​កំពង់ចាមៈ ក្រុម​ស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម និង​អង្គការ WWF បានបញ្ជាក់​អំពី​កំណត់ត្រា​កូន​ផ្សោត​ថ្មី​ ១ ​ក្បាល​នៅ​ដើមខែ​តុលា បន្ទាប់ពី​ថតរូប​បាន​ដែលមាន​អាយុ​ប្រហែល ​២​ សប្តាហ៍​។​

ការថតរូប​កូន​សត្វ​ផ្សោត​នេះ​ត្រូវបាន​ធ្វើឡើង ខណៈពេល​វា​ហែល​ជាមួយ​សត្វ​ផ្សោត​ពេញវ័យ​ចំនួន ​៤ ​ក្បាល​ផ្សេងទៀត ក្នុង​តំបន់​ទីជម្រក​ស្ថិតនៅ​ចម្ងាយ​ប្រហែល​ ៣ ​គីឡូម៉ែត្រ​ ពី​អន្លង់​កាំ​ពី​នៃ​ខ្សែទឹក​ខាងលើ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​អង្គការ WWF Cambodia កាលពី​ថ្ងៃ​ចន្ទ ទី ​៣ ខែតុលា​។

លោក សេង ទៀក នាយក​អង្គការ WWF ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ខែតុលា ថា ការកត់ត្រា​បានកូន​សត្វ​ផ្សោត​ថ្មី​នេះ​ជា​សញ្ញា​ដ៏​ល្អ​មួយ​ដែល​អង្គការ WWF និង​រដ្ឋបាល​ជលផល​មានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពេល​ឃើញ​ផ្សោត​ថ្មី​ទើប​កើត​នេះ​។

លោក​ថា នេះ​ជា​វត្ត​មាននៃ​ការកត់ត្រា​បានកូន​ផ្សោ​តទី​៦ នៅក្នុង​ឆ្នាំ ២០២២ ប៉ុន្តែ​យ៉ាងណាក៏ដោយ​នៅក្នុង​ឆ្នាំ​ដដែល​នេះ​ក៏មាន​ការស្លាប់​កូន​សត្វ​ផ្សោត ចំនួន ​៤​ ក្បាល​ផងដែរ​ ដែល​នេះ​ គឺ​នៅតែ​ជា​ក្តីបារម្ភ​ចំពោះ​ការបាត់បង់​ផ្សោត​ដែលមាន​ចំនួន​តិចតួច​។

លោក​ថ្លែងថា​៖ «​អត្រា​កើត​ថ្មី​មាន​ចំនួន​ច្រើន​ជាការ​ត្រេកអរ ជាការ​សាទរ តែ​បើសិនជា​អត្រា​ស្លាប់ និង​អត្រា​កើត​ហ្នឹង​វា​ប្រហាក់ប្រហែលគ្នា អាហ្នឹង​គឺជា​កន្លែង​ដែល​យើង​បារម្ភ​»​។

បើតាម​លោក សេង ទៀក កូន​សត្វ​ផ្សោត ៤ ក្បាល ​ដែល​បាន​ស្លាប់​នៅក្នុង​ឆ្នាំ ២០២២ ​នេះ នៅ​មិនទាន់​ដឹង​មូលហេតុ​នៃ​ការស្លាប់​ពិតប្រាកដ​នៅឡើយ​។ លោក​បញ្ជាក់ថា កត្តា​ដែល​គួរឱ្យ​បារម្ភ​ជាងគេ​គឺ ការនេសាទ​ខុសច្បាប់ ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា ឆក់​ត្រជាក់ ឆក់​ក្តៅ ការបំពុល និង​ការ​ដាក់មង​។

លោក​ថ្លែងថា​៖ «​មិនអាច​ប្រើប្រាស់​ឧបករណ៍​ដែល​ហាមឃាត់​ដោយ​ច្បាប់​ជលផល នៅក្នុង​ដែន​របស់​ផ្សោត​រស់នៅ​ទេ​។​ អ៊ីចឹង​នេះ​ជា​ចំណុច​សំខាន់ ស្នើឱ្យ​មានការ​រឹតបន្តឹង​ឱ្យ​កាន់តែខ្លាំង​ទៅលើ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅក្នុង​ដែន​របស់​ផ្សោត​រស់នៅ បើ​មិន​អ៊ីចឹង​ទេ​ផ្សោត​កើត​ថ្មី​អាចមាន​បញ្ហា​ដោយសារ​ឧបករណ៍​នេសាទ​ខុសច្បាប់​»​។

