ភ្នំពេញៈ ​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ចំនួន​ ៥ រួមគ្នា​ប្រកាស​ជ្រើសរើស​យុវ​ទូត​ស្ម័គ្រចិត្ត​ចំនួន​ ២០​ នាក់ ឱ្យ​ចូលរួម​កម្មវិធី​យុវ​ទូត​ស្ម័គ្រចិត្ត​ ដើម្បី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ជំនា​ន់ទី​៣ ដែល​នឹង​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ​ ២០២២​។​

តាម​សេចក្តីប្រកាស​រួម​របស់​កម្មវិធី​យុវ​ទូត​ស្ម័គ្រចិត្ត​ដើម្បី​គោលដៅ SDGs បានឱ្យដឹងថា អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ទាំង​៥ ដែល​រួមគ្នា​រៀបចំ​កម្មវិធី​នេះ គឺ​រួមមាន​អង្គការ CCC អង្គការ OXFAM អង្គការ​ជំនួយ​នៃ​ប្រជាពលរដ្ឋ​ន័​រ​វែ​ស​កម្ពុជា ឬ​ Norwegian People’s Aid និង​អង្គការ Brot fur die Welt ក្រោម​កិច្ចសហការ​ដោយ​សហគមន៍​អឺរ៉ុប​។

សេចក្តីប្រកាស​ដដែល បានឱ្យដឹង​បន្តថា សម្រាប់​យុវជន​ដែលមាន​បំណង​ចង់​ក្លាយទៅជា​យុវ​ទូត​ស្ម័គ្រចិត្ត គឺ​តម្រូវឱ្យ​ពួកគេ​បំពេញ​ពាក្យសុំ​ចូលរួម​កម្មវិធី ដោយមាន​លក្ខខណ្ឌ​អាយុ​ចន្លោះ​ពី​ ១៨​ ឆ្នាំ ដល់ ​២៥ ​ឆ្នាំ ហើយ​មាន​ពេលវេលា​គ្រប់គ្រាន់ និង​មានការ​ប្តេជ្ញាចិត្ត​ចំពោះ​ការងារ​សង្គម និង​ចូលរួម​អបរំ​ផ្សព្វផ្សាយ និង​ជំរុញឱ្យមាន​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs)​។​

លោក នង នាថ​នរៈ ប្រធាន​ទំនាក់ទំនង និង​កៀរគរ​ធនធាន​នៃ​អង្គការ CCC បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ខែតុលា​ថា យុវជន​ស្ម័គ្រចិត្ត​ចំនួន​ ២០ ​នាក់ នឹងត្រូវ​ជ្រើសរើស​ធ្វើជា​យុវ​ទូត​ស្ម័គ្រចិត្ត​សម្រាប់​រយៈពេល ១ ឆ្នាំ ចាប់ពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ២០២២ ដល់​ថ្ងៃទី ​៣១ ខែតុលា ឆ្នាំ​ ២០២៣​។​

លោក​បន្តថា ក្នុង​រយៈពេល​អាណត្តិ​ទី​១ ឆ្នាំនេះ ពួកគេ​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ក្លាយជា​ភ្នាក់ងារ​ក្នុងការ​រួមចំណែក​ឱ្យមាន​ការផ្លាស់ប្ដូរ​បែប​វិជ្ជមាន ដើម្បី​ពង្រឹង​សិទ្ធិអំណាច​យុវជន និង​ផ្ដល់​ភាពជា​គំរូ​ដល់​យុវជន​ដទៃទៀត ក្នុង​ការជំរុញ​ឱ្យសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​សហគមន៍​របស់​ពួកគេ​។

លោកបាន​បញ្ជាក់ថា​៖ «​យុវ​ទូត​ស្ម័គ្រចិត្ត នឹងចូលរួម​ចំណែក​ក​សាង​សន្ដិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដោយផ្ទាល់ និង​ប្រយោល ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ និង​មូលធន​មនុស្ស​ដ៏​ប្រសើរ និង​ប្រកបដោយ​ពុទ្ធិ​របស់​ជាតិ​នៅ​ថ្ងៃ​អនាគត​»​។

