
នគរបាលជំនាញពិនិត្យសាកសពបញ្ជាក់ពីការស្លាប់ដោយរន្ទះបាញ់ មុនឱ្យទៅធ្វើបុណ្យ។ រូបថត សហការី
ភ្នំពេញៈ មនុស្ស ១៦៤ នាក់ស្លាប់ និងរបួស ព្រោះបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២២ ហើយនៅក្នុងបាតុភូតនេះដែរ បានបង្កផលប៉ះពាល់និងខូចខាតផ្ទះសរុបជាង ៤ ០០០ខ្នង។ នេះបើយោងតាមតារាងទិន្នន័យ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
តារាងទិន្ន័យ ស្ដីពីផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់រយៈពេល ៩ ខែ ឆ្នាំ ២០២២ នោះបានបង្ហាញថា បាតុភូតខ្យល់កន្ត្រាក់ បានកើតឡើង ១៥៦ លើក ប៉ះពាល់ ២១ លើ ២៥ រាជធានី-ខេត្ត នៅទូទាំងប្រទេស (លើកលែង ខេត្តមណ្ឌលគិរី ប៉ៃលិន ពោធិ៍សាត់ និង ខេត្តកែប) ដោយបានបង្កឱ្យមានជនរងគ្រោះ ៣ នាក់ស្លាប់ និង ៥៩ នាក់ទៀតរងរបួស។
ក្រៅពីនេះបង្កការស្លាប់និងរបួសមនុស្ស បាតុភូតខ្យល់កន្ត្រាក់ បានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋជាង ៤ ០០០ ខ្នង ក្នុងនោះ បានដួលរលំបាក់ខូចខាតទាំងស្រុងចំនួន ៩៤៣ ខ្នង និង ខូចខាតមធ្យម ដោយប៉ើងរបើកដំបូលចំនួន ៣ ២០៦ ខ្នង ព្រមទាំងប៉ើងរបើកខូចខាតដំបូលសាលារៀងចំនួន ៣៨ អគារ តូបលក់ដូរចំនួន ១៣ និង អគាររដ្ឋបាលសាធារណៈដូចជាមណ្ឌលសុខភាព សាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសរុប ចំនួន ២១ អគារថែមទៀត។
ចំណែកបាតុភូតរន្ទះបាញ់ បានកើតឡើង ៩៥ លើក ប៉ះពាល់ ២០ ខេត្ត (លើកលែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប កំពង់ចាម និងខេត្តត្បូងឃ្មុំ ) បណ្ដាលឱ្យមានជនរងគ្រោះ ចំនួន ៥៣ នាក់ស្លាប់ និង ៤៩ នាក់ទៀតរងរបួស ព្រមទាំងបណ្ដាលឱ្យងាប់សត្វពាហនៈរបស់ប្រជាកសិករសុរប ៨៤ ក្បាល និង ខូចខាតផ្ទះ ២២ ខ្នង។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមរយៈការអប់រំផ្សព្វផ្សាយរបស់មន្ត្រីជំនាញ ប្រជាពលរដ្ឋមានការយល់ដឹងច្រើន អំពីមូលដ្ឋានគ្រឹះនៃការការពារខ្លួនពីគ្រោះថ្នាក់ ដែលបង្កឡើងដោយបាតុភូតធម្មជាតិ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់។ ប៉ុន្តែដោយសារបញ្ហាជីវភាព គ្រួសារកសិករក្រីក្រនៅតាមទីជនបទដាច់ស្រយាលមួយចំនួន បានបន្តរស់នៅ និងបំពេញការងាររស្រែចម្ការ ក្រោមសម្ពាធនៃគ្រោះធម្មជាតិទាំងនេះ។
លោកបានបញ្ជាក់ថា៖ «ប្រជាកសិករគាត់ដឹងថា ធ្វើការក្នុងអំឡុងពេលមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងរន្ទះបាញ់ គឺប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែស្ថានភាពជីវភាព ដែលកំពុងខ្វះស្បៀងអាហារ បានបង្ខំឱ្យពួកគាត់ចាំបាច់ត្រូវធ្វើការងារស្រែចម្ការ ក្រោមសម្ពាធនៃគ្រោះធម្មជាតិទាំងនេះ»។
កាលពីថ្ងៃរសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ បុរស ២ នាក់ឪពុក-កូន ជាកម្មករសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានរន្ទះបាញ់ បណ្ដាលឱ្យស្លាប់ បុរសជាឪពុក។ នេះបើតាមសម្ដីរបស់លោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ។