លោកនាយក​អង្គការ WWF ប្រាប់ថា ក្រៅពី​ការនេសាទ​ខុសច្បាប់​នៅមាន​បញ្ហា​មួយចំនួនទៀត​ដែល​អាច​គំរាមកំហែង​ដល់​សត្វ​ផ្សោត​កម្ពុជា​បញ្ហា​ទាំងនោះ​មានដូចជា លំហូរ​ទឹក​ដែលមាន​ការប្រែប្រួល និង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។ លោក​បញ្ជាក់ថា​៖ «​ផ្សោត​យើង​មាន​ចំនួន​តិច វា​ត្រូវការ ការអភិរក្ស ការគ្រប់គ្រង​ឱ្យបាន​តឹងរ៉ឹង និង​ដោះស្រាយ​បញ្ហា និង​ហានិភ័យ​មួយចំនួន ដែល​កើតឡើង​ទៅលើ​វា​បច្ចុប្បន្ន​ហ្នឹង​ដែល​បង្កើត​ដោយ​មនុស្ស​»​។​

សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត ដែល​នេះ​ជា​ចំណាត់ថ្នាក់​នៃ​ប្រភេទ​គំរាមកំហែង​ខ្ពស់បំផុត​ជា​សកល​សម្រាប់​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​។ សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន ៨៩ ក្បាល ក្នុង​ឆ្នាំ ២០២០ ដែល​កំពុង​រស់នៅក្នុង​ទន្លេមេគង្គ​កម្ពុជា​។

លោក ម៉ុក ពន្លក នាយ​ខណ្ឌ​ជលផល​ខេត្តក្រចេះ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៤ ខែតុលាថា នៅពេល​ទទួលបាន​ព័ត៌មាន​ថា​មានកូន​ផ្សោត​ថ្មី​កើតឡើង​លោក​តែង​ដាក់​កម្លាំង​ឆ្លាស់គ្នា​ ដើម្បី​ចល័ត​តាម​គោលដៅ​ធ្វើការ​ការពារ​កុំឱ្យ​បា​របស់​វា​ដែលមាន​ចរិត​បំពាន​តាម​វាយ​នាំឱ្យ​វា​មាន​គ្រោះថ្នាក់​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ទទួលបាន​របា​យ​ការណ៍​នេះ​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​ឥតឧបមា ហើយ​ខ្ញុំ​ក៏បាន​ឆាត​ចូលក្នុង​គ្រុប​របស់​បងប្អូន​ឆ្មាំ ទាំង​នៅក្នុង​តំបន់​កាំ​ពី​ក៏ដូចជា​ឆ្មាំ​ទន្លេ​ទូទាំង​ខេត្តក្រចេះ ដើម្បីឱ្យ​គាត់​ទាំងអស់គ្នា​ហ្នឹង​ចូលរួម​អបអរសាទរ ក៏ដូចជា​ពង្រឹង​ការចុះ​បង្ក្រាប​បទល្មើស​»​។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​បញ្ជាក់​បន្ថែមថា ក្នុងពេល​កន្លងមក​មិន​ថា​ពេលដែល​ទើប​ទទួលបាន​ព័ត៌មាន​អំពី​សត្វ​ផ្សោត​ថ្មី​ទើប​កើត​នេះ​ទេ សូម្បី​សត្វ​ផ្សោត​មុន​កើត ឬ​មិនទាន់​បានទទួល​ព័ត៌មាន​យ៉ាងណាក៏ដោយ រូបលោក​ផ្ទាល់ ក៏ដូចជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​ឆ្មាំ​ទន្លេ​ទាំងអស់​តែងតែ​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ជា​រៀងរាល់ថ្ងៃ ទាំង​នៅតាម​តំបន់​អភិរក្ស​ទាំង​អភិរក្ស​ផ្សោត ក៏ដូចជា​អភិរក្ស​ជីវចម្រុះ​ជលផល​នៅតាម នៅតាម​ដង​ទន្លេមេគង្គ​ផងដែរ​៕