បើតាម​អង្គការ CCC នៅក្នុង​អាណត្តិ​រយៈពេល ​១ ឆ្នាំ យុវ​ទូត​ស្ម័គ្រចិត្ត នឹងធ្វើ​សកម្មភាព​រួមគ្នា​សំខាន់ៗ​ចំនួន​ ៤ ដូចជា​ ១- ​ការលើកកម្ពស់​ការយ​ល់​ដឹង​តាមរយៈ​កម្មវិធី​ការយល់ដឹង​ជា​សាធារណៈ ជាពិសេស​ក្នុងចំណោម​យុវជន​។ ២-​ ការកសាង ការអភិវឌ្ឍ​សមត្ថភាព​សម្រាប់​ការរួមបញ្ចូល ​SDGs និង CSDGs ក្នុងចំណោម​កម្មវិធី​ការងារ​របស់​ក្រុមយុវជន​។ ៣-​ ការលើកកម្ពស់​ភាពជា​ដៃគូ​រួមបញ្ចូល​ជាមួយ​ភាគី​ពាក់ព័ន្ធ (​រដ្ឋាភិបាល វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​) លើ​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ និង SDGs ទាក់ទង​នឹង​គោលនយោបាយ​អាទិភាព និង​ការសម្របសម្រួល​។ ៤-​ ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព និង​សមិទ្ធផល ក៏ដូចជា​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត SDGs និង CSDGs តាមរយៈ​មតិសាធារណៈ និង​ដំណើរការ​ពិនិត្យ​ថ្នាក់ជាតិ​ដោយ​ស្ម័គ្រចិត្ត​។

លោក នង នាថ​នរៈ បាន​និយាយថា យុវជន​មិន​ត្រឹមតែ​ជា​អ្នកទទួលផល​ប្រយោជន៍​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ប៉ុណ្ណោះ​ទេ​។ បន្ថែម​ពីនេះ​យុវជន​ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ឱ្យសម្រេចបាន​នូវ​គោលដៅ​នេះ​។ ប៉ុន្ដែ​លោក​មើលឃើញថា ដោយសារតែ​ការយល់ដឹង​ជាទូទៅ​អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល និង​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​កម្ពុជា​និយាយ​ដោយឡែក គឺ​នៅមានកម្រិត​ទាប​នៅឡើយ​ក្នុងចំណោម​សាធារណជន​ទូទៅ រួមបញ្ចូល​ទាំង​ក្នុងចំណោម​យុវជន​ផងដែរ គឺ​ភាគច្រើន​មិនទាន់បាន​យល់​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅឡើយ។

លោកបានបញ្ជាក់​ទៀតថា​៖«​យើង​មានបំណង​ចង់ឃើញ​យុវជន​របស់​យើង ជាពិសេស​យុវជន​ដែល​មិនសូវ​ទទួលបាន​ឱកាស ឱ្យ​ពួកគាត់​ទទួលបាន​ការលើកទឹកចិត្ត​ដើម្បី​ចូលរួម​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​ពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ត្រូវបាន​បណ្ដុះ​សមត្ថភាព និង​ជំនាញ ដើម្បី​នាំ​សំឡេង និង​ដោះស្រាយ​បញ្ហា​នានា​ដែល​ពួក​កំពុង​ជួបប្រទះ និង​ចង់​ដោះស្រាយ​»​។​

​លោកអំពាវនាវ​ឱ្យ​យុវជន​ខ្មែរ ដែលមាន​បំណង​ចង់​ចូលរួម​ការងារ​អភិវឌ្ឍន៍​សង្គម និង​ជំរុញ​ឱ្យសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព បំពេញ​ពាក្យ​ចូលរួម ដើម្បី​មានឱកាស​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ឱ្យសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍ (SDGs) និង​ដើម្បី​មនុស្សជាតិ និង​ភពផែនដី​។

