្ឌទួ​លគោ​ក។ នៅ​ទីនោះ​អ្នកស្រី ​ត្រូវបាន​អ្នក​លក់​អី​វ៉ាន់​តាម​អន​ឡាញ​ហៅ​​ទៅ​ជួយ​ឡាយ​លក់​ផលិត​ផល​ឱ្យគេ​ដោយ​គេ​ឱ្យ​កម្រៃ​បន្តិច​បន្តួច​គ្រាន់​តែ​ដោះ​ស្រាយ​ជីវ​ភាព​តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ក្រោយ​មក​ទើប​ដឹង​ថា​ ការលក់​ផលិត​ផល​នោះគេ​យក​រូបអ្នកស្រី​ដែល​ជា​ជនពិ​ការ ​ដើម្បី​កេង​ប្រយោជន៍​ពី​នាង។ ម្យ៉ាង​ដើម្បី​អូស​ទាញ​អតិថិ​ជន​ឱ្យ​ទិញ​ផលិត​ផល​គេ​តែ​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ​​ទើប​អ្នកស្រី​​សម្រេច​ចិត្ត​ឈប់​ឡាយ​លក់​ឱ្យគេ។ ដោយ​សារតែ​ខ្លួន​ពិការភ្នែ​ក​ រីឯ​មុខ​មាត់​ក៏​បាត់បង់​សម្ផស្ស​អស់​ផង​នោះ​ អ្នកស្រីក៏​ជ្រើស​រើសយក​អាជីព​ចាក់​មួក​ដើម្បី​ចិញ្ចឹមជីវិត។

អ្នកស្រី​បាន​​បន្ត​ទៀត​ថា ដោយ​សារតែ​ខ្លួន​ងងឹត​ភ្នែក​មើល​អ្វី​មិន​ឃើញ​មិន​ដឹង​ជា​ទៅ​ពឹង​នរណា​បាន​ ហើយ​ម្យ៉ាង​ខាង​អង្គការ​គ្រី​ស្ទា​ន​បាន​ជួយ​ជ្រោម​ជ្រែង​តាំង​ពី​រងគ្រោះ​រហូត​មក​ទើប​នៅ​ឆ្នាំ​ ២០០៧ ​អ្នកស្រីក៏​សម្រេច​ចិត្ត​ទៅ​ស្តាប់​ព្រះ​គម្ពី​រនៅ​មណ្ឌល​សាសនា​គ្រី​ស្ទា​ន​មួយ​នៅ​ម្តុំ​ចោម​ចៅ។ នៅ​ទីនោះ​អ្នកស្រី​ត្រូវបាន​មនុស្ស​នៅ​ជុំវិញ​ខ្លួន​និយាយ​លួងលោ​ម​កុំឱ្យ​បាក់​ទឹក​ចិត្ត​ ឬ​ខូច​ចិត្ត​គិត​ចង់​សម្លាប់​ខ្លួន​ ពិសេស​ត្រូវ​ពង្រឹង​ស្មារតី​ខ្លួន​ឯង​ឱ្យ​រឹងមាំ​ ដើម្បី​ជម្នះ​នឹង​ភាព​លំបាក​វេទនា​នេះ​។

នៅ​ក្នុង​អំឡុង​ឆ្នាំ​ ២០០៧​ នោះ អ្នកស្រី​ត្រូវបាន​គេ​ណែនាំ​ឱ្យចូល​ជា​សមា​ជិក​ក្នុង​អង្គ​ការជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​ហើយ​ខាង​អង្គការ​បាន​ឱ្យ​អ្នកស្រីបង្ហាត់​ប​ង្រៀន​ចាក់​មួក​នៅ​ក្នុង​អង្គការ​រយៈ​ពេល ​៦ ខែ​ដល់​ជន​ពិការ​ដោយ​ទឹក​អាស៊ី​ត​ដូច​គ្នា។ ចៃ​ដន្យ​មាន​បុរស​ម្នាក់​ដែល​ជា​ជន​ពិការ​ដោយ​ទឹក​អាស៊ីត​ដូចគ្នា ​តែ​មិន​ពិការ​ភ្នែក​នៅ​បម្រើ​ការ​នៅក្នុង​អង្គការ​បាន​ចាប់​ចិត្ត​ស្រឡាញ់​អ្នកស្រីហើយ​ក៏​ត្រូវ​បាន​អង្គ​ការ​រៀប​ចំ​ផ្សំ​ផ្គុំ​ឱ្យ​ក្លាយ​ជា​ប្តី​ប្រពន្ធ​​។