លោកបានថ្លែងថា តាមរយៈការឆ្លើយបំភ្លឺរបស់ជនរងគ្រោះឈ្មោះ សែម សុខជីង អាយុ ១៩ ឆ្នាំ ជាកូនប្រុសនៃសពបុរសឈ្មោះ សែម សុខជា អាយុ ៤២ ឆ្នាំ នៅមុនពេលកើតហេតុ ពួកគាត់ទាំង ២ នាក់ (ឪពុកនិងកូនប្រុស) បាននាំគ្នាចេញពីធ្វើការ (សាងសង់ផ្លូវក្រវាត់ក្រុងទី៣) ដើរសំដៅទៅការដ្ឋាន ជាទីដែលពួកគាត់ស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិស្ដៅកន្លែងទី៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកបានថ្លែងដោយលើកយកសម្រង់សម្ដីបុរសរងគ្រោះជាកូន មកបញ្ជាក់ថា៖ «ពេលដើរមកបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានភ្លៀងខ្យល់ធ្លាក់បក់បោកយ៉ាងខ្លាំង។ រំពេចនោះក៏មានរន្ទះបាញ់កើតឡើង បណ្ដាលឱ្យខ្ញុំ និងឪពុកខ្ញុំដួលសន្លប់ទៅលើដី។ បន្តិចក្រោយមកខ្ញុំក៏ដឹងខ្លួន ប៉ុន្តែឪពុកខ្ញុំនៅមិនទាន់ដឹងខ្លួននោះទេ។ នៅពេលនោះខ្ញុំបានស្រែកហៅអ្នកភូមិនៅក្បែរនោះឱ្យជួយអន្តរាគមន៍ដឹកទៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យជំនាញបានប្រាប់ថា គាត់ស្លាប់បាត់ទៅហើយ»។
បើតាមលោក សំណាង ក្រុមគ្រូពេទ្យជំនាញផ្នែកកោសល្យវិច័យផ្នែកវិទ្យាសាស្ត្រ បានពិនិត្យសពជនរងគ្រោះ ហើយបានសន្និដ្ឋានថា ពិតជាស្លាប់ដោយករណីរន្ទះបាញ់យ៉ាងពិតប្រាកដមែន ក៏សម្រេចប្រគល់សពជនរងគ្រោះ ទៅឱ្យក្រុមគ្រួសារ យកទៅរៀបចំពិធីបុណ្យសពតាមប្រពៃណី។
លោក គឹមកុលមុន្នី បាននិយាយថា ករណីនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងករណីរន្ទះបាញ់កើនដល់ ៥៤ នាក់ និងអ្នករងរបួសកើនដល់ ៥០ នាក់ ហើយថាករណីរន្ទះនៅតែជាបញ្ហាប្រឈម និងស្មុគស្មាញ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងអនុវត្តជាប់ជាប្រចាំតាមការណែនាំរបស់មន្ត្រីជំនាញ។
លោកបានបញ្ជាក់ថា៖ «ការពិតយើងមិនអាចទៅបញ្ឈប់បាតុភូតគ្រោះធម្មជាតិនេះបានទេ តែយើងអាចការពារនូវហានិភ័យនៃគ្រោះធម្មជាតិនេះបាន បើយើងអនុវត្តតាមវិធានណែនាំរបស់មន្ត្រីជំនាញ»។
ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ បានបន្តព្រមានអំពីការកើតមាននូវបាតុភូតគ្រោះធម្មជាតិភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅក្នុងតំបន់ទំនាបកណ្តាល ជាប់ព្រំប្រទល់ប្រទេសវៀតណាម និងតំបន់ផ្សេងទៀតជាប់មាត់សមុទ្រ។
ក្រសួងបានគូសបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប ដែលកើតមានជាថ្មី បានបន្តអូសបន្លាយ កាត់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ទន្ទឹមនេះ មានការជួបប្រសព្វគ្នា រវាងទ្រនុងសម្ពាធខ្ពស់ រុញចុះពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាប ដែលរុញពីភាគត្បូង នឹងធ្វើឱ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនៅក្នុងតំបន់វាលទំនាបជាប់ព្រំប្រទល់ប្រទេសវៀតណាម ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