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) គឺជា​គោលដៅ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ការអភិវឌ្ឍ​អន្តរជាតិ​នាពេល​អនាគត​។ គោលដៅ​ទាំងនោះ ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​គោលដៅ​សកល​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ SGDs ត្រូវបាន​ចាប់​អនុវត្ត​ពី​ឆ្នាំ ​២០១៥ ដល់​ឆ្នាំ​ ២០៣០ ដោយមាន​គោលដៅ​សំខាន់ៗ​ចំនួន ១៧ និង​ទិសដៅ​ជាក់លាក់​ចំនួន​ ១៦៩ សម្រាប់​គោលដៅ​ធំៗ​ទាំងនោះ​។

កញ្ញា ប៉ូច ស្រី​និ​ច និស្សិត​ព័ត៌មានវិទ្យា​ឆ្នាំ​ទី​២ បាន​និយាយថា ការងារ​ស្ម័គ្រចិត្ត​ទាំងអស់ គឺ​សុទ្ធតែ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​យុវជន ជាពិសេស​យុវជន​ដែល​មិន​ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​ការងារ ឬ​សង្គម ដែល​អាចឱ្យ​ពួកគេ ទទួលបាន​បទពិសោធ និង​មេរៀន​។​

ជា​យុវជន​ម្នាក់​ដែល​តែង​ចូលរួម​ជាមួយ​សកម្មភាព​ស្ម័គ្រចិត្ត​ក្នុងសង្គម បាន​និយាយ​លើកទឹកចិត្ត និង​ជំរុញ​ដល់​យុវជន​ដទៃទៀត ឱ្យ​ចំណាយ​ពេលវេលា​រប​ស់​ខ្លួន​ចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត​នានា ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ពង្រឹងសមត្ថភាព​របស់ខ្លួន​ក្នុងពេល​អនាគត ហើយ​ការងារ​ស្ម័គ្រចិត្ត ក៏បាន​ចូលរួម​ជួយ​ដល់​កិច្ចការងារ​សង្គម​ផងដែរ​។​

កញ្ញាបាន​បញ្ជាក់ថា​៖«​ការងារ​ស្ម័គ្រចិត្ត​ខ្ញុំ ធ្លាប់​ចូលរួម​ច្រើន​ដែរ ព្រោះ​វា​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ខ្ញុំ​។ គ្រាន់តែ​ថា ការងារ​ស្ម័គ្រចិត្ត គឺ​យើង​ត្រូវ​ចំណាយពេល​ច្រើន​បន្តិច ប៉ុន្តែ​អ្វីដែល​យើង​ទទួលបាន​គឺ​ល្អ​។ យុវជន​ទាំងអស់ គួរតែ​ចំណាយពេល​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ទាំងនេះ​»​។

លោក នង នាថ​នរៈ ថ្លែងថា ការចូលរួម​របស់​យុវជន​ក្នុង​កម្មវិធី​នេះ ពួកគេ នឹង​ទទួលបាន​ត្រឡប់មកវិញ ជា​បទពិសោធ​នៃ​ការធ្វើការងារ​ជា​ក្រុម និង​ជាមួយ​សហគមន៍​, ចំណេះដឹង​អំពី SDGs, ជំនាញ​ក្នុង​ការរៀបចំ​សិក្ខាសាលា និង​វេទិកា​នានា​, វិធីសាស្ត្រ​ក្នុងការ​ធ្វើការ និង​ទំនាក់ទំនង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​រដ្ឋាភិបាល​, ការកសាង​ភាពជា​អ្នកដឹកនាំ​, និង​ជាពិសេស​ការចូលរួម​ក្នុង​ការកសាង​សង្គម​មួយ​ដែល​ពួកគេ​ចង់បាន​។

លោកបាន​បន្ថែមថា​៖ «​ការចូលរួម​របស់​យុវជន មាន​សារៈសំខាន់​ណាស់​ចំពោះ​ការធ្វើឱ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយសារតែ​យុវជន​មាន​ទាំង​ពេលវេលា សមត្ថភាព និង​សក្ដានុពល ដែល​អាច​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ និងសេចក្ដីសម្រេច​ចិត្ត​នានា​។ យុវជន ជា​ពលរដ្ឋ​ក្នុងសង្គម ដែល​ពួកគេ​មាន​តួនាទី​តាមដាន និង​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គមជាតិ​របស់​ពួកគេ​»៕