អ្នកស្រី ​អូន​ រៀប​រាប់​ថា អ្នកស្រី​បាន​រួមរស់​ជាមួយ​ស្វាមីរហូត​ប​ង្កើ​ត​បាន​កូន​ស្រី ២ នា​ក់ ​ប៉ុន្តែ​ក្រោយ​មក​ស្វាមី​របស់​អ្នកស្រី​ បាន​លែង​លះ​គ្នា​ជាមួយ​អ្នក​ស្រី​ទៅ​យក​ប្រពន្ធ​ថ្មី។ក្រោយពី​បែក​បាក់​ជាមួយ​ប្តី​មក ​អ្នកស្រីបាន​ចាក់​មួក​លក់​តាម​អន​ឡាញ​ជា​មួយ​កូន​ស្រី​ច្បង​រហូត​ដល់​បច្ចុប្បន្ន។ រីឯ​ផលិត​ផល​ដែល​ចាក់​ដោយ​ដៃ​មាន​កាបូប​ស្ពាយ ​កាបូប​យួរ​ មួក​ កន្សែង​ពានា​ជាដើម​ ពោលគឺ​​បើ​អតិថិ​ជន​បញ្ជា​ឱ្យធ្វើ​គឺអ្នកស្រី​ធ្វើ​បាន​ទាំង​អស់​ដែល​ក្នុង ១ ខែ ​​អាច​រក​ចំណូល​បាន​ ១ លាន​រៀល​ ឬ ៦០ ​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។ រីឯ​កូន​ច្បង​ដែល​មាន​អាយុ​ ១៣​ ឆ្នាំ និង​កូន​ប្អូន​អាយុ​ ៥ ឆ្នាំ​ បច្ចុប្បន្ន​កំពុងរៀន​សូត្រ​នៅ​ក្នុង​មណ្ឌល​គ្រិស្ត​សា​សនា​មួយ ​នៅ​ម្តុំ​សាលា​ឥន្ទ្រ​ទេវី​ ដោយ​​កូន​ច្បង​រៀន​ថ្នាក់​ទី​៥ និង​កូន​ប្អូន​រៀន​ថ្នាក់​ទី​១​​។

អ្នក​ស្រី ​អូន ​រៀប​រាប់​បន្ត​ថា៖ «ខ្ញុំ​មាន​ការ​បារ​ម្ភពី​កូន​ដែរ​តាម​ផ្លូវ​ហ្នឹង ​ដោយ​សារ​ពួក​គាត់​ជិះ​កង់​ទៅ​រៀន​តែ​ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាង​ម៉េច​ ព្រោះ​សុទ្ធតែ​ស្រី​ទាំង ​២ នាក់។ គាត់​ជិះ​កង់​ឌុប​គ្នា​ឆ្ងាយ​ដែរ​ពី​ទួល​សង្កែ​ទៅ​សាលា​ឥន្ទ្រ​ទេវី ​សព្វ​ថ្ងៃនេះ​កូនស្រី​ច្បង​ដែល​គ្នា​មាន​អាយុ​ទើប​តែ​ ១៣ ​ឆ្នាំ​ តែ​ត្រូវ​មក​រ៉ាប់​រង​គ្រួសារ​ទៅ​វិញ»។​

អ្នកស្រី​ត្អូញ​ត្អែរ​ថា អ្នកស្រី​ធ្លាប់​ឮ​កូនស្រី​ច្បង​របស់​អ្នកស្រី​និយាយ​ត្អូញ​ត្អែរ​ដែរ​ថា គាត់​ជួប​បញ្ហា​ពិបាក​ដូចជា​ទៅ​រៀន​នៅ​សាលា​ផង​ ហើយ​ពេល​ចេញពី​សាលា​វិញ​ត្រូវ​ឡាយ​លក់​ជាមួយ​ម្តាយ​ផង​ ម្យ៉ាង​ត្រូវ​ចម្អិនម្ហូប​ និងដាំបាយផង ប៉ុន្តែ​ទោះ​យ៉ាង​ណា​កូនច្បង​នៅតែ​ស្រឡាញ់​អ្នក​ស្រី​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ទាំ​អ្នកស្រី​គ្រប់ពេល​វេលា​ទាំង​អស់។ ចំពោះ​នៅ​សា​លារៀន​វិញ​ ពេល​ខ្លះ​ក៏មាន​ក្មេងៗ​មួយ​ចំនួន​និយាយ​មាក់​ងាយ​ដាក់​កូន​អ្នកស្រី​ថា ជា​កូន​អ្នក​ពិការ​ភ្នែក​ងងឹត​ផង​ ប៉ុន្តែ​កូនស្រី​របស់​អ្នកស្រី​ប្រាប់​ថា នាង​ឈប់​គិតពី​ការ​និយាយ​មាក់​ងាយ​ពីក្មេងៗ​ទាំង​នោះ​ហើយ​ ពិសេស​ឱ្យតែ​ម្តាយ​នាង​បាន​រស់​សុខ​ស្រួល​ទៅ​ គឺ​នាង​សប្បាយ​ចិត្ត​ហើយ។

អ្នកស្រី ​អូន​ និយាយ​ថា៖ «ខ្ញុំ​ស្រ​ឡាញ់​កូន​ខ្ញុំ​ទាំង​ ២ នាក់​នេះ​ណាស់​ ប៉ុន្តែ​ខ្ញុំ​មិនដឹ​ងថា ​កូនស្រី​ជាទី​ស្រឡាញ់​របស់ខ្ញុំ​មាន​មុខ​មាត់​ដូច​ម្ដេ​ច​ទេ​ ព្រោះ​យើង​ងងឹត​ភ្នែក។​ ខ្ញុំ​តូច​ចិត្ត​ដែល​មិន​អាច​មើល​មុខ​កូន​ឃើញ​បាន​ត្រឹមតែ​ប៉ះ​ពាល់​រូប​កាយ​ពួក​គេ​ប៉ុណ្ណោះ»​